ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញនានារបស់អាយប៉ា នៅថ្ងៃទី១៧កញ្ញានេះ
ប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញនានារបស់អាយប៉ា នៅថ្ងៃទី១៧កញ្ញានេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/17/2017 3:54:35 AM )

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី៣ នៃមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៨ ដែលសភាប្រទេសហ្វីលីពីន ទទួលធ្វើជាម្ចាស់ ផ្ទះនៅក្នុងទីក្រុងម៉ានីល។ ក្នុងថ្ងៃនេះ សមាជិកគណៈប្រតិភូសភាកម្ពុជា បានចូលរួមកិច្ចប្រជុំនានារបស់គណៈកម្មាធិការជំនាញអាយប៉ាជា​មួយប្រតិភូ សភាប្រទេសសមាជិកអន្តរសភាអាស៊ានទំាង១០ ដើម្បីពិភាក្សាសេចក្តីព្រាងសេចក្តីសម្រេចនានា តាមគណៈកម្មាធិការជំនាញ។

នៅក្នុងនោះមានប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច និងគណៈកម្មាធិការរៀបចំ​។

កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច ចំពោះកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច ប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំនេះមាន ឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា

កិច្ចប្រជុំគណៈកម្មាធិការនេះ បានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន០៤ មានទី១.សេចក្ដីព្រាងស្ដីពីការគាំទ្រ និងការអនុវត្តនូវកម្មវិធី សេដ្ឋកិច្ចនៅក្នុងអាស៊ាន។ ២.សេចក្ដីព្រាងសម្រេចស្តីពីការអភិវឌ្ឍនូវគោលនយោបាយ​ និងយុទ្ធសាស្រ្តក្នុងការលើកឡើងពីបញ្ហាសុវត្ថិភាពស្បៀងនៅ ក្នុងតំបន់។ ទី៣.សេចក្ដីព្រាងសេចក្តីសម្រេចស្ដីពីការលើកស្ទួយ ការបញ្ចូល និងការលូតលាស់ ដឹកនាំដោយភាពច្នៃប្រឌិតសម្រាប់សេដ្ឋកិច្ចសហគមន៍ អាស៊ាន AEC និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរួមគ្នារបស់សហគមន៍អាស៊ាន។

កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច សមាសភាពសមាជិកគណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច មាន លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាប្រធាន និងមានសមាជិកចូលរួមមាន លោកជំទាវ បាន ស្រីមុំ លោកជំទាវ មូរ សុខហួរ

កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច បានប្រជុំពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួនបី ទី១.សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការអនុម័តនូវ របាយការណ៍នៃកិច្ចប្រជុំ AIFOCOM លើកទី១៣ និងទី២ សេចក្ដីព្រាងសេចក្តីសម្រេច ស្ដីពីលក្ខន្តិកៈ និងការពង្រៀងរបស់ក្រុមប្រឹក្សា ជំនួយការAIPA ទៅលើឱសថដែលមានគ្រោះថ្នាក់ និងទី៣ គឺសេចក្ដីព្រាងសេចក្តីសម្រេច ស្ដីពីបណ្តាញការងារជាមួយអង្គការសង្គមស៊ីវិល សម្រាប់បណ្ដាប្រទេស សមាជិកអាយប៉ា។

កិច្ចប្រជុំគណៈកម្មាធិការរៀបចំសមាសភាពគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនេះមាន ឯកឧត្តម ឈិត គឹមយាត អនុប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ជាប្រធាន និងមានសមាជិកដូចជា ឯកឧត្តម ហ៊ូ ស្រីុ និង ឯកឧត្តម សុន ឆ័យ​។

កិច្ចប្រជុំគណៈកម្មាធិការរៀបចំរបស់អាយប៉ា បានពិភាក្សាលើរបៀបវារៈចំនួន១៥ដែលមានដូចជា ទី១.សេចក្ដីព្រាងសេចក្តីសម្រេចស្ដីពីការកែប្រែនូវ សភានៃអន្តរសភាអាស៊ាន។ ២.សេចក្ដីព្រាងសេចក្តីសម្រេចស្ដីពីការធ្វើវិសោធនកម្មនូវធម្មនុញ្ញរបស់អាយប៉ា។ ៣.សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការ បង្កើតប្លង់សម្រាប់ការទំនាក់ទំនងរបស់អាយប៉ា។ ៤.សេចក្ដីព្រាង​សេចក្តីសម្រេច ស្តី​ពីការបោះពុម្ពនូវសៀវភៅរំលឹកក្រោមចំណងជើងថា “៤០ឆ្នាំនៃ អាយប៉ា” និងការដឹងគុណដល់ប្រធានសភាហ្វីលីពីន​ ដែលកំពុងចងក្រងបោះពុម្ព និងផ្សព្វផ្សាយជាដើម។

សូមជម្រាបថា ​មហាសន្និបាតលើកទី៣៨ ដែលប្រារព្ធធ្វើនៅប្រទេសហ្វីលីពីននេះ ក្រោមប្រធានបទ “អាយប៉ា និងអាស៊ាន គឺជាដៃគូដើម្បីការផ្លាស់ប្តូរ ប្រកបដោយបរិយាប័ន្ន“ ដោយប្រារព្ធធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹក​នាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតនេះ។ សម្តេចបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា និងបានអញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភា ប្រទេសហ្វីលីពីន និងជាប្រធានអាយប៉ាលើកទី៣៨ និងចូលរួមពិធីបើកមហាសន្និបាត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ព្រមទំាងបានថ្លែងបទអន្តរាគមន៍ ទៅកាន់មហាសន្និបាត នៅរសៀលថ្ងៃទី១៦ ខែកញ្ញានោះដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh