ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៥ នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ខាងមុខនេះ
រដ្ឋសភាបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៥ នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ខាងមុខនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/10/2017 9:10:22 PM )

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានអនុម័តថា នឹងបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៥ នៅ​ព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ ដោយមានរបៀបវារៈតែមួយ គឺការបោះឆ្នោតជ្រើស​តំាង​សមា​ជិក​ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ ចំនួន០១រូប។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៅពេលនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេច​អគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា ក៏បាន អនុម័តលើសំណើរបស់រាជរដ្ឋាភិ​បាល សុំរដ្ឋ​សភា​អនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរផងដែរ។ តាមសំណើនេះ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា បាន​សម្រេច​ប្រគល់​សេចក្តី​ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់​របស់​រាជរដ្ឋាភិបាល នៃព្រះរា​ជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនអាឡិច ខបភើរេសិន ជូន​គណៈ​កម្ម​ការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ពិនិត្យ និងសិក្សា ដោយ​សហ​ការ​ជាមួយគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ហើយ​ធ្វើ​របាយ​ការណ៍​ជូនគណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភាវិញ។

​ចំណែកសេចក្តីព្រាងច្បាប់មួយទៀត គឺសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ​ការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ខេមបូឌាន អេនើជី II ឯ.ក ជូន​គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ពិនិត្យ និងសិក្សា ដោយ​សហ​ការ​ជាមួយ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ហើយ​ធ្វើ​របាយ​ការណ៍​ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh