ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាទទួលយកសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត មកពិនិត្យសិក្សា
រដ្ឋសភាទទួលយកសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត មកពិនិត្យសិក្សា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/20/2017 9:16:59 PM )

សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត ដែលស្នើឡើងដោយតំណាងរាស្រ្តសំឡេងភាគតិចនៅក្នុងរដ្ឋសភា ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្រេចប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ។

ការសម្រេចនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

ក្រៅពីបានសម្រេចទទួលយកសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត មកពិនិត្យ និងសិក្សា រដ្ឋសភាបាន ទទួលយកសេចក្តីព្រាងច្បាប់ពីរទៀត ដែលស្នើឡើងដោយរាជរដ្ឋាភិបាល មកពិនិត្យ និងសិក្សាផងដែរ។ ក្នុងនោះគឺអង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និង សាធារណរដ្ឋប្រជាមានិតចិន ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ និងសិក្សា ដោយសហការជាមួយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាវិញ។

អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រ តក្តកម្មវិញ្ញាបនបត្រម៉ូដែល មានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ ជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh