ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មានប្រជាពលរដ្ឋជាច្រើនរយនាក់ មកពី២៥ រាជធានី ខេត្ត ស្នើសុំអន្តរាគមន៍ពី សម្តេចប្រធានរដ្ឋសភា ជួយជំរុញការដោះស្រាយ ទាមទារសំណងពីក្រុមហ៊ុន Empire Big Capital Limited (EBC)
មានប្រជាពលរដ្ឋជាច្រើនរយនាក់ មកពី២៥ រាជធានី ខេត្ត ស្នើសុំអន្តរាគមន៍ពី សម្តេចប្រធានរដ្ឋសភា ជួយជំរុញការដោះស្រាយ ទាមទារសំណងពីក្រុមហ៊ុន Empire Big Capital Limited (EBC)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/8/2017 12:45:58 AM )

មានប្រជាពលរដ្ឋជាច្រើនរយនាក់ តំណាងឲ្យ ៥៦៧៤គ្រួសារ មកពី ២៥ រាជធានី ខេត្ត នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ បានមកកាន់មុខវិមាន រដ្ឋសភា ដើម្បីដាក់ញ្ញត្តិសុំអន្តរាគមន៍ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា  ក្នុងការដោះស្រាយ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​មួយ​ឈ្មោះ Empire Big Capital Limited ហៅកាត់ថា (EBC)។

នៅក្នុងការស្នើសុំជំនួយអន្តរាគមន៍ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានរៀបចំធ្វើពាក្យបណ្ដឹងដាក់ទៅ តុលាការ ដើម្បីប្តឹងពីបទឆបោក ដោយទាមទារប្រាក់ដើមទុនចំនួន ៤៦,២០៤,៣៥០ ដុល្លារ មកវិញ និងប្រាក់ជំងឺចិត្តចំនួន២០លានដុល្លារ ពីបុគ្គល៣រូប ទី១-ឈ្មោះ លោក ស៊ាន តាន ជនជាតិម៉ាឡេស៊ី ដែលជាប្រធានប្រតិបត្តិក្រុមហ៊ុន Empire Big Capital Limited ( EBC ) មានទីតាំងនៅទីក្រុងហុងកុង ប្រទេសចិន។ ទី២-លោក ហួត សុវណ្ណ ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាត្នេយ៍ (AIF) និងទី៣គឺ លោក ជី ហ្គោសាលី ប្រធានសមាគម អ្នកប្រឹក្សាយោបល់វិនិយោគ (ICA)។

នៅក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា អង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាត្នេយ៍ (AIF) របស់ លោក ហួត សុវណ្ណ និង សមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) របស់ លោក ជី ហ្គោសាលី សុទ្ធតែបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ តាមអនុសារណៈយោគយល់ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ រវាងក្រុមហ៊ុន Empire Big Capital Limited ( EBC ) ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាត្នេយ៍ (AIF) និងសមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) គឺបាន បង្ហាញពីការធានាទុនរបស់អ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ពាក្យបណ្ដឹងបន្តថា ក្រុមហ៊ុនបានប្រតិបត្តិការ ប្រមូលដើមទុនពីប្រជាពលរដ្ឋជាច្រើនម៉ឺននាក់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៣មក ដោយសន្យា ផ្ដល់ផលចំណេញ ជាភាគលាភ១០%ក្នុង១ខែ ហើយក្នុង​រយៈពេល១៨ខែ ក្រុមហ៊ុននឹងសងប្រាក់ដើម ត្រលប់មកអ្នកវិនិយោគវិញទាំងអស់។ ដោយ មើលឃើញពីផលចំណេញខ្ពស់ បូករួមទាំងមានឯកសារពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្មផង ហើយក្រុមហ៊ុនក៏បានធ្វើការ ផ្សព្វផ្សាយជាសាធារណៈ មានទាំងផ្សាយក្នុង បណ្ដាញសារព័ត៌មានមួយចំនួនទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានការជឿទុកចិត្ត បានធ្វើឲ្យ អ្នកខ្លះលក់ទ្រព្យសម្បត្តិ អ្នកខ្លះខ្ចីលុយធនាគារ និងអ្នកខ្លះចងការលុយឯកជន យកមកដាក់ជាមួយក្រុមហ៊ុននេះ។ ប៉ុន្តែនៅពេលក្រុមហ៊ុននេះបិទ ប្រតិបត្តិការ នៅខែមិថុនា ឆ្នាំ២០១៥ គឺមិនទាន់បានសងដើមទុន មកអ្នកវិនិយោគវិញនៅឡើយទេ ដែលធ្វើឲ្យអ្នកវិនិយោគ ជួបកាលំបាកជាខ្លាំង ក្នុងការរកប្រាក់ដើម្បីសងការប្រាក់ទៅធនាគារ និងកម្ចីឯកជននានា។

ប្រជាពលរដ្ឋបានឲ្យដឹងថា ការមកកាន់រដ្ឋសភានៅពេលនេះ គឺដើម្បីស្នើសុំសម្ដេចប្រធានរដ្ឋសភា ជួយអន្តរាគមន៍ជំរុញ ទៅស្ថាប័នពាក់ព័ន្ធ ពិសេស ខាងតុលាការ ជួយចាត់ការលើពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ឲ្យបានឆាប់។

នៅពេលមកដល់វិមានរដ្ឋសភា តំណាងប្រជាពលរដ្ឋចំនួន១០នាក់ ត្រូវបានអនុញ្ញាតឲ្យ ចូលយកញ្ញត្តិ ដាក់នៅគណៈកម្មការទទួពាក្យបណ្ដឹងរបស់ រដ្ឋសភា ដើម្បីគណៈកម្មការពិនិត្យរៀបចំជូនសម្ដេចប្រធានរដ្ឋសភា ជួយធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh