ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភាអំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបានគ្រប់ៗគ្នា
សម្តេចប្រធានរដ្ឋសភាអំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបានគ្រប់ៗគ្នា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/10/2017 7:11:47 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងឱកាសដែល​សម្តេចប្រធាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធិផលជាច្រើនដែលបានកសាង​នៅវត្តជម្ពូសុវ​ណ្ណ​ ហៅវត្តត្រពាំងព្រីង ស្ថិតនៅក្នុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។

សម្តេចចក្រីបានរំលឹកថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ មានសារៈសំខាន់ណាស់ ក្នុងការជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៅ ថ្នាក់មូលដ្ឋាន ក៏ដូចជាការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋថា នៅពេលអញ្ជើញទៅបោះឆ្នោត​សូមភ្ជាប់ទៅជាមួយនូវ​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញា​ណ ដែលចេញដោយអាជ្ញាធរ។

ទាក់ទងសមិទ្ធិផលដែលបានកសាងនៅក្នុងវត្តត្រពំាងព្រីងនោះវិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការ​កោតសរសើរចំពោះព្រះគ្រូ ចៅអធិការវត្ត ថ្នាក់ដឹកនាំភូមិ ឃុំ និងប្រ​ជា​ពុទ្ធបរិស័ទចំណុះជើងវត្តទំាងអស់ ដែលបានរួមសាមគ្គីគ្នា ទំាងកម្លំាងកាយចិត្តនិងថវិកា ក្នុងការកសាងបាន សមិទ្ធិផលជាច្រើន ជាការចូលរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសា​ស​នារបស់រដ្ឋ។

វត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង មានអាយុកាលប្រមាណ១៦៣ឆ្នាំហើយ។ ក្នុងរបបប្រល័យពូជសាសន៍ ទីអារាមនេះ មិនខុសពីអារាមនានា នៅទូទំាងប្រទេសនោះទេ គឺត្រូវបានពួកខ្មែរក្រហម វាយកម្ទេចចោលអស់នូវរាល់សមិទ្ធិផលទាំងឡាយនៅក្នុងវត្ត។ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ប្រជាពុទ្ធបរិស័ទ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានខិតខំជួសជុល និងកសាងទីអារាមនេះឡើងវិញ ដើម្បីធ្វើជាស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទ។

ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ព្រះវិហារ កុដិ សាលាឆាន់ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តត្រពំាងព្រីង ជាច្រើន បានកសាងបន្តបន្ទាប់លើផ្ទៃដីទំហំ១៥៦០០ម៉ែត្រក្រឡា។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ក្នុងនាមជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងជាពុទ្ធបរិស័ទ​ដ៏ថ្លៃថ្លាមួយរូប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បានចូលរួមយ៉ាងសកម្មជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងការ កសាងនិងស្តាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តនេះរហូតមក។

ឯកឧត្តម ប្រាជ្ញ ច័ន្ទ បានមានប្រសាសន៍ឲ្យដឹងថា សមិទ្ធិផលដាក់សម្ពោធនាពេលនេះ បានចំណាយថវិកាសាងសង់អស់ប្រមាណ២៣៧លានរៀល និងជិត១០ម៉ឺនដុល្លារ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់នៅសង្គមខ្មែរ។ ទីអារាមនៅពាសពេញប្រទេស គឺជាថ្នាលបណ្តុះបណ្តាលពុទ្ធិដល់ពលរដ្ឋខ្មែរទំាងវិស័យពុទ្ធចក្រនិងអាណាចក្រ។ សម្តេចបានគូសបញ្ជាក់ថា លើសពីនេះព្រះពុទ្ធសាសនាបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh