ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កែវ ពិសិដ្ឋ នាំយកទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃចំនួន៣វត្ត នៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ឯកឧត្តម កែវ ពិសិដ្ឋ នាំយកទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃចំនួន៣វត្ត នៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/9/2017 8:03:11 PM )

នៅក្នុងឱកាសនាំយកទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃចំនួន៣វត្ត ស្ថិតក្នុងឃុំពពេល ស្រុក​ពញា​ក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម កែវ ពិសិដ្ឋ សមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បច្ចុប្បន្ននេះ​កំពុងមានការរីកចម្រើនយ៉ាងខ្លាំង បើគិតនៅទូទាំងប្រទេសមាន វត្តចំនួនជាង​៤ពាន់វត្ត និងមានព្រះសង្ឃជិត៧ម៉ឺនអង្គ។​

ឯកឧត្តម ​កែវ ពិសិដ្ឋ មានប្រសាសន៍ទៀតថា បើយើងធ្វើ​ការប្រៀបធៀប​កាលពីអតីតកាល និងបច្ចុប្បន្ន គឺ​មាន​ភាព​ខុសគ្នាច្រើនណាស់ព្រោះថា ក្រោយឆ្នាំ១៩៧៩ ទាំង​វិស័យ​ពុទ្ធចក្រ និងអាណាចក្រ គឺមានតែគំនរផេះ​ផង់នៃ​ការបែកបាក់ ដែលបានបន្សល់ទុកដោយសារសង្គ្រាម និងរបប​ប្រល័យ​ពូជសាសន៍។ ដោយមានការយកចិត្តទុកដាក់​ដ៏ខ្ពង់ខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃស្ថាប័នកំពូលៗរបស់ជាតិ ព្រមជាមួយ​នឹងការចូលរួមពី សប្បុរសជន ពុទ្ធ​បរិស័ទជិត ឆ្ងាយ ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេស​ដោយ​មាន​គោល​នយោបាយដឹកនាំដ៏ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល សមិទ្ធផលទាំងឡាយនៅ​ក្នុង​សង្គម​ជាតិ ទាំងវិស័យ​ពុទ្ធចក្រ និង​អាណាចក្រ បានទទួលការអភិវឌ្ឍ​រីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម កែវ ពិសិដ្ឋ បានមាន​ប្រសាសន៍​លើកឡើងអំពីប្រវត្តិរឿងរ៉ាវពីអតីតកាលដែលប្រទេសកម្ពុជា​បានទទួល​រងគ្រោះ​ ដែលគ្រប់​ហេដ្ឋារចនា​សម្ព័ន្ធ សង្គមត្រូវបានបំផ្លិចបំផ្លាញ បែកបាក់​ខ្ទេច​ខ្ទាំស្ទើរទាំងស្រុង ប៉ុន្តែក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ​របស់ជាតិ បានខិត​ខំកសាង ស្តារប្រទេសជាតិ​ឡើង​វិញ​ ទើប​យើងទទួលបាននូវសមិទ្ធផលជាច្រើនដូចសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យទានដែល ឯកឧត្តម កែវ ពិសិដ្ឋ នាំយកទៅប្រគេនព្រះសង្ឃទាំង៣វត្តរួមមាន វត្តស្ទឹងជ័យ វត្តពពេល និងវត្តស្រះ ដែលវត្តនីមួយៗ ទទួលបានទៀន១គូ អង្ករ១០០គីឡូក្រាម តែ ស្ករស និងភេសជ្ជៈជាច្រើនមុខទៀត ព្រមទាំងបច្ច័យចំនួន៥០ម៉ឺនរៀល។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បាននាំយក ក្រណាត់ស និងថវិកាមួយចំនួន ចែកជូនចំពោះលោកយាយ លោកតា ដែលបានអញ្ជើញចូលរួមផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh