ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ឯកឧត្តម ឈាង វុន ជំរុញអាជ្ញាធរជំនាញ ចេញប្លង់កម្មសិទ្ធិដីធ្លី ជូនពលរដ្ឋក្នុងសង្កាត់អូរចារ
តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ឯកឧត្តម ឈាង វុន ជំរុញអាជ្ញាធរជំនាញ ចេញប្លង់កម្មសិទ្ធិដីធ្លី ជូនពលរដ្ឋក្នុងសង្កាត់អូរចារ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/4/2017 12:39:59 AM )

ឯកឧត្តម ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការ កិច្ច​ការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានជំរុញដល់អាជ្ញាធរក្រុងបាត់ដំបង ជាពិសេសមន្ទីរជំនាញ គឺមន្ទីរសុរិយោដី និងសំណង់ខេត្ត ធ្វើប្លង់កម្មសិទ្ធិដីធ្លី​ជូនប្រជាពលរដ្ឋចំនួន៣៦គ្រួសារ ក្នុងភូមិអង្គ សង្កាត់អូរចារ ​ក្រុងបាត់​ដំបង ខេត្ត​បាត់ដំបង ឲ្យបានឆាប់។

ការជំរុញដល់អាជ្ញាធរបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមតំណាងរាស្រ្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងសង្កាត់អូរចារ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។ លោក ផល ផូ មេភូមិអង្គ តំណាងឲ្យពលរដ្ឋ បានមានប្រសាសន៍ជម្រាបជូនឯកឧត្តមតំណាងរាស្រ្តថា ប្រជាពលរដ្ឋចំនួន ៣៦គ្រួសារនៅភូមិអង្គនេះ មិនទាន់មានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាប្រការមួយធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភពីកម្មសិទ្ធិរបស់ខ្លួន។ ម្យ៉ាងទៀត ការដែល គ្មានប័ណ្ណកម្មសិទ្ធិលើអចលនទ្រព្យរបស់ខ្លួននេះ បានធ្វើឲ្យពលរដ្ឋពិបាកក្នុងការប្រើប្រាស់នូវអ្វីដែលជាកម្មសិទ្ធិរបស់ខ្លួន ក្នុងការលើកកម្ពស់ជីវភាព ដូចជាការប្រើប្រាស់ប្រាក់កម្ចីឥណទានពីធនាគារជាដើម។

ឯកឧត្តម ឈាង វុន បានសន្យាថានឹងពាំនាំបញ្ហាពលរដ្ឋនេះ ទៅជូនអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយឲ្យបានឆាប់ៗ។ ឯកឧត្តមបានលើកឡើងថា បញ្ហាចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លំាងណាស់ ហើយសម្តេច តែងតែដាស់តឿន ជំរុញដល់អាជ្ញាធរខិតខំផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឲ្យបានឆាប់បំផុត។ ឯកឧត្តមបានលើកឡើងថា សម្តេចនាយករដ្ឋមន្រ្តីបាន យល់យ៉ាងច្បាស់ពីសារៈសំខាន់ចំពោះប័ណ្ណកម្មសិទ្ធិដីធ្លីនេះ។ ប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាផ្នែកសំខាន់ក្នុងការ​ជំរុញការអភិវឌ្ឍជីវភាពរបស់ពលរដ្ឋនោះ។​

ឯកឧត្តមតំណាងរាស្រ្តបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសុខទុក្ខ ការលំបាក​របស់ពលរដ្ឋជាអាទិភាពបំផុត ដែលមន្រ្តីគ្រប់ជាន់ថ្នាក់ ត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា​។ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា មន្រ្តីគឺជាអ្នកបម្រើរាស្រ្ត មិនមែនជាចៅ​ហ្វាយរបស់រាស្រ្តឡើយ។

សូមជម្រាបថា នៅក្នុងដំណើរចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងនាចុងសប្តា​ហ៍នេះ ឯកឧត្តម ឈាង វុន បានចុះដល់ផ្ទះពលរដ្ឋជួប ពលរដ្ឋតាមលំនៅដ្ឋាន ដើម្បីផ្សារភ្ជាប់ពលរដ្ឋ និងតំណាងរាស្រ្ត ក្នុងន័យធ្វើយ៉ាងណាដើម្បីដឹងពីសុខទុក្ខពលរដ្ឋ បានឃើញពីស្ថានភាពរស់នៅរបស់ ពលរដ្ឋដោយផ្ទាល់តែម្តង ក្នុងនាមជាតំណាងរាស្រ្ត ដែលកើតចេញពីការបោះឆ្នោតជ្រើសរើសដោយពលរដ្ឋនោះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh