ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភាកម្ពុជា ចូលរួមពិធីសម្ពោធបណ្តាញយុវជន និងនិស្សិតដើម្បីសន្តិភាព នៅប្រទេសថៃ
សមាជិករដ្ឋសភាកម្ពុជា ចូលរួមពិធីសម្ពោធបណ្តាញយុវជន និងនិស្សិតដើម្បីសន្តិភាព នៅប្រទេសថៃ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/4/2017 8:26:59 PM )

“បណ្តាញយុវជន និងនិស្សិតដើម្បីសន្តិភាព បង្កើតឡើងដោយក្តីសង្ឃឹមបំផុត សម្រាប់​យុវជន​ទាំងឡាយត្រូវធ្វើការួមគ្នា ដើម្បីបង្កើតវប្បធម៌សន្តិភាព សច្ចភាពសង្គមដោយឈរលើមូលដ្ឋាន​នៃឬស​គល់ចំបង ដែលមានតម្លៃជាសកលនៅក្នុងគ្រួសារ។ គំនិតផ្តួចផ្តើមនេះ ត្រូវធ្វើយ៉ាងណាដើម្បីបញ្ជ្រាបឱ្យ​ពិភពលោក​ទាំងមូលភ្ញាក់រលឹកឡើង និងចាប់ផ្តើមយល់ដឹងទាំងអស់គ្នា។” នេះជាទស្សនវិស័យក្នុងការបង្កើតបណ្តាញយុវជននិងនិស្សិតដើម្បីសន្តិភាព នេះឡើង។

បណ្តាញយុវជន និងនិស្សិតដើម្បីសន្តិភាព បានប្រារព្ធពិធីសម្ពោធបើកដំណើរការ នាទីក្រុងបាងកក ប្រទេសថៃ ដោយមានអ្នកចូលរួមមកពីបណ្តា ប្រទេសអាស៊ីប៉ាស៊ី​ហ្វិក និងចិន សរុបប្រមាណ១២.០០០នាក់ ក្នុងនោះព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​អញ្ជើញ​ឱ្យចូលរួម ចំនួន​ជាង៨០០នាក់ ដែល មកពីតាមបណ្តាខេត្ត សាកលវិទ្យាល័យ ក្រសួង និងស្ថាប័ននានារបស់រដ្ឋ។

ឯកឧត្តម​​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈ​កម្មការ​នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា ​ទៅចូលរួមក្នុងពិធី​សម្ពោធបណ្តាញ​យុវជន និង​និស្សិត​ដើម្បីសន្តិភាពនេះដែរ។ ប្រធានបទនៃពិធីសម្ពោធនេះគឺតួនាទីយុវជន និងនិស្សិតក្នុងការ​បង្កើតវប្បធម៌សន្តិភាព ជានិរន្តរ៍” (The Role of Youth and Students in Creating a Culture of Sustainable Peace )​​។

មានវាគ្មិនមកពីបណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិកជាច្រើនរូប បានឡើងចែករំលែក​បទពិសោធន៍ និងលើកឡើងពីសារៈសំខាន់នៃតួនាទីរបស់​យុវជន និងនិស្សិតដើម្បីសង្គម ពិសេសការកសាងសន្តិភាពដែលផ្តើម​ចេញពីយុវជន។ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានថ្លែងសុន្ទរកថាទៅកាន់អង្គពិធី ផងដែរ។ ឯកឧត្តមបានចែករំលែកបទពិសោធន៍ដ៏ជូរចត់ដែលកម្ពុជាបានឆ្លងកាត់ ដូចជាការទទួលរងនូវផល​ប៉ះពាល់ និង​ឥទ្ធិពលនៃ​សង្គ្រាម​ត្រជាក់ សង្គ្រាមស៊ីវិល ជាពិសេសកម្ពុជាបានឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពត ដែលបាន​បំផ្លិចបំផ្លាញហេដ្ឋា​រចនា​សម្ព័ន្ធសង្គម និងធនធានមនុស្ស ស្ទើរអស់។ ឯកឧត្តមបានគូសបញ្ជាក់ថា ​កម្ពុជាបានជួបប្រទះសង្គ្រាមដ៏លំបាក ហើយការស្វែងរកសន្តិភាពគឺកាន់តែលំបាកទៀត។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានលើកឡើងថា សង្រ្គាមនៅកម្ពុជាបានបញ្ចប់ទំាងស្រុងនៅឆ្នាំ១៩៩៨ ដោយនយោបាយ​ឈ្នះឈ្នះ។ “ការបញ្ចប់ សង្រ្គាមគឺជាភារកិច្ចយ៉ាងសំខាន់ និងជាការលំបាកសម្រាប់យើង​​ទាំង​អស់​គ្នា។ ប៉ុន្តែ​ការការពារ ថែរក្សា និងការធានាសន្តិភាព ជាពិសេសការពង្រឹង វប្បធម៌នៃសន្តិភាព ជា​កាតព្វ​កិច្ច​មួយ​ដែល​យើងត្រូវបំពេញ ដើម្បីធានាបាននូវការអភិវឌ្ឍ​ប្រកបដោយ​និរន្តរ​ភាព។ ក្នុងនាមជាសមាជិកនៃអង្គការ សហប្រជាជាតិកម្ពុជា បានរួមចំណែកយ៉ាងសកម្ម ក្នុង​បុព្វ​ហេតុ​សន្តិ​ភាព ​និងមនុស្សធម៌នៅជុំវិញពិភពលោក ក្នុងវិស័យវិស្វកម្ម សេវាវេជ្ជសាស្រ្ត​ការដោះ​មីន​ និង​គ្រាប់​មិន​ទាន់ផ្ទុះ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា

សូមជម្រាបថា បណ្តាញ​យុវជន និងនិស្សិតដើម្បីសន្តិភាព ត្រូវ​បានបង្កើត​ឡើងដោយ​ លោក​ស្រីបណ្ឌិត ហាក់ ចា ហានមូន (Hak Ja Han Moon)ដោយផ្អែកលើការ​វិនិយោគ និងពលិកម្ម ដែលរូបលោកស្រី និងស្វាមី គឺ បណ្ឌិត សុន មីយ៉ុង មូន ( Sun Myung Moon) ដែលបានខិតខំ​ប្រឹងប្រែង កសាងជាមួយគ្នា ក្នុងស្មារតីលើកកម្ពស់បណ្តាញទំនាក់ទំនង ការសន្ទនា​ពហុ​សាសនា ការអប់រំ សុជីវធម៌នៃការរស់នៅ ការលេងកីឡាដោយសុច្ចរិត និងត្រឹមត្រូវ​ ការស្រាវជ្រាវកម្រិត​ឧត្តម​សិក្សា សកម្មភាព​មនុស្សធម៌ សុច្ចរិតភាព សកម្មភាពនយោបាយ ការទទួលខុសត្រូវផ្នែក​ប្រព័ន្ធផ្សព្វ​ផ្សាយ ការអប់រំ​ឱ្យបានល្អប្រសើរ និងវិស័យផ្សេងទៀត។

វាគ្មិនជាច្រើនរូប ត្រូវបានឡើងថ្លែងសុន្ទរកថា ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពិធីសម្ពោធបណ្តាញយុវជន និងនិស្សិតដើម្បីសន្តិភាព បាន ប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh