ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » កងកម្លំាងការពារព្រំដែនក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ចូលរួមការបង្កបង្កើនផលជាមួយប្រជាពលរដ្ឋ
កងកម្លំាងការពារព្រំដែនក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ចូលរួមការបង្កបង្កើនផលជាមួយប្រជាពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/24/2017 12:45:52 AM )

កងកម្លំាងនគរបាលការពារព្រំដែនច្រកលេខ៤០០ ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់សមាជិករដ្ឋសភាថា ក្រៅពីការបំពេញ ការងារស្នូលក្នុងការការពារបូរណភាពទឹកដីហើយនោះ កងកម្លំាងការពារព្រំដែននៅតំបន់នេះ បានចូលរួមក្នុងការបង្កបង្កើនផលស្រូវ ជូនប្រជាពលរដ្ឋ ទៀតផង។ ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងនៅពេល ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា អញ្ជើញចុះជួបសំណេះសំណាល ស្វែងយល់សុខទុក្ខប្រជាពលរដ្ឋនិងកងកម្លំាងនគរបាលប្រចាំច្រក៤០០ នៃបញ្ជាការរងព្រំដែន ៨២៣ ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោកវរៈសេនីយ៍ទោ ស សារឿន ដែលប្រចំាការនៅច្រកខាងលើនេះ បានរាយការណ៍ជូនឯកឧត្តមសមាជិករដ្ឋសភាថា កងកម្លំាងនគរបាលប្រចាំ ច្រក៤០០ បានខិតខំយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចការពារព្រំដែន និងសន្តិសុខជូនពលរដ្ឋ ស្របតាមការណែនាំ និងបទបញ្ជារបស់ រាជរដ្ឋាភិបាល។ លើសពីនេះទៀត ដោយសារនេះជារដូវវស្សាផង ក្រៅពីការបំពេញការងារស្នូលរបស់ខ្លួនហើយនោះ កងកម្លំាងនគរបាលច្រក៤០០ បានចុះជួយប្រជាពលរដ្ឋ ក្នុងការដកស្ទូងយ៉ាងសកម្មផងដែរ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ និងធ្វើយ៉ាងណាឲ្យការបង្កបង្កើនផល របស់ប្រជាពលរដ្ឋទាន់រដូវវស្សានេះ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងាររបស់កម្លំាងនគរបាលប្រចាំច្រក៤០០ នៃ បញ្ជាការរងព្រំដែន៨២៣ ស្រុកសំឡូត ដែលបានខិតខំលះបង់កម្លំាងកាយ ស្មារតី ក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ។

ឯកឧត្តមបានលើកទឹកចិត្តដល់កងកម្លាំងទំាងអស់ បន្តបេសកកម្មមនុស្សធម៌ ចុះជួយដំាដុះជូនពលរដ្ឋបន្តទៀត ពីព្រោះថាសកម្មភាពនេះ ជាកាយវិការ ដ៏ល្អប្រសើរមួយ ដែលនឹងទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋ ហើយស្របតាមចក្ខុវិស័យ ដែលប្រមុខរដ្ឋាភិបាល តែងតែទទូចសូមឲ្យមន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធទំាងអស់ បម្រើប្រជាពលរដ្ឋឲ្យល្អ ពីព្រោះពលរដ្ឋគឺជាចៅ​ហ្វាយនាយរបស់មន្រ្តីសាធារណៈ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh