ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » អង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារស្នើសុំអន្តរាគមន៍ពីសមាជិករដ្ឋសភាជួយគាំពារចំពោះកុមារ ដែលនៅតែបន្តរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ
អង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារស្នើសុំអន្តរាគមន៍ពីសមាជិករដ្ឋសភាជួយគាំពារចំពោះកុមារ ដែលនៅតែបន្តរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/24/2017 12:45:04 AM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានអនុញ្ញាតអោយអង្គការ មិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារដឹកនាំដោយ លោក សុខ ពេញ អគ្គលេខាធិការនៃអង្គការ បានចូលជួបសំណេះសំណាល និងស្នើសុំអន្តរាគមន៍ពី សមាជិករដ្ឋសភាជួយគាំពារចំពោះកុមារដែលនៅតែបន្តរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ។

នៅក្នុងជំនួបនៅវិមានរដ្ឋសភានេះ លោក សុខ ពេញ អគ្គលេខាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ បានលើកឡើងថា អង្គការរបស់ លោក បានរកឃើញមានករណីអំពើហិង្សាលើកុមារទាំងផ្លូវកាយ និងផ្លូវចិត្តពីឪពុកម្តាយឬអាណាព្យាបាល រួមទាំងមានការប្រើទម្រង់ពលកម្មធ្ងន់ធ្ងរ ទៅលើកុមារទៀតផង។ លោកបន្តថា បើទោះបីជារាជរដ្ឋាភិបាលមានការទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងណាក៏ដោយ​ ក៏នៅមានជនមួយ ចំនួន នៅតែប្រព្រឹត្តអំពើហិង្សាទៅលើកុមារ។ ដូចនេះអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ សូមស្នើសុំពីសមាជិករដ្ឋសភា ជួយជំរុញទៅ រាជរដ្ឋាភិបាលជួយគិតគូរបន្ថែមទៀតអំពីការការពារសិទ្ធិ​កុមារ និងផ្ដល់ថវិកាសម្រាប់សេវាសង្គម ជាពិសេសវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃ ការអភិវឌ្ឍធនធានមនុស្សឲ្យបានទូលំទូលាយទូទាំងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ​ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ​ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានមានប្រសាសន៍ថា ក្នុងការងារនីតិកម្ម កន្លងមក រដ្ឋសភា​តែង​ខិតខំធ្វើឱ្យមានសុខុដុមនីយកម្មរវាងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងតែងតែគិតគូរ ដល់សិទ្ធិកុមារ។ ជាពិសេសច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលច្បាប់នេះមានគោលបំណង ធានាការពារសិទ្ធិ​ និងឧត្តមប្រយោជន៍របស់អនីតិជន គាំទ្រ ដល់ការស្តារនីតិសម្បទា និងការធ្វើសមាហរណកម្មអនីតិជនទៅក្នុង​សង្គម ​សហគមន៍ និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរង គ្រោះ។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា ពាក់ព័ន្ធនឹងសិទ្ធិកុមារ ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាក៏មានចែងដូចគ្នាទៅនឹងក្នុង​អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ គឺសិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួលបានការអប់រំដើម្បីអភិវឌ្ឍន៍ សិទ្ធិទទួលបាននូវការការពារ និងគាំពារសុខុមាលភាពកុមារ សិទ្ធិចូលរួមសម្តែងមតិ ជាដើម។ ជាក់ស្តែងយើងឃើញថា កុមារត្រូវ​ការ​ជាចាំបាច់​នូវ​ការ​អភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី និងការសិក្សារៀនសូត្រ ហេតុនេះ​កុមារត្រូវ​ការ​ការ​​ថែទាំ ការជួយទំនុកបម្រុងពីគ្រួសារ និងសង្គម ជាពិសេសការលើកកម្ពស់​ការចូលរួម​របស់​កុមារដែលជាការរៀនសូត្រ ដើម្បីអភិវឌ្ឍន៍ខ្លួន ត្រៀមខ្លួន ក្លាយជាមនុស្ស​ពេញ​វ័យ​ប្រកបដោយសមត្ថភាព ជាពលរដ្ឋដ៏សកម្ម និងមាន​ភាពជា​អ្នក​ដឹក​នាំ។

ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ក្នុងនាមឯកឧត្តមជាសមាជិករដ្ឋសភា សូមទទួលយក នូវសំណើរបស់អង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារនេះ ទៅ ជម្រាបរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្លាំងថែមទៀត ទាំងថវិកា ទាំងបច្ចេកទេសផ្លូវច្បាប់ ក្នុងគោលដៅ គាំពារចំពោះកុមារ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh