ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ចិន ថា ចិន-កម្ពុជា ជាមិត្តជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ
ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ចិន ថា ចិន-កម្ពុជា ជាមិត្តជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/6/2017 11:03:56 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានទទួលជួបសវនាការ ជាមួយ ឯកឧត្តម ហ្វាង ចែរ៉ុយ (Wang Jiarui) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ខណៈឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ បានលើកឡើងពីចំណងមិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជា និង ចិន ដែលមានតំាងពីយូរណាស់មកហើយនោះ គឺបានឈានដល់ខួបទី៦០ឆ្នាំ នៅក្នុងឆ្នាំ២០១៨ខាងមុខនេះ។ នៅពេលបច្ចុប្បន្ននេះ ចំណងមិត្តភាព ប្រទេសទំាងពីរ បានឈានដល់កម្រិតមួយទៀត ដែលមិនធ្លាប់មានពីមុនមក គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេ​សទាំងពីរ មានមោទនភាពរីករាយ​ ក្នុងការ​ចូលរួម​បន្ត ពូនជ្រុំលើកកម្ពស់​ទំនាក់ទំនងជា​ប្រវត្តិសា​ស្រ្ត ​ដែល​បានកសាងឡើងដោយអតីត ព្រះមហាវីរៈ​ក្សត្រ ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ និង​អតីត​​ប្រមុខដឹកនាំ​កំពូលចិន ដែលមាន លោកនាយករដ្ឋមន្រ្តី ជូ អេង​ឡាយ និង លោកប្រធាន ម៉ៅ សេទុង

ឯកឧត្តម ហ្វាង ចែរ៉ុយ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងចិន តែងតែបានជួយគំាទ្រគ្នាទៅវិញ ទៅមកនៅគ្រប់កាលៈទេសៈ នៅពេលប្រទេសណាមួយមានឧបសគ្គនោះ។ ឯកឧត្តមប្រធានគណៈប្រតិភូបានកោតសរសើរចំពោះការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា មានកំណើនថេរ ហើយជីវភាពពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍជាលំដាប់។

ប្រទេសចិនក៏បានគំាទ្រដល់ប្រទេសកម្ពុជា នៅក្នុងការថែរក្សាស្ថិរភាព សន្តិភាព ដែលមាននាពេលបច្ចុប្បន្ននេះផងដែរ។ ឯកឧត្តម ហ្វាង ចែរ៉ុយ បាន គោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន តាមពេលសមស្របណាមួយ នាពេលខាងមុខនេះ។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចចក្រីបានសម្តែងការពេញចិត្តចំពោះសមិទ្ធផល ដែល​កើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិ​បាលប្រទេសកម្ពុជា-ចិន ដែលបាននាំមកនូវវឌ្ឍនភាពសម្រាប់ប្រជាជាតិទំាង​ពីរ ពិសេសបានរួមចំណែកយ៉ាង សំខាន់ ក្នុងការជួយអភិវឌ្ឍន៍​កម្ពុជាលើគ្រប់វិស័យ។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការនៃ​​ស្ថាប័ននីតិប្បញ្ញ​ត្តិ ​នៃប្រទេសកម្ពុជា-ចិន ថាបាននឹងកំពុងមាន សកម្មភាពយ៉ាងសកម្ម ក្នុង​ការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍ និងចំណេះដឹងកិច្ច​ការ​សភា ព្រមទាំង​គាំទ្រ​គ្នាទៅវិញទៅមក លើវេទិកា​​សភា​តំបន់ និង​សកល លោក ។

ឆ្លើយតបការអញ្ជើញសម្តេចពីភាគីចិន សម្តេចប្រធានរដ្ឋសភា បានទទួលយក និងបានសន្យាថា នឹងរកពេលវេលាសមស្របណាមួយ ដើម្បីបំពេញ ទស្សនកិច្ចតាមការអញ្ជើញនេះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh