ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ងួន រាសី នាយកខុទ្ទកាល័យឯកឧត្ដមបណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា នាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃចំនួន១០វត្ត ក្នុងខេត្តកំពង់ធំ
ឯកឧត្តម ងួន រាសី នាយកខុទ្ទកាល័យឯកឧត្ដមបណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា នាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃចំនួន១០វត្ត ក្នុងខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/10/2017 1:10:43 AM )

ឯកឧត្តម ងួន រាសី នាយកខុទ្ទកាល័យឯកឧត្ដមបណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា ​និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងក្រុមការងារជាច្រើនរូបទៀត បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេន​ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅតាមបណ្ដាវត្តនានាចំនួន១០វត្ត នៅក្នុងខេត្តកំពង់ធំ។ ពិធីនេះប្រារព្ធធ្វើនៅក្នុងវត្តឥន្ទ្រីយសំវរះ ហៅវត្ត​កំពង់ធំ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ។

នៅក្នុងឱកាសនោះ ឯកឧត្តម ងួន រាសី បានមានប្រសាសន៍ ពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា សម្ដេចនាយករដ្ឋមន្ត្រី និងឯកឧត្ដមបណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា ប្រគេនចំពោះព្រះសង្ឃ និងជូនពុទ្ធបរិស័ទទាំងអស់ ដោយឯកឧត្ដមបញ្ជាក់ថា ថ្នាក់ដឹកនាំស្ថាប័នកំពូលទាំងអស់តែងតែយកចិត្តទុកដាក់ និងមានការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនចំពោះព្រះពុទ្ធសាសនា ជាក់ស្ដែងក្នុងឱកាសបុណ្យចូល ព្រះវស្សានេះ ទោះបីជាមិនបានអញ្ជើញមកដោយផ្ទាល់ ក៏សម្ដេច និងឯកឧត្ដមបណ្ឌិតបានអនុញ្ញាតឲ្យឯកឧត្ដមនាំយកទៀនព្រះវស្សា និងទេយ្យទាន មកប្រគេនព្រះសង្ឃនៅតាមវត្តនានាក្នុងខេត្តកំពង់ធំ នាពេលនេះមានចំនួន១០វត្តរួមមាន វត្តថ្លា វត្តជីនិត វត្តទេពនិមិត្ត វត្ត​ហប់ ស្រុកស្ទូង វត្តសាគ្រាម ក្នុងស្រុកប្រាសាទបាល័ង វត្តបឹងខ្វែកស្រុកប្រាសាទសំបូរ​ វត្តទឹកម្លៀងស្រុកសណ្តាន់ និងវត្តឥន្ទ្រីយសំវរះក្រុងស្ទឹងសែន។

ឯកឧត្តម ក៏បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលនានា ដែលបាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការ​ដឹកនាំ​ប្រកប ដោយគតិបណ្ឌិត​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រាសី បានសម្តែងការកោតសរសើរ និងវាយតម្លៃ​ខ្ពស់​​ចំពោះព្រះគ្រូចៅអធិការវត្តទំាង១០ និងគណៈកម្មការអាចារ្យ វត្ត ព្រមទាំងប្រជា​ពុទ្ធបរិស័ទទំាងអស់ ដែលបានខិតខំថែរក្សា និងប្រតិបត្តិ​តាម​គន្លង​​​ព្រះពុទ្ធសាសនា ព្រមទំាងបានចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន​នៅតាមវត្ត ធ្វើឲ្យទីអារាម ស័ក្តិសមជាស្រែបុណ្យ ជាទីគោរពសក្ការៈ ចំពោះប្រជាពលរដ្ឋទូទៅផងដែរ។

សូមបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យទាន ដែល ឯកឧត្តម ងួន រាសី នាំយកមកប្រគេនព្រះ​សង្ឃទាំង​១០វត្ត​នាពេលនេះ ក្នុង១វត្តៗទទួលបាន ទៀនព្រះវស្សា១គូ ទេយ្យវត្ថុ គ្រឿងបរិក្ខារ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស កាហ្វេ ទឹកដោះគោ និងបច្ច័យមួយចំនួន​​។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានចែកជូន ថវិកាមួយចំនួន​ជូនលោកតា លោកយាយ ចាស់​ព្រឹទ្ធា​ចារ្យ​​ និងប្រជាពលរដ្ឋ ផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh