ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ជំរុញឲ្យអាជ្ញាធរខេត្តកំពតធ្វើយ៉ាងណាឲ្យអំណាចតុលាការមានភាពឯករាជ្យ ធានារក្សានូវភាពមិនលម្អៀង និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ជំរុញឲ្យអាជ្ញាធរខេត្តកំពតធ្វើយ៉ាងណាឲ្យអំណាចតុលាការមានភាពឯករាជ្យ ធានារក្សានូវភាពមិនលម្អៀង និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/14/2017 9:25:00 PM )

បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តព្រះសីហនុ​រួចមក នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ បានអញ្ជើញបន្តដំណើរទៅកាន់ខេត្តកំពត ដើម្បីស្វែងយល់ពីការអភិវឌ្ឍរបស់ខេត្ត ក៏ដូចជាក្នុងការដោះស្រាយបញ្ហាទុក្ខលំបាក ពាក្យបណ្តឹង និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។

នៅក្នុងកិច្ចសវនាការនៅឯសាលាខេត្តជាមួយ ឯកឧត្តម ជឹង ផល្លា អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តម ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពត និងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធនានា ឯកឧត្តមបណ្ឌិតបានជំរុញឲ្យអាជ្ញាធរខេត្ត ខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឲ្យអំណាចតុលាការជាអំ​ណាច​ឯករាជ្យ ធានារក្សានូវភាពមិនលម្អៀង និង ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។ ជាមួយនេះឯកឧត្តមប្រធានគណៈកម្មការ ក៏បានលើកជាសំណូមពរថា រាល់បញ្ហា ទំនាស់ដែលកើតមាន សូមឲ្យមានការដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់ដែលមានជាធរមានក្នុងន័យធ្វើយ៉ាងណាឲ្យមានភាពសុខដុមរមនា នឹងគ្នា។

ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ក៏បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំរដ្ឋសភាជូនចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងខេត្តកំពត និងជម្រាបជូនពីគោលបំណង នៃបេសកកម្មរបស់គណៈកម្មការមកកាន់ខេត្តកំពតផងដែរ។

ឯកឧត្តម ជឹង ផល្លា អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកំពត បានធ្វើសេចក្តីរាយការណ៍ពីស្ថានភាពភូមិសាស្ត្រ និងសមិទ្ធិផលទាំងឡាយ ដែលខេត្តសម្រេចបាន មានទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ការបម្រើសេវាសាធារណៈ វិស័យទេសចរណ៍ ដឹកជញ្ជូន ឧស្សាហកម្ម កសិកម្ម សហគមន៍នេសាទ ដំណាំកសិឧស្សាហកម្ម និងផលពីវិស័យសមុទ្រ ដែលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ អាជ្ញាធរខេត្តបានអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញជា ទិសដៅភារកិច្ច និងវិធានការសមស្របឆ្លើយតបបានទាន់ពេលវេលានូវរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។

ដោយឡែកវិស័យតុលាការវិញ ឯកឧត្តម ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពត បានលើកឡើងពីវឌ្ឍនភាពយុត្តិធម៌មូលដ្ឋាន ដោយអនុវត្ត តាមការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ជាពិសេស ការពង្រឹង ការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការងារគ្រប់គ្រង និងចាត់ចែងកិច្ចការ រដ្ឋបាល ពិនិត្យលើសំណុំឯកសារ ដីកា និងសេចក្តីសម្រេច ត្រួតពិនិត្យលើការគ្រប់គ្រង និងបំពេញតួនាទីភារកិច្ចរបស់មន្ត្រីរាជការ ដើម្បីពិនិត្យទៅលើ ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានាប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនិងនេះ មន្រ្តីយុត្តិធម៌បានធ្វើការងារដោយអនុវត្តយកច្បាប់ជាគោល ក្នុងការដោះស្រាយវិវាទ ទោះបីជាក្នុងប្រព័ន្ធតុលាការ ឬក្រៅប្រព័ន្ធតុលាការក្ដី និងធ្វើឱ្យមានសុក្រឹតភាពរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានថ្លែងការកោតសរសើរ ចំពោះសមិទ្ធផលការងារដែលខេត្តសម្រេចបាន ក្នុងការធ្វើទំនើបកម្មក្របខណ្ឌច្បាប់ ការបង្កើន ការយល់ដឹង និងលើកកម្ពស់ការអនុវត្តច្បាប់ ការកែទម្រង់ប្រព័ន្ធតុលាការ និងការពង្រឹងលើកកម្ពស់យន្តការនៃការដោះស្រាយនូវរាល់បញ្ហានានាដែល កើតមាន។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បន្ថែមថា ស្ថិតក្នុងបរិបទសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្ម កម្ពុជាទៅក្នុងសហគមន៍ សេដ្ឋកិច្ចអាស៊ាន រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តន៍យុទ្ធសាស្ត្រចតុកោណ និងដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ស្ថិរភាព សន្តិសុខសង្គម និងលើកកម្ពស់គុណភាពសេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh