ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាទទួលយកសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយមកពិនិត្យនិងសិក្សា
រដ្ឋសភាទទួលយកសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយមកពិនិត្យនិងសិក្សា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/5/2017 11:30:05 PM )

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភានៃព្រះ​រាជា​ណាចក្រ​​កម្ពុជា​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ​២​០១​៧ បានសម្រេចទទួលយកសេចក្តីស្នើ ច្បាប់ស្តីពី​វិសោធនកម្មច្បាប់ ​ស្តីពី​គណ​បក្ស​នយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយមកពិនិត្យ​ និង​សិក្សា​ដោយ​បាន ប្រគល់ភារកិច្ចនេះដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា។

ក្រៅពីការទទួលយកសេចក្តីស្នើច្បាប់ខាងលើមកពិនិត្យ និងសិក្សា កិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍ ដែលដឹកនាំដោយ សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា ​បានអនុម័ត​កំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧ ដោយមានរបៀបវារៈចំនួនពីរ ទី១-ការពិភាក្សា និងអនុម័តសេចក្តីព្រាង​ច្បាប់ ស្តីពី​ការអនុម័ត​យល់​ព្រមលើ​ ការ​​ធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យ​ក្រុមហ៊ុន​ខេមបូឌានអេនើជីII ឯ.ក និងទី២-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់​ព្រមលើ​ការ​ធានា​​​​ទូទាត់​របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនអាឡិច​ខប​ភើរេសិន​។

សូមជម្រាបថា សេចក្តីស្នើច្បាប់ស្តីពី​វិសោធនកម្មច្បាប់ ​ស្តីពី​គណ​បក្ស​នយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ មានតំណាងរាស្រ្តដែលជាហត្ថលេខីចំនួន៤១រូប បានចុះហត្ថលេខា​ស្នើដល់រដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់នេះ។ បន្ទាប់ពីគណៈ​កម្ម​ការ​​នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សាតាមនីតិវិធីរួចហើយ គណៈកម្មការ​នេះ ​នឹង​ធ្វើ​របាយ​ការណ៍​ជូន គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវិញពីលទ្ធផល៕ 

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh