ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញនៃរដ្ឋសភា បានឯកភាពលើសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយ
គណៈកម្មការជំនាញនៃរដ្ឋសភា បានឯកភាពលើសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/6/2017 11:50:23 PM )

គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានធ្វើការពិនិត្យ និងសិក្សា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដោយបានប្រជុំពិនិត្យ សិក្សា ជាមួយតំណាងរាស្រ្ត ហត្ថលេខីស្នើច្បាប់ កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រគល់ភារកិច្ចឲ្យ។

តំណាងរាស្រ្តចំនួន៤១រូប បានតាក់តែងសេចក្តីស្នើច្បាប់នេះឡើង ហើយស្នើសុំរដ្ឋសភាពិភាក្សា និងអនុម័ត​​។​ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានគូស បញ្ជាក់ថា ដោយសារប្រទេសជាតិមានការរីកចម្រើន ដូចនេះច្បាប់​ជាច្រើនក៏នឹងកែសម្រួល ធ្វើវិសោធនកម្ម ដើម្បីឲ្យស្របទៅនឹងសភាពការណ៍ ជាក់ស្តែង​របស់សង្គម។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា មិន​មែនមានតែ​​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ទេ ដែលធ្វើវិសោធនកម្ម គឺមានច្បាប់ ជាច្រើនដែលរដ្ឋសភា បានធ្វើវិសោធនកម្ម នាពេលកន្លងមក។

តំណាងរាស្រ្តមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់បាន។ ជាក់ស្ដែងនៅពេលនេះ មានតំណាងរាស្រ្ត​ហត្ថលេខី​ចំនួន​៤១រូប បានស្នើសុំធ្វើ​វិសោធនកម្មលើ មាត្រាមួយចំនួននៃច្បាប់ ស្តីពី​គណបក្សនយោបាយ និង​យោងតាមការសម្រេច ក្នុង​កិច្ច​ប្រជុំរបស់គណៈកម្មា​ធិការ​​​អចិន្ត្រៃយ៍រដ្ឋសភា កាលពី​ព្រឹកថ្ងៃ ទី០៦ ខែកក្កដា ឆ្នាំ២០១៧ ដែល​បាន​ប្រគល់ភារកិច្ចឲ្យ​គណៈ​កម្មការនីតិកម្ម និងយុត្តិធម៌ សហការជាមួយអន្តរគណៈកម្មការជំនាញ និងក្រុមប្រឹក្សា អ្នកច្បាប់ ធ្វើការពិនិត្យសិក្សាលើ​សេច​ក្តី​ស្នើធ្វើ​វិសោធនកម្មនៃច្បាប់ ស្ដីពីគណបក្សនយោបាយទៅតាមសំណើដែលបានស្នើសុំ”។ នេះជាការបញ្ជាក់ របស់ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា

ចំណែក ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា ផ្អែកលើរបត់នយោបាយ ដែលមានការប្រែប្រួល ហើយច្បាប់ស្តីពី​គណបក្ស នយោបាយចាស់ ពុំបានចែងគ្រប់លក្ខខណ្ឌ ស្របតាមសភាពការណ៍ជាក់ស្តែងនោះ បានធ្វើឲ្យគណបក្សនយោបាយខ្លះ ឆ្លៀតបង្កើតនូវបញ្ហាប្រឈម ជាច្រើនដល់សង្គម ដូច្នេះទើបតំណាងរាស្រ្តមួយចំនួនបានស្នើធ្វើវិសោធនកម្មច្បាប់នេះឡើង។

កិច្ចប្រជុំបានពិភាក្សាដេញដោលគ្នាតាមនីតិវិធី បន្ទាប់ពីបានស្ដាប់ ការបកស្រាយពន្យល់ពីមូលហេតុ ដែលនាំឲ្យ មានការស្នើសុំ ធ្វើវិសោធនកម្ម សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយនេះរួចមក កិច្ចប្រជុំបាន សម្រេចធ្វើរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំពេលនេះ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីធ្វើការសម្រេចដាក់បញ្ចូលសេចក្តីស្នើច្បាប់នេះ ក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh