ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » គណៈកម្មការជំនាញរដ្ឋសភាជំរុញអាជ្ញាធរខេត្តប៉ៃលិន យកចិត្តទុកដាក់ពលរដ្ឋក្រីក្រ និងមន្រ្តីចូលនិវត្តន៍
គណៈកម្មការជំនាញរដ្ឋសភាជំរុញអាជ្ញាធរខេត្តប៉ៃលិន យកចិត្តទុកដាក់ពលរដ្ឋក្រីក្រ និងមន្រ្តីចូលនិវត្តន៍
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/15/2017 6:10:43 PM )

ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានជំរុញ ថ្នាក់ដឹកនាំខេត្តប៉ៃលិន និងអាជ្ញាធរពាក់ព័ន្ធផ្តល់សេវាសុខាភិបាល ឲ្យបានកាន់តែល្អប្រសើរជូនពលរដ្ឋក្រីក្រ ពិសេសត្រូវត្រួតពិនិត្យការគ្រប់គ្រងលើ សេវាសុខាភិបាលឯកជន និងការផ្តល់សេវាសុខាភិបាលដល់ជនក្រីក្រ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានស្នើឲ្យអាជ្ញាធរ ផ្តល់ប្រាក់សោធននិវត្តន៍ដល់ និវត្តន៍ជនឲ្យបានទៀងទាត់ សូមឲ្យលើកកម្ពស់សិទ្ធិជនពិការ ដោះស្រាយបញ្ហាចំណាកស្រុក និងអំពើហិង្សាក្នុងគ្រួសារជាដើម។

លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី នៃរដ្ឋសភា បានដឹកនាំសមាជិកសមាជិកា ចុះបំពេញបេសកកម្មនៅខេត្តប៉ៃលិន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ដើម្បីសិក្សា ស្វែងយល់ ការងារដែលជាការទទួលខុសត្រូវរបស់គណៈកម្មការ។ ការស្នើសុំនិងលើកឡើងខាងលើនេះ នៅពេលប្រតិភូគណៈកម្មការជំនាញនៃរដ្ឋសភា បានជួប ពិភាក្សាការងារជាមួយអាជ្ញាធរខេត្តប៉ៃលិន ដែលដឹកនាំដោយ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន

ឯកឧត្តម កើត សុធា បានជម្រាបជូនគណៈប្រតិភូ អំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិន។ ខេត្តប៉ៃលិន ដែលមានផ្ទៃដីសរុប១០៦២គីឡូម៉ែត្រក្រឡា ពលរដ្ឋបានកំពុងទទួលបានការអភិវឌ្ឍ និងបានប្រកបរបរដំាដុះដំណាំផ្លែឈើជាច្រើនប្រភេទ ដើម្បីលក់ក្នុងទីផ្សារផង និងនាំចេញទៅប្រទេសថៃផង។ ចំពោះវិស័យសុខាភិបាល ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា រដ្ឋបានផ្តល់សេវាសុខាភិបាលយ៉ាងល្អដល់ប្រជាពលរដ្ឋទូទៅ។ ដោយឡែកចំពោះ ពលរដ្ឋក្រីក្រវិញ ទទួលបានសេវាសុខាភិបាលដោយមិនគិតថ្លៃ តាមរយៈមូលនិធិសមធម៌ ដែលជាមូលនិធិបង្កើតឡើងដោយរាជរដ្ឋាភិបាល និងដៃគូ អភិវឌ្ឍន៍។

ឯកឧត្តម កើត សុធា បានឲ្យដឹងថា ចំពោះបញ្ហាប្រឈមក្នុងវិស័យសុខាភិបាលនេះ មានដូចជា ការខ្វះបុគ្គលិក ខ្វះគ្រូពេទ្យជំនាញលើជំងឺមួយចំនួន ខ្វះអគារសុខាភិបាលតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពខ្លះ ដោយសារអគារដែលមានទំហំតូច និងចាស់ៗ។ ជាមួយគ្នានេះ ខេត្តនៅមានការខ្វះខាត ឧបករណ៍ សម្ភារៈ វិជ្ជសាស្រ្ត ផងដែរ។

ចំពោះវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់វិញ ជាពិសេសការដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃនោះ អាជ្ញាធរ ខេត្តបានយកចិត្តទុកដាក់ជាខ្លំាង។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា អាជ្ញាធរបានខិតខំអនុវត្តគោលការណ៍ភូមិ ឃុំសុវត្ថិភាព យ៉ាងខ្ជាប់ខ្ជួន ក្នុងនោះ បានផ្សព្វផ្សាយដល់ពលរដ្ឋ ឲ្យធ្វើចំណាកស្រុកដោយស្របច្បាប់ មានប្រភពទាក់ទង ពេលមានបញ្ហានៅប្រទេសគេ ដើម្បីអាជ្ញាធរជួយ អន្តរាគមន៍ទាន់ពេលវេលា។

លោកជំទាវ កែ សុវណ្ណរតន៍ បានកោតសរសើរចំពោះការខិតខំដឹកនាំរបស់ ឯកឧត្តមអភិបាលខេត្ត ដែលធ្វើឲ្យទឹកដីជាប់ព្រំដែនប្រទេសថៃមួយនេះ មានការអភិវឌ្ឍជាលំដាប់។ បន្ថែមពីនេះ លោកជំទាវ បានផ្តាំផ្ញើដល់អាជ្ញាធរ ជួយផ្សព្វផ្សាយ និងជំរុញពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោត និងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ ការចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ។

សូមបញ្ជាក់ថា គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នឹងចុះបំពេញបេសកកម្មសិក្សាស្វែងយល់ការងារវិស័យពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការនៅខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិះហារ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅក្នុងពេលដែលរដ្ឋសភាវិស្សមកាលពីសម័យប្រជុំពេញអង្គរដ្ឋសភានេះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន


 

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh