ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្នុងតួនាទីជាប្រធានសភាតំបន់អាស៊ី សភាកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៅដើមខែតុលាខាងមុខ
ក្នុងតួនាទីជាប្រធានសភាតំបន់អាស៊ី សភាកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៅដើមខែតុលាខាងមុខ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/20/2017 10:13:56 PM )

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។ នេះជាការទទួលរៀបចំកិច្ចប្រជុំចុងក្រោយ នៅក្នុងតួនាទីដែលសភាកម្ពុជា បានទទួលរៀបចំមហាសន្និបាតសភាតំបន់អាស៊ីលើកទី៨ នៅឆ្នាំ២០១៥ និង មហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ នៅក្នុងឆ្នាំ២០១៦។

ដើម្បីត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នេះ ឲ្យទទួលបានជោគជ័យទៀតនោះ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋសភា កម្ពុជាបានបើកកិច្ចប្រជុំពិនិត្យលទ្ធផលដែលបានសម្រេច និងគម្រោងការងារបន្ត មុនថ្ងៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១មកដល់។ កិច្ចប្រជុំត្រៀម នាពេលនេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី

កិច្ចប្រជុំនេះ បានស្តាប់របាយការណ៍សំខាន់ៗមួយចំនួន ដែលក្រុមការងារបានសម្រេច ក្នុងនោះមានការបញ្ជូនលិខិតអញ្ជើញរបស់ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានសភាតំបន់អាស៊ី(APA) ទៅកាន់សភាដែលជាសមាជិករបស់សភាតំបន់អាស៊ី ដើម្បី អញ្ជើញមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា មកដល់ពេលនេះ មាន សភាប្រទេសមួយចំនួនបានឆ្លើយតបហើយថា នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នេះ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានផ្តាំផ្ញើដល់សមាជិកគណៈកម្មការរៀបចំកិច្ចប្រជុំ មន្រ្តីជំនាញទាំងអស់ត្រូវខិតខំបំពេញតួនាទី ភារកិច្ច ដែលបាន បែងចែកឲ្យបានល្អ។ ឯកឧត្តមមានសង្ឃឹមថា ដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នេះ នឹងប្រព្រឹត្តទៅបានដោយរលូន ត្បិតអីសភាកម្ពុជា បានទទួលរៀបចំដោយជោគជ័យនូវមហាសន្និបាតលើកទី៨ និងលើកទី៩ កន្លងមករួចហើយ។

សូមជម្រាបថា សភាតំបន់អាស៊ី គឺជាវេទិកាធំមួយ ដែលប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីជាសំឡេងតែមួយ ក្នុងការជំរុញសន្តិភាព និងការអភិវឌ្ឍដោយ ចីរភាព នៅក្នុងតំបន់ និងពិភពលោក។ ស្ថាប័នមួយនេះ បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយមានឈ្មោះដើមថា សមាគមសភាអាស៊ី ដើម្បីសន្តិភាព ហៅកាត់ថា(AAPP)។ (AAPP)បានប្តូរមកជា(APA) ដែលមានឈ្មោះពេញថា Asian Parliamentary Assembly ឬសភាតំបន់អាស៊ី នៅឆ្នាំ២០០៦។ សភាតំបន់អាស៊ីបច្ចុប្បន្នមានសមាជិក៤២ប្រទេស។

សភាកម្ពុជានឹងបញ្ចប់តួនាទីជាប្រធានសភាតំបន់អាស៊ីនេះនៅចុងឆ្នាំ២០១៧នេះ។ ហើយប្រទេសដែលទទួលធ្វើជាប្រធានសភាតំបន់អាស៊ីបន្តពីកម្ពុជា គឺប្រទេសតួគី៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh