ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្ដម ឈាង វុន៖ សភាកម្ពុជា ឡាវ វៀតណាម នឹងរួមគ្នាជំរុញដល់រដ្ឋាភិបាលប្រទេសទាំងបី បន្តអភិវឌ្ឍន៍តំបន់ត្រីកោណប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម អោយមានការរីកចម្រើនឡើង
ឯកឧត្ដម ឈាង វុន៖ សភាកម្ពុជា ឡាវ វៀតណាម នឹងរួមគ្នាជំរុញដល់រដ្ឋាភិបាលប្រទេសទាំងបី បន្តអភិវឌ្ឍន៍តំបន់ត្រីកោណប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម អោយមានការរីកចម្រើនឡើង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/27/2017 12:38:21 AM )

“ក្នុងនាមរដ្ឋសភាកម្ពុជា ខ្ញុំនឹងខិតខំជំរុញអោយរដ្ឋសភាឡាវ និងវៀតណាម រួមគ្នាជួយជំរុញបន្ថែមទៀតដល់រដ្ឋាភិបាលប្រទេសទាំងបីកម្ពុជា ឡាវ និង វៀតណាម បន្តអនុវត្តគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម អោយមានការរីកចម្រើនឡើង”។ ខាងលើនេះជា ប្រសាសន៍របស់ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បាន ថ្លែងក្នុងឱកាសជួបប្រជុំជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការ ជាតិសម្រាប់សម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា​ វៀតណាម ឡាវ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅវិមាន រដ្ឋសភា ។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ទៀតថា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នឹង ត្រូវទៅចូលរួមសន្និសីទលើកទី៦ នៃគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាប្រទេសទាំងបីកម្ពុជា វៀតណាម ឡាវ ​នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ។ ដូច​នេះគណៈកម្មការចង់ដឹងព័ត៌មានសំខាន់ៗមួយចំនួន​ពីតំណាងក្រសួងពាក់ព័ន្ធ និងខេត្តដែលស្ថិតក្នុង​តំបន់ត្រីកោណមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី អំពីដំណើរការនៃ ការអភិវឌ្ឍតំបន់ត្រីកោណនៅក្នុងខេត្តទាំង៤កន្លងមក ដើម្បីជាមូលដ្ឋាន សម្រាប់ឲ្យស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំង៣ ជួយជំរុញអោយបន្តអនុវត្ត ការងារអភិវឌ្ឍន៍តំបន់ត្រីកោណអោយទទួលបានជោគជ័យ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់សម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណកម្ពុជា​ វៀតណាម ឡាវ បានជម្រាបជូន អំពីដំណើរការផ្តួចផ្តើមបង្កើតតំបន់ត្រីកោណ រវាងប្រទេសទាំង៣ នៅឆ្នាំ១៩៩៩ និង ដំណាក់កាលនៃការវិវត្តន៍ តាំងពីមានខេត្តតែចំនួន៧ រហូតបច្ចុប្បន្នមានដល់ទៅ១៣ខេត្ត។ ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណវិញ ឯកឧត្ដម បញ្ជាក់ថា គឺផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សង្គមកិច្ច អភិរក្ស និងផ្លាស់ប្តូរវប្បធម៌ ធានាសុវត្ថិភាព ទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន និងរក្សាតុល្យភាពរវាងការអភិវឌ្ឍ និងបរិស្ថាន។

ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍បន្តថា រហូតមកដល់បច្ចុប្បន្ននេះ គណៈកម្មាធិការជាតិសម្រាប់សម្របសម្រួលការងារសហប្រតិបត្តិការ ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា វៀតណាម ឡាវ ខាងភាគីកម្ពុជាបានធ្វើការងារសម្រេចបានលទ្ធផលជាច្រើនដូចជា បានបង្កើត និងអនុវត្តផែនការមេ សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចតំបន់ត្រីកោណ(ClVDTV) ឆ្នាំ២០១០-២០២០។ បានបង្កើត និងអនុវត្តអនុស្សរណៈយោគយល់គ្នា សំដៅបង្កើត គោលនយោបាយអនុគ្រោះពិសេស។ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា ឡាវ និងវៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក ដោយបានរៀបចំសន្និសីទស្តីពី ការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤។ រៀបចំវេទិកាយុវជនពិរព័ណ៌ ពាណិជ្ជកម្ម សន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅថ្ងៃទី៧ ដល់ទី១១ ខែធ្នូ ឆ្នាំ២០១៥។ គណៈកម្មាធិការបានបង្កើតគម្រោង អត្ថិភាពចំនួន១៥គម្រោង ដែលកម្ពុជាមាន៥ ឡាវមាន៥ វៀតណាមមាន៥ ទាក់ទងទៅនឹងការបង្កើតវារីអគ្គិសនីខ្នាតតូច សម្រាប់បម្រើដល់តំបន់ ត្រីកោណ។ល។

ក្រោយពីស្តាប់ប្រសាសន៍របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ និងរបាយការណ៍តំណាងក្រសួងពាក់ព័ន្ធមានក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងខេត្តទាំង៤រួចមក ឯកឧត្តម ឈាង វុន បានថ្លែង អំណរគុណជូនចំពោះ ឯកឧត្ដមប្រធានគណៈកម្មាធិការជាតិ សម្រាប់សម្របសម្រួលការងារ សហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណកម្ពុជា វៀតណាម ឡាវ និងតំណាងក្រសួង ព្រមទាំងខេត្តទាំង៤ ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការអភិវឌ្ឍន៍តំបន់ត្រីកោណប្រទេសទាំង៣រហូតមក។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh