ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចករណី ឯកឧត្តម កឹម សុខា ទៅសម័យប្រជុំរដ្ឋសភាសម្រេច
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចករណី ឯកឧត្តម កឹម សុខា ទៅសម័យប្រជុំរដ្ឋសភាសម្រេច
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/6/2017 11:17:35 PM )

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រ​ធាន​រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែ​កញ្ញា ឆ្នាំ​២​០១​៧ បានដឹកនាំ​កិច្ច​​ប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចករណី ឯកឧត្តម កឹម សុខា សមាជិករដ្ឋសភា ដែលត្រូវសមត្ថកិច្ចជាប់ខ្លួន កាលពីរាត្រីថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នោះ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាពេលនេះ បានធ្វើឡើងក្រោយ​ពីរដ្ឋស​ភា​ទទួល​បានរបាយការណ៍ពីសមត្ថកិច្ច និងតុលាការក្នុងករណីនេះ។ បន្ទាប់ពីបានប្រជុំពិភាក្សាតាមនីតិវិធី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសន្និដ្ឋានលើ​របាយការណ៍ ជូន​រដ្ឋស​ភារបស់សមត្ថកិច្ចពាក់ព័ន្ធនឹងករណី ចាប់ខ្លួន ចោទប្រកាន់ ឃាត់ខ្លួន ​និងឃុំខ្លួន ឯកឧត្តម កឹម​ សុខា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ធ្វើបានត្រឹមត្រូវតាមបទប្បញ្ញត្តិនៃមាត្រា៨០ នៃ រដ្ឋធម្មនុញ្ញ និងបទប្បញ្ញត្តិច្បាប់ដ៏ទៃទៀតដែលពាក់ព័ន្ធ។ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេច​ដាក់ករណី ឯកឧត្តម កឹម សុខា ខាងលើ នេះ ជូនសម័យប្រជុំ​វិសាមញ្ញ​នៃរដ្ឋស​ភា ស​ម្រេចទៅតាមបទប្បញ្ញត្តិនៃមាត្រា៨០នៃរដ្ឋធម្មនុញ្ញ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានសម្រេចប្រជុំ​រដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០នាទី ដើម្បីសម្រេចករណី ឯកឧត្តម កឹម សុខា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នេះបន្តទៀត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

សន្និសីទសារព័ត៌មាន ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh