សមាជិករដ្ឋសភាកម្ពុជា ចូលរួមជាមួយសភា រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ មកពី២៨ប្រទេស ដើម្បីដោះស្រាយបញ្ហាមនុស្សចាស់__ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រជុំត្រៀមរៀបចំកិច្ចប្រជុំក្រុមបប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី__ គណៈកម្មការជំនាញរដ្ឋសភាជំរុញអាជ្ញាធរខេត្តប៉ៃលិន យកចិត្តទុកដាក់ពលរដ្ឋក្រីក្រ និងមន្រ្តីចូលនិវត្តន៍__ មន្រ្តីជាន់ខ្ពស់សភា១២ប្រទេស ចែករំលែកនិងអភិវឌ្ឍន៍ចំណេះដឹង កិច្ចការស្រាវជ្រាវ និងបណ្ណាល័យនៅប្រទេសប៉ូឡូញ__ សម្តេចប្រធានរដ្ឋសភាទទួលជួបសវនាការជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជា ឡាវ និងវៀតណាម បើកសន្និសីទលើកទី៦ នៅប្រទេសឡាវ ដើម្បីគំាទ្រនិងជំរុញការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)
សភាកម្ពុជា ឡាវ និងវៀតណាម បើកសន្និសីទលើកទី៦ នៅប្រទេសឡាវ ដើម្បីគំាទ្រនិងជំរុញការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/1/2017 11:52:21 PM )

សន្និសីទលើកទី៦ នៃគណ:កម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា ឡាវ វៀតណាម បានបើកជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីគំាទ្រ និងជំរុញការអភិវឌ្ឍ តំបន់ត្រីកោណអភិវឌ្ឍន៍(CLV) ដែលរដ្ឋាភិបាល ប្រទេសទំាងបីបានបង្កើតឡើងតំាងពីឆ្នាំ១៩៩៩ មកនោះ។

សន្និសីទដែលមានប្រធានបទថា "ការពង្រឹងតួនាទីត្រួតពិនិត្យរបស់សភា ចំពោះគំនិតផ្តួចផ្តើម ​នៃកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍតំបន់ត្រីកោណ នៃប្រទេសកម្ពុជា‑ឡាវ‑វៀតណាម" បានរៀបចំធ្វើនៅក្នុងសណ្ឋាគារដួងច័ន្ទផាលេស ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក សែងនួន សៃ យ៉ាឡាត់ (Sengnoaune XAYALAT) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ដោយមានវត្តមានប្រធានគណៈកម្មការ​កិច្ចការបរទេសនៃសភាប្រទេសទំាងបីកម្ពុជា ឡាវ វៀតណាម ចូលរួម។ ព្រមទំាងមានគណៈប្រតិភូតំណាងប្រទេសនីមួយៗ ដែលពាក់ព័ន្ធនឹងតំបន់ អភិវឌ្ឍន៍ត្រីកោណនេះចូលរួមដែរ ដូចជាអាជ្ញាធរខេត្តស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសទំាងបីជាដើម។

គណៈប្រតិភូសភាកម្ពុជាចូលរួមសនិ្នសីទនេះ ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា។ មានប្រសាសន៍ក្នុងពិធីបើកសន្និសីទនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក សែងនួន សៃយ៉ាឡាត់ បានលើក ឡើងថា សន្និសីទលើកទី៦នាពេលនេះ គឺជាឱកាសសំខាន់មួយ ដើម្បីគ្រប់គ្នាបានចូលរួមផ្ដល់យោបល់ពិភាក្សាផ្លាស់ប្តូរព័ត៌មាន និងការវាយតម្លៃរួមគ្នា អំពីវឌ្ឍនភាព នៃការអនុវត្ដ​គម្រោងកិច្ចសហប្រតិបត្តិការគ្នា ដែលរដ្ឋាភិបាលនៃប្រទេសទាំងបី បានចុះកិច្ចព្រមព្រៀងជា​មួយគ្នានោះ។

ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈសន្និសីទនេះ ក៏ជាឱកាសមួយ ដើម្បីផ្តល់នូវវិភាគទានដល់ការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និង សហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ផងដែរ។

ក្នុងពិធីបើកសន្និសីទនេះដែរ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ឡាវ វៀតណាម និងកម្ពុជា បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ទៅកាន់ អង្គពិធីផងដែរ។ ឯកឧត្តម ឈាង វុន តំណាងរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា សន្និសីទដ៏មានសារៈសំខាន់នេះ  បានរៀបចំធ្វើឡើងនៅក្នុងបរិបទ សកលភាវូបនីយកម្មពិភពលោក ដែលបច្ចុប្បន្ននេះ សភាបានដើរតួនាទីជាដៃគូយ៉ាងសំខាន់ ក្នុងការពន្លឿនទស្សនៈវិស័យអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដូចជាតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ឬក្នុងក្របខណ្ឌអាស៊ានជាដើមនោះ។

ឯកឧត្តមប្រធានគណៈកម្មការ បានមានប្រសាសន៍បន្តថា ផែនការ និងគោលនយោបាយរបស់អាស៊ានឆ្ពោះទៅរកសមាហរណកម្មលើវិស័យជាច្រើន ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាលអាស៊ាន បានតម្រូវឲ្យរដ្ឋជាសមាជិកធ្វើការកែសម្រួលគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីឲ្យការអនុវត្ដប្រព្រឹត្ដទៅព្រមៗគ្នា។ ជាមួយគ្នានេះ ផែនការអភិវឌ្ឍន៍តំបន់ត្រីកោណនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បាននឹងកំពុងធ្វើឲ្យ តំបន់ក្លាយជាសហគមន៍តែមួយ ហើយទំាងស្ថាប័ននីតិប្រតិបត្ដិ និងនីតិប្បញ្ញត្ដិ នៃប្រទេសទំាងបី កំពុងយកចិត្តទុកដាក់យ៉ាងខ្លំាងលើផែនការអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងតំបន់។ ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ពលរដ្ឋកម្ពុជាចង់បានព្រំដែនដែលមានសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ មួយ​។

សូមជម្រាបថា រដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម បានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ(CLV)រួមគ្នា នៅឆ្នាំ១៩៩៩ ដែលមានខេត្តចំនួន១៣ នៃ ប្រទេសទំាងបីជាចំណុះ ក្នុងនោះកម្ពុជាមាន៤ខេត្តគឺ ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ។ ប្រទេសឡាវមាន៤ខេត្ត ចំណែកប្រទេស វៀតណាម មាន៥ខេត្ត។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ក្នុងនាមជាតំណាងឲ្យស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា សូមលើកទឹកចិត្ត និងកោតសរសើរខ្ពស់ ចំពោះរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម ដែលបានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណឡើង និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍតំបន់ ត្រីកោណនេះ ដោយឈរលើមូលដ្ឋានប្រើឲ្យអស់នូវសក្តានុពល និងកាលានុវត្តភាពរបស់ប្រទេសនីមួយៗ ដើម្បីរួមចំណែកពង្រឹងសន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍរួមគ្នា។

សន្និសីទលើកទី៦ នៃគណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា ឡាវ និងវៀតណាមនេះ នឹងដំណើរការរហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ទើប បិទបញ្ចប់។ សភាប្រទេសទំាងបី តែងតែរៀបចំកិច្ចប្រជុំនៃគណៈកម្មការទទួលបន្ទុកកិច្ចការបរទេសនេះរួមគ្នា ក្នុងការជំរុញ គំាទ្រ ដល់គម្រោងអភិវឌ្ឍន៍ តំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយបានប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ក្នុងការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ ក្នុងន័យចូលរួមជំរុញការអភិវឌ្ឍ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានដើរទៅមុខកាន់តែលឿន៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh