ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » សមាជិករដ្ឋសភា ឯកឧត្តម ឈាង វុន លើកទឹកចិត្តនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសឡាវ ឱ្យខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានដ៏ល្អរបស់ប្រទេសជាតិ
សមាជិករដ្ឋសភា ឯកឧត្តម ឈាង វុន លើកទឹកចិត្តនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសឡាវ ឱ្យខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានដ៏ល្អរបស់ប្រទេសជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/8/2017 7:03:58 PM )

ឆ្លៀតពេលចូលរួមកិច្ចប្រជុំ គណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា ឡាវ និងវៀតណាម ដើម្បីគំាទ្រ និងជំរុញគម្រោងអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍ ត្រីកោណ(CLV) នៅក្នុងប្រទេសឡាវ នារ​សៀល​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងសមាជិកគណៈប្រតិភូសភាកម្ពុជា បានជួប សំណេះសំណាលជាមួយនិស្សិតខ្មែរ ដែលកំពុងសិក្សានៅក្នុងប្រទេសឡាវចំនួន៦១នាក់ ក្នុងសណ្ឋាគារដួងច័ន្ទផាលេស(Don Chan Palace) នាទីក្រុង វៀងច័ន្ទ។

ឯកឧត្តម ឈាង វុន បានកោតសរសើរចំពោះការខិតខំរៀនសូត្ររបស់និស្សិតកម្ពុជានៅក្រៅប្រទេសទំាងអស់។ ឯកឧត្តមបានលើកឡើងថា ការសិក្សា ជាមួយនិស្សិតបរទេសបើមិនមានការតស៊ូ ការប្រឹងប្រែងរៀនសូត្រនោះទេគឺរៀនមិនទាន់គេឡើយ។ ឯកឧត្តមមានជំនឿថា និស្សិតកម្ពុជាមានការតស៊ូ ហើយការសិក្សាតែងតែទទួលបានលទ្ធផលល្អ។

ជាមួយគ្នានេះ ឯកឧត្តមតំណាងរាស្រ្ត បានលើកទឹកចិត្តដល់និស្សិតទំាងអស់ ត្រូវព្យា​យា​ម​ក្នុងការរៀនសូត្រ ដើម្បីពាំនាំចំណេះដឹងយកទៅកសាង អភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាមានសន្តិភាពហើយកិត្យានុភាពកម្ពុជាស្មើមុខស្មើមាត់ជាមួយប្រទេសនានាក្នុងពិភពលោក ដូច្នេះក្នុងកាលៈទេសៈនេះ គឺប្រទេសជាតិត្រូវការចំាបាច់នូវធនធានយុវជន ក្នុងការចូលរួមកសាង អភិវឌ្ឍន៍សង្គមជាតិ ឲ្យបានជឿនលឿនទៅមុខ ថែមទៀត។

សូមជម្រាបថា នៅក្នុងឆ្នាំ២០១៧-២០១៨នេះ មាននិស្សិតកម្ពុជាចំនួន៦១នាក់ ទទួលបានអាហារូបករណ៍សិក្សានៅប្រទេសឡាវ ដែលបានសិក្សានៅ តាមមហាវិទ្យាល័យនានាក្នុងប្រទេសនេះ រួមមាននៅមហាវិទ្យាល័យស្ថាបត្យកម្ម ចំនួន២៦នាក់ សិក្សានៅមហាវិទ្យាល័យអក្សរសាស្រ្តឡាវ ចំនួន ២០នាក់ សិក្សានៅមហាវិទ្យាល័យសេដ្ឋកិច្ច ចំនួន៦នាក់ សិក្សានៅមហាវិទ្យាល័យវិស្វកម្ម​សំណង់ស៊ីវិល ចំនួន៥នាក់ សិក្សានៅមហាវិទ្យាល័យ វិទ្យាសាស្រ្តកំព្យូទ័រ ចំនួន៣នាក់ និងសិក្សានៅមហាវិទ្យាល័យបរិស្ថាន ចំនួន១នាក់។

ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសឡាវ បានមានប្រសាសន៍ឲ្យដឹងថា យោងតាមអនុស្សារណៈ យោគយល់គ្នារវាងក្រសួងអប់រំ កម្ពុជា និងឡាវ ប្រទេសទាំងពីរបានឯកភាពគ្នា ធ្វើការផ្លាស់ប្តូរនិស្សិតអាហារូបករណ៍ ចំនួន១០នាក់ ក្នុងមួយឆ្នាំៗ​​។ ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា នៅឆ្នាំ២០១៧ រដ្ឋាភិបាលប្រទេសទំាងពីរ បានសម្រេចបង្កើនប្រាក់អាហារូបករណ៍ពី១៥០ដុល្លារទៅ១៨០ ដុល្លារ។ លើសពីនេះ ដើម្បីលើកទឹកចិត្តដល់និស្សិតកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្ថែមប្រាក់ឧបត្ថម្ភពីលើ ប្រាក់អាហារូបករណ៍ពី១០ដុល្លារទៅ៥០ដុល្លារ ក្នុង១ខែបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន ក៏បានថ្លែងអំណរគុណដល់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឡាវ ពិសេសឯកឧត្តមឯកអគ្គរាជទូត ដែលតែងតែ យកចិត្តទុកដាក់ពីសុខទុក្ខរបស់និស្សិតនិងប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសឡាវនេះ។ ឯកឧត្តមបានលើកឡើងថា សភា និងរាជរដ្ឋាភិបាល បានយក ចិត្តទុកដាក់ជាខ្លំាងពីសុខទុក្ខពលរដ្ឋ មិនថាពលរដ្ឋរស់នៅក្នុងប្រទេស និងក្រៅប្រទេសនោះទេ។ ម្យ៉ាងវិញទៀតថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ​ និង នីតិប្រតិបត្តិបានខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះមានវិស័យអប់រំមួយ​ដែរ​។

ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា វិស័យអប់រំមានសារៈសំខាន់ណាស់ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានពង្រឹងគុណភាពអប់រំនៅក្នុង ប្រទេសផង លើកទឹកចិត្តនិស្សិតខ្មែរឲ្យបានចេញទៅសិក្សានៅក្រៅប្រទេសផង។  ជាការលើកទឹកចិត្តដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេស ឡាវ ឯកឧត្តម ឈាង វុន បានផ្តល់ថវិកាដល់និស្សិតទំាង៦១នាក់ នូវថវិកាចំនួន ៦ម៉ឺនរៀល ដែលស្មើនឹង ១៥ដុល្លារ ផងដែរ៕ 

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh