ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន ធ្វើបទបង្ហាញអំពីបដិវត្តន៍ពណ៌ដល់និស្សិត សាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ
ឯកឧត្តម ឈាង វុន ធ្វើបទបង្ហាញអំពីបដិវត្តន៍ពណ៌ដល់និស្សិត សាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/8/2017 6:01:11 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងមានការចូលរួមពី ឯកឧត្តម សំ ង៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមានជ័យ និងមានការចូលរួមពី និស្សិតសាកលវិទ្យាល័យ មានជ័យជាង២០០នាក់ ដើម្បីស្តាប់បទបង្ហាញអំពីបដិវត្តន៍ពណ៌វិនាសកម្មនៃសង្គ្រាម នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យមានជ័យ ស្ថិតក្នុងខេត្ត បន្ទាយមានជ័យ។

ឯកឧត្តម សំ ង៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមានជ័យ បានមានប្រសាសន៍ថា ថ្ងៃនេះនិស្សិតសាកលវិទ្យាល័យមានជ័យ មានកិត្តិយស ដែលបានមកស្តាប់បទបង្ហាញរបស់ ឯកឧត្តម ឈាង វុន ដែលបានធ្វើបទបង្ហាញអំពីបដិវត្តន៍ពណ៌វិនាសកម្មនៃសង្គ្រាម ដែលជាប្រធានបទមួយ យ៉ាងសំខាន់ជូនដល់និស្សិត លោកគ្រូ អ្នកគ្រូ និងសាស្រ្តាចារ្យ ទាំងអស់យកទៅសិក្សាស្វែងយល់ ចៀសវាងធ្លាក់ក្នុងឧបាយកលណាមួយ ដែលគេ មានបំណង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់សព្វថ្ងៃ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ថ្លែងក្នុងបទបង្ហាញ ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសមួយចំនួន ក្នុងសកលលោក ជាពិសេសប្រទេសក្នុងមជ្ឈិមបូព៌ា បានទទួលរងគ្រោះដោយបដិវត្តន៍ពណ៌ ហើយប្រទេសទាំងនោះ បានទទួលការបំផ្លិចបំផ្លាញ ធ្លាក់យ៉ាងជ្រៅក្នុង ភ្លើងសង្គ្រាម។ សង្គ្រាមដែលប្រជាពលរដ្ឋ នៃប្រទេសទាំងនោះ មិននឹកស្មានដល់ ដែលទទួលបាននូវ ភាពវិនាសហិនហោច ខ្លោចផ្សា ស្លាប់ពិការ រត់ភៀសខ្លួន ព្រាត់ប្រាសគ្រួសារ ហើយប្រជាពលរដ្ឋទាំងនោះ នៅតែបន្តរស់នៅយ៉ាងលំបាកលំបិន ឈឺចាប់ខ្លោចផ្សា ក្នុងភ្នក់ភ្លើងសង្គ្រាម រហូតដល់ សព្វថ្ងៃ។ ដោយឡែកនៅកម្ពុជា ពាក្យដូរឬមិនដូរ…ដូរ...ដូរ...ដូរ គឺជាពាក្យស្លោកដែលគេប្រើនៅក្នុងយន្តការ នៃបដិវត្តន៍ពណ៌នៅកម្ពុជា។ ពាក្យទាំងនេះ ត្រូវបានប្រើប្រាស់ចេញពីមាត់របស់អ្នកបំបះបំបោរ ក្នុងនោះមានជាអាទិ៍ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិលមួយចំនួន ហើយក៏មាន ការចូលរួមពីប្រទេសមហាអំណាចដោយផ្ទាល់ ដោយប្រយោល ជាជំនាញការរៀបចំ និងជាហិរញ្ញវត្ថុ ផងដែរ។ តែនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបាន ផ្តួលការធ្វើបដិវត្តន៍ពណ៌ ដែលគណបក្សសង្គ្រោះជាតិបានធ្វើបាតុកម្មអោយមានអំពើហិង្សាកើតឡើងនៅផ្លូវវេងស្រេង និងវត្តភ្នំជាដើម។ ឯកឧត្តមបាន ផ្តាំផ្ញើផងដែរ សូមអោយនិស្សិត និងសាស្រ្តាចារ្យទាំងអស់ កុំចាញ់បោកនូវពាក្យញុះញង់ទាំងនោះ នាំអោយមានសង្គ្រាមនៅប្រទេសកម្ពុជា។

 

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh