ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រទេសសឹង្ហបុរី នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)​ នៅឆ្នាំ២០១៨
ប្រទេសសឹង្ហបុរី នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)​ នៅឆ្នាំ២០១៨
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/19/2017 6:13:20 AM )

ហ្វីលីពីនៈ សមេ្តច​អគ្គ​​ម​ហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា បានដឹក​នាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់សភាកម្ពុជា ចូល​រួមក្នុងពិធី​បិទ​ម​ហា​សន្និបាត​​​អន្តរ​សភា​អាស៊ាន​(AIPA)​លើកទី​​៣៨ នៅ​ទីក្រុង​ម៉ានីល សាធារណ​រដ្ឋហ្វី​លី​ពីន នៅរសៀលថ្ងៃទី១៩ ខែ​​កញ្ញា ឆ្នាំ​២០១៧។ នៅ​ឆ្នាំ​២០១៨​ មហា​សន្និបាតលើកទី៣៩ នឹងប្រារព្ធធ្វើនៅក្នុងប្រទេស​សឹង្ហបុរីវិញម្តង។​

ពិធីបិទមហាសន្និបាតលើកទី៣៨ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម Pantaleon D.Alvarez ប្រធានរដ្ឋសភាប្រទេស ហ្វីលីពីន ឯកឧត្តម Aquilino Pimentel III ប្រធានព្រឹទ្ធសភា និងជាប្រធានអាយ​ប៉ា​លើក​ទី​​៣៨​ និង ឯកឧត្តម Rodrio R.duterte ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន។ នៅក្នុងពិធីនេះ ឯកឧត្តមប្រធានអាយ​ប៉ាលើក​ទី​៣៨ បានប្រគល់តួនាទីដល់សភាប្រទេសសឹង្ហបុរីជា ប្រធានអាយប៉ា ដោយមាន ឯកឧត្តមអនុប្រធាន​រដ្ឋសភាសឹង្ហបុរី ជាតំណាង។

ឯកឧត្តម Pantaleon D.Alvarez បានថ្លែងអំណរគុណ​ចំពោះការចូលរួមរបស់សមាជិក​អាយ​ប៉ា អគ្គលេខាធិការអាយប៉ា និងគណៈប្រតិភូ អ្នកសង្កេតការណ៍​ទាំងអស់​ដែលបាន​ចូលរួម ​និងរៀបចំមហាសន្និបាតលើកទី៣៨នេះ ឲ្យទទួលបានជោគជ័យ។ ជោគជ័យ​របស់​មហា​សន្និ​បាត​​​លើកទី៣៨​ បានផ្តល់ឱកាសដល់គ្រួសារអាយប៉ាពិភាក្សាគ្នា ក្នុងការដោះ​ស្រាយ​បញ្ហា​​រួម​របស់អាស៊ាន តាមរយៈការសម្រេចបាននូវសេចក្តីសម្រេច ជាច្រើននៅ​ក្នុង​ម​ហាស​ន្និ​បាត​នេះ​ ។ ឯកឧត្តមបានលើកឡើងថា ៤០ឆ្នាំមក​ហើយដែលអាយប៉ាបានសាមគ្គីផ្លាស់ប្តូរ និងចែករំលែកគ្នានៅក្នុង សហគមន៍តែមួយដូចជាពេលនេះ។

ឯកឧត្តម Pantaleon D.Alvarez សង្ឃឹមថា អាយប៉ានឹងបំពេញបេសកកម្មដ៏ឧត្តុង​ឧត្ត​ម​របស់ខ្លួន​បន្តទៀតនៅក្នុងមហាសន្និបាតលើកទី៣៩ ដែលប្រទេសសឹង្ហបុរីទទួលធ្វើជាម្ចាស់​ផ្ទះ​បន្ត​​ពី​ហ្វីលីពីន​​នៅឆ្នាំ២០១៨។

ឯកឧត្តម Rodrio R.duterte ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានលើកឡើង​ថា មហាសន្និបាតលើកទី៣៨នៅពេលនេះ បានប្រារព្ធ ធ្វើឡើងចំពេលដែលអាស៊ាន​បានឈាន​ដល់​ខួប​៥០ឆ្នាំ ហើយអាយប៉ាបានឈានដល់ខួបទី៤០ឆ្នាំ។ ប្រទេសហ្វីលីពីនមាន​កិត្តិយស​ដែលបានធ្វើជា ម្ចាស់ផ្ទះ ទាំងអាស៊ាន និងអាយប៉ា នៅ​ក្នុងឆ្នាំ២០១៧។

ឯកឧត្តមប្រធានាធិបតីប្រទេសហ្វីលីពីនបានបន្តថា ជាង៣០ឆ្នាំមកនេះ អាស៊ានបានធ្វើការ​ច្រើន​ណាស់ ​ដើម្បីការអភិវឌ្ឍ​របស់សហគមន៍។ ប្រធានបទដែលអាយប៉ាលើកឡើងនៅក្នុង​មហាសន្និ​បាតលើកទី៣៨ ស្តីពី “អាយប៉ា និងអាស៊ាន គឺ​ជា​ដៃគូ​ដើម្បីការផ្លា​ស់ប្តូរ​ប្រកប​ដោយ​បរិយា​ប័ន្ន“ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រឹងកិច្ចសហ​ប្រតិបត្តិការ​រួមគ្នា​របស់​អា​ស៊ាន​។ ចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ តាមរយៈការ ផ្សះផ្សា និងធ្វើសមា​ហរណ​កម្ម​ឲ្យកាន់​តែ​ទូលំទូលាយ ដើម្បីការអភិវឌ្ឍយូរអង្វែងរបស់អាស៊ាន ​ក្នុង​ការកាត់​បន្ថយ​គម្លាត​របស់​អាស៊ាន គឺជាការងារធំមួយ ដែលអាស៊ាន និងអាយប៉ារួមគ្នាលើផ្លូវវែងឆ្ងាយមួយ។

បន្ទាប់ពីបានទទួលញញួរ និងទុងអាយប៉ា ដើម្បីធ្វើជាប្រធានអាយប៉ាបន្តពីហ្វីលីពីន ឯកឧត្តម Lim BIOW CHUN អនុប្រធានរដ្ឋសភាប្រទេស សឹង្ហបុរី តំណាងស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេសនេះ បានប្តេជ្ញាថានិងបន្តបេសកកម្មពីប្រទេសហ្វីលីពីនឲ្យទទួលបានជោគជ័យ ក្នុង​ចក្ខុវិស័យរបស់ អាស៊ាន។ ឯកឧត្តម Lim BIOW CHUN បានគោរពអញ្ជើញ​សមាជិក​អាយប៉ាទាំងអស់ទៅចូលរួម​មហាសន្និបាតលើកទី៣៩ ដែលប្រទេសសឹង្ហ​បុរី ទទួល​ធ្វើ​ជាម្ចាស់ផ្ទះ​ក្នុងឆ្នាំ២០១៨។

សូមជម្រាបថា អន្តរសភាអាស៊ាន​ដែលហៅកាត់ថាអាយប៉ា(AIPA) ជាអង្គ​ការ​ស្ថាប័ននីតិប្បញ្ញត្តិ​បង្កើត​ឡើង​ដោយ​សភា​​​បណ្តា​​​ប្រ​ទេស​ជា​សមាជិក​សមាគម​ប្រជា​ជាតិអាស៊ី​អា​គ្នេយ៍​(ASEAN) ដែលមានប្រទេសប្រ៊ុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ា​ឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh