ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ខេត្តប៊ិញភៀក ប្រទេសវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ខេត្តស្វាយរៀង និងខេត្តសៀមរាបរបស់កម្ពុជា
ខេត្តប៊ិញភៀក ប្រទេសវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ខេត្តស្វាយរៀង និងខេត្តសៀមរាបរបស់កម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/17/2017 6:22:39 PM )

គណៈប្រតិភូខេត្តប៊ិញភៀក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម HUYNH THANH CANH អភិបាលខេត្តប៊ិញភៀក និងជា សមាជិកសភាខេត្តប៊ិញភៀក បានកំពុងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយខេត្តចំនួនពីររបស់ប្រទេសកម្ពុជា គឺខេត្តស្វាយរៀង និងខេត្តសៀមរាប ហើយនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ គណៈប្រតិភូបានចូលជួប ពិភាក្សាការងារជាមួយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា

ក្នុងជំនួបនេះ ឯកឧត្តម HUYNH THANH CANH បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានស្នើសុំរដ្ឋសភាកម្ពុជាជួយគំាទ្រ ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តប៊ិញភៀក និងខេត្តស្វាយរៀង ខេត្តសៀមរាប ឲ្យដំណើរការបានល្អប្រសើរ ដើម្បីបម្រើផលប្រយោជន៍ប្រជាជននៅក្នុងខេត្តទំាងបី។

ឯកឧត្តមបានមានប្រសាសន៍ឲ្យដឹងថា ខេត្តប៊ិញភៀកគឺជាខេត្តមួយរបស់ប្រទេសវៀតណាម ស្ថិតនៅភាគកណ្តាលប្រទេស មានចម្ងាយ២០០គីឡូម៉ែត្រ ពីទីក្រុងហូជីមិញ មានឆ្នេរសមុទ្រប្រវែង ១៩២គីឡូម៉ែត្រ។ ខេត្តនេះជាខេត្តមួយ ដែលជាប់សមុទ្រវែងជាងគេរបស់ប្រទេសវៀតណាម។ ខេត្តមាន សក្តានុពលសេដ្ឋកិច្ចបីជាសំខាន់ ទី១គឺវិស័យទេសចរណ៍ ទី២ ឧស្សហកម្ម និងទី៣ គឺការនេសាទ ។

ឯកឧត្តម ឈាង វុន បានសម្តែងការគំាទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងខេត្តទំាងបីនៃប្រទេសកម្ពុជា និងវៀតណាម។ ជាមួយគ្នានេះ ឯកឧត្តមក៏បាន លើកឡើងពីរបបដឹកនាំប្រទេសកម្ពុជា តួនាទីស្ថាប័នកំពូលៗ ជម្រាបជូនគណៈប្រតិភូផងដែរ។

ឯកឧត្តមប្រធានគណៈកម្មការ បានលើកឡើងថា សមាជិករដ្ឋសភាកម្ពុជានាពេលបច្ចុប្បន្ននេះ មានពីរគណបក្ស គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ។ រដ្ឋសភាមានគណៈកម្មការជំនាញនានាចំនួន១០។ រដ្ឋសភាកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា បានបំពេញតួនាទីនៅលើឆាកអន្តរជាតិយ៉ាងសកម្ម តាមរយៈជាសមាជិក និងស្ថាបនិកវេទិកាសភាសំខាន់ៗក្នុងតំបន់ និង ពិភពលោក ដូចជាវេទិកាសភា(IPU) សភាតំបន់អាស៊ី(APA) និងអន្តរសភាអាស៊ាន(AIPA) ជាដើម។

សូមជម្រាបថា គណៈប្រតិភូខេត្តប៊ិញភៀក ត្រូវចុះបំពេញទស្សនកិច្ចនៅតាមខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា នៅក្នុងដំណើរទស្សនកិច្ចនាពេលនេះ មានខេត្តស្វាយរៀង សៀមរាប ជាដើម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh