ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាបើកវគ្គបណ្តុះបណ្តាលស្តីពី សណ្តាប់ធ្នាប់ និងបច្ចេកទេស ដល់មន្រ្តីសន្តិសុខ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
អគ្គលេខាធិការដ្ឋានរដ្ឋសភាបើកវគ្គបណ្តុះបណ្តាលស្តីពី សណ្តាប់ធ្នាប់ និងបច្ចេកទេស ដល់មន្រ្តីសន្តិសុខ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/7/2017 11:43:40 PM )

មន្ត្រីសន្តិសុខ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចំនួន៦៥នាក់ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ បានចូលរួម ក្នុងវគ្គបណ្តុះបណ្តាលស្តីពី សណ្តាប់ធ្នាប់ និងបច្ចេកទេស ដល់មន្រ្តីសន្តិសុខអគ្គលេខាធិការដ្ឋានរដ្ឋសភា។ វគ្គបណ្ដុះបណ្ដាលនេះ រៀចំធ្វើឡើងនៅអគ្គលេខាធិការដ្ឋានរដ្ឋសភា មានរយៈពេល១៧ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី០៨ ខែឧសភា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងក្រសួងមហាផ្ទៃ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍លើកឡើងពី គុណតម្លៃ នៃការរក្សាការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ក៏ដូចជាស្ថាប័ន ដែលជាតួនាទីចម្បង របស់មន្ត្រីសន្តិសុខ ត្រូវតែខិតខំបំពេញ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនោះ មន្ត្រីសន្តិសុខក៏ត្រូវមាន នូវចំណេះជំនាញមួយចំនួនជាចាំបាច់ ជាក់ស្ដែងនៅពេលនេះ មន្ត្រី សន្តិសុខ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏នឹងទទួលបាននូវការបណ្ដុះបណ្ដាលពីការងារថែរក្សាសណ្តាប់ធ្នាប់ និងបច្ចេកទេស ក្នុងការការពារសន្តិសុខ សុវត្ថិភាព ពីមន្រ្តីជំនាញមកពីក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តម ឡេង ប៉េងឡុង មានប្រសាសន៍បញ្ជាក់ថា ការការពារសុវត្ថិភាពជូនថា្នក់ដឹកនាំ គឺជាភារកិច្ចស្នូលរបស់សន្តិសុខ។ សុវត្ថិភាព សន្តិសុខ មិនថា នៅក្នុងអគ្គលេខាធិការ​ដ្ឋានរដ្ឋសភា ឬនៅកន្លែងណាក៏ដោយ គឺវាមានសារៈសំខាន់ណាស់ ជាពិសេសគឺនៅក្នុងបរិវេណវិមានរដ្ឋសភា ដែលទាមទារ ធ្វើយ៉ាងណាត្រូវតែរក្សាការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំឲ្យបានល្អ។

ឯកឧត្តមអគ្គលេខាធិការ ក៏បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីសន្តិសុខ ដែលកន្លងមកបានខិតខំក្នុងការបំពេញភារកិច្ចរបស់ ខ្លួន។ ឯកឧត្តម​ ឡេង ប៉េងឡុង ក៏បានណែនាំឲ្យមន្ត្រីសន្តិសុខទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី សណ្តាប់ធ្នាប់ និងបច្ចេកទេស ដល់មន្រ្តីសន្តិសុខអគ្គលេខាធិការដ្ឋានរដ្ឋសភានាពេលនេះ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ បង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីបន្តស្នាដៃការពារ ស្ថាប័ន ក៏ដូចជាថ្នាក់ដឹកនាំឲ្យបានល្អប្រសើរថែមទៀត។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh