ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » និស្សិតមកពីខេត្តបាត់ដំបងធ្វើទស្សនកិច្ចសិក្សាវិមានរដ្ឋសភា ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ច ស្ថាប័នកំពូលនេះ
និស្សិតមកពីខេត្តបាត់ដំបងធ្វើទស្សនកិច្ចសិក្សាវិមានរដ្ឋសភា ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ច ស្ថាប័នកំពូលនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/17/2017 7:13:24 AM )

មាននិស្សិតចំនួន២៥នាក់ មកពីមហាវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលមានទីតំាងនៅ​ខេត្តបាត់ដំបង បានធ្វើដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ អំពីស្ថាប័ននីតិប្បញ្ញត្តិ នៅវិមានរដ្ឋសភា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។

ឯកឧត្តម អេង ឆៃអ៊ាង សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ឯកឧត្តម សុខ ឥសាន សមាជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការ ព្រមទំាង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចនេះ និងបានធ្វើបទបង្ហាញពីតួនាទីភារកិច្ចរបស់ រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា យ៉ាងលម្អិតដល់ក្រុមនិស្សិត។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ថា រដ្ឋសភាជាស្ថាប័នកំពូល ដែលមានសមាជិកចំនួន ១២៣រូប នាពេលបច្ចុប្បន្ននេះ។ រដ្ឋសភា កើតចេញពីការបោះឆ្នោតជាសកល នៅរៀងរាល់៥ឆ្នាំម្តង​ ហើយស្ថាប័នកំពូលនេះ មានតួនាទីបីជាសំខាន់ គឺភាពជាតំណាងប្រជាពលរដ្ឋ ការងារ នីតិកម្មដែលត្រូវតាក់តែងច្បាប់ ពិនិត្យ ពិភាក្សា និងអនុម័តច្បាប់ និងការឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។

ចំណែក ឯកឧត្តម សុខ ឥសាន បានលើកឡើងថា នៅក្រោយថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជា​បានរៀបចំគោលការណ៍ច្បាប់ ដើម្បីឲ្យមាន ការគោរពសិទ្ធិមនុស្សឡើងវិញ បន្ទាប់ពីរបបអាវខ្មៅដែលដកហូតសិទ្ធិទំាងអស់ពីពលរដ្ឋ។ របបប៉ុលពតនេះ បានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ បំផ្លិច បំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គមស្ទើគ្មានសល់។ ឯកឧត្តមបានគូសបញ្ជាក់ថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាកំណើតទី២របស់ពលរដ្ឋ បើគ្មានថ្ងៃ៧មករា គឺគ្មានថ្ងៃនេះទេ។

ឯកឧត្តម អេង ឆៃអ៊ាង បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាបានប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានព្រះមហាក្សត្រ គ្រប់គ្រងប្រទេស តែទ្រង់មិនកាន់អំណាច។ កម្ពុជាមានអំណាចស្ថាប័នកំពូលបី ចែកដាច់ពីគ្នា គឺអំណាចស្ថាប័ននីតិប្បញ្ញត្តិ ដែលមានរដ្ឋសភា ព្រឹទ្ធសភា អំណាចស្ថាប័ននីតិប្រតិបត្តិ និងអំណាចតុលាការ ។

ឯកឧត្តមប្រធានគណៈកម្មការបានមានប្រសាសន៍បន្តថា រដ្ឋសភាគឺជាស្ថាប័នដែលមានតួនាទីអនុម័តកិច្ចការសំខាន់ៗរបស់ជាតិ ដូចជាច្បាប់ថវិកាជាតិ ប្រចាំឆ្នាំជាដើម។

ក្រុមនិស្សិតបានសម្តែងក្តីសប្បាយរីករាយ ដែលបានមកសិក្សា ស្វែងយល់ពីតួនាទី ភារកិច្ច របស់រដ្ឋសភា ដោយផ្ទាល់នៅវិមានរដ្ឋសភា។ និស្សិតបាន ចាត់ទុកថា នេះជាឱកាសពិសេសមួយ ដែលពួកគេទទួលបានចំណេះដឹងដ៏សំខាន់ និងបានឃើញដោយផ្ទាល់ពីកន្លែងធ្វើការរបស់តំណាងរាស្រ្ត។

សូមជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រុមនិស្សិតបានអនុញ្ញាតឲ្យចូលទស្សនាកន្លែងសំខាន់ៗនៅក្នុងវិមានរដ្ឋសភា ដូចជាសាលប្រជុំពេញអង្គ រដ្ឋសភាផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh