ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប៖ អន្តរសភាអាស៊ានចង់ឃើញសំឡេង៦០០លាននាក់ រួមគ្នាតែមួយ ដើម្បីឲ្យអាស៊ានខ្លំាង
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប៖ អន្តរសភាអាស៊ានចង់ឃើញសំឡេង៦០០លាននាក់ រួមគ្នាតែមួយ ដើម្បីឲ្យអាស៊ានខ្លំាង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/1/2017 8:10:23 PM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈប្រតិភូសភាកម្ពុជា ដែលបានអញ្ជើញចូលរួមប្រជុំ រវាងអន្តរសភាអាស៊ាន និងប្រមុខរដ្ឋាភិបាលអាស៊ាន នៅក្នុងជំនួបកំពូលលើកទី៣០របស់អាស៊ាន នៅប្រទេសហ្វីលីពីន បានបញ្ជាក់ថា សមាជិកអាយប៉ា ដែលជាស្ថាប័ននីតិប្បញ្ញត្តិក្នុងតំបន់អាស៊ាន បាន លើកឡើងថា អាយប៉ាចង់ឃើញអាស៊ានក្លាយជាសំឡេងតែមួយ តំណាងឲ្យពលរដ្ឋ ៦០០លាននាក់។ នេះជាចំណុចមួយក្នុងចំណោមចំណុចចំនួន៨ ដែលអាយប៉ាបានលើកទៅជជែកគ្នាជាមួយអាស៊ាន។

ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមអាយប៉ាជាតិកម្ពុជា ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខ រវាងស្ថាប័នសភា និងរដ្ឋាភិបាលអាស៊ាន នាជំនួបកំពូលអាស៊ានលើកទី៣០ នៅប្រទេស ហ្វីលីពីន ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។ គណៈប្រតិភូសភាកម្ពុជា បានអញ្ជើញ​និវត្តរ៍មកដល់មាតុ​ប្រទេស​វិញហើយ នារ​សៀល ថ្ងៃទី៣០ ខែមេសា នេះ។

ក្នុងសន្និសីទសារព័ត៌មាន នៅពេលអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ​​ភ្នំពេញ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ឲ្យដឹងថា កិច្ចប្រជុំរវាងអន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) និងរដ្ឋាភិបាលអាស៊ាន បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម Pantaleon D. Alvaresz ប្រធានរដ្ឋសភា ហ្វីលីពីន និងជាប្រធានអន្តរសភាអាស៊ាន

ឯកឧត្តមបណ្ឌិតរដ្ឋ បានគូសបញ្ជាក់ថា អាយប៉ាបានឯកភាពគ្នា លើរបាយការ​ណ៍​​ចំនួន៨ចំនុច ដើម្បីយកទៅជជែក ជាមួយរដ្ឋាភិបាលអាស៊ាន។ របាយការណ៍របស់ស្ថាប័ន សភាអាស៊ានទំាង៨ចំនុចនោះមាន ចំណុចទី១ អាយប៉ាយល់ឃើញថា បើគ្មានសំឡេងឯកភាពគ្នា នៅក្នុងអាស៊ានទេ ការសម្រេចចិត្តធ្វើអ្វីមួយរបស់អាស៊ានគឺគ្មានទម្ងន់ទេ ដូច្នេះហើយ បើប្រទេសអាស៊ានទាំង១០រួមគ្នា ដែលមានសំឡេងរួមគ្នា៦០០លាននាក់ឯណោះ នោះធ្វើអោយអាស៊ានមានឥទ្ធិពល និងប្រសិទ្ធភាពខ្ពស់ ក្នុងការសម្រេចធ្វើអ្វីមួយ។ ចំណុចទី២ គឺអាយប៉ាគាំទ្រអាស៊ាន ក្នុងការអនុវត្តឲ្យបាន ពេញលេញ នូវសេចក្តីថ្លែងការការណ៍ក្រុមនីតិប្រតិបត្តិ បណ្តាភាគីពាក់ព័ន្ធក្នុងសមុទ្រចិនខាងត្បូង(DOC) ហើយជំរុញឲ្យភាគីពាក់ព័ន្ធ អនុវត្តឲ្យបាន ពេញលេញនូវ(DOC)នោះ អំពីសេរីភាពនៃការហោះហើរ និងការធ្វើនាវាចរណ៍លើសមុទ្រចិនខាងត្បូង។ ទន្ទឹមនឹងនេះ អាយប៉ាបានជំរុញអាស៊ានធ្វើឲ្យ បានប្រាកដប្រជា នូវការប្តេជ្ញាចិត្តរបស់ខ្លួន អំពីក្របខ័ណ្ឌ នៃក្រុមប្រតិបត្តិ ក្នុងសមុទ្រចិនខាងត្បូង(COC) ដែលកំណត់ កាលបរិច្ឆេទចេញឲ្យបាន នៅពាក់កណ្តាលឆ្នាំ២០១៧នេះ។ ចំណែកចំណុចទី៣នៃរបាយការណ៍ឯកភាពគ្នារបស់(AIPA) គឺ(AIPA)ទទួលស្គាល់ថាការពង្រីកឲ្យមានគម្លាតកាន់
​តែធំនៃការអភិវឌ្ឍជាហានិភ័យមួយ ប្រសិនបើគ្មានដំណោះស្រាយទេ ហេតុដូច្នេះហើយ អាយប៉ាគាំទ្រអាស៊ានឲ្យពង្រួញភាពមិនស្មើគ្នានៃគម្លាត សេដ្ឋកិច្ច សង្គមក្នុងតំបន់នេះ។ ចំណុចទី៤ គឺអាយប៉ាចង់ឃើញនូវការរៀបចំ បទដ្ឋានអាស៊ានចុងក្រោយមួយ ស្តីពីការលើកកម្ពស់ការការពារ សិទ្ធិពលករ ទេសន្តប្រវេស្តន៍។ ចំណុចទី៥ អាយប៉ាគាំទ្រ និងស្វាគមន៍រាល់ការឆ្លើយតបនិងចំណាត់ការនានាចំពោះគ្រោះមហន្តរាយ ទោះបីក្រៅតំបន់ អាស៊ានក្តី។ ចំណុចទី៦ អាយប៉ាជម្រុញឲ្យអាស៊ាន ត្រូវតែធ្វើការទាក់ទងជាប្រចាំ ពាក់ព័ន្ធភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច ពីព្រោះវានាំមកនូវ សន្តិសុខ និងស្ថិរភាពតំបន់។ ឯកសារឯកភាពគ្នាទី៧របស់អាយប៉ា ត្រូវបាន ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ឲ្យដឹងថាគឺ អាយប៉ាធ្វើការកត់សំគាល់នូវ សារៈសំខាន់នៃការរក្សាទុកនៅសមុទ្រចិនខាងត្បូងថា ជាដែនសមុទ្រសន្តិភាព វិបុលភាព សហប្រតិបត្តិការ ហើយអាយប៉ាគាំទ្រនូវដំណោះស្រាយ ជម្លោះដោយសន្តិវិធី អត់ធ្មត់តាមគោលការណ៍អន្តរជាតិ។ ហើយចំនុចចុងក្រោយនោះគឺ អាយប៉ាគាំទ្រ នូវចំណាត់ការលុបបំបាត់គ្រឿងញៀនតាម គោលការណ៍អាស៊ាន ក្នុងការលុបបំបាត់គ្រឿងញៀនអោយអស់នៅឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំទល់មុខ រវាងអន្តរសភាអាស៊ាន និងប្រមុខរដ្ឋាភិបាលអាស៊ាននេះ អាយប៉ាបានគំាទ្រ គោលការណ៍ដែលអាស៊ានមាន។ អាយប៉ា និង អាស៊ាន បានប្តេជ្ញាថា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ដើម្បីឲ្យអាស៊ាន សម្រេចបាន គោលដៅរួមរបស់ខ្លួន ក្នុងការជំរុញ ឲ្យសម្រេចនូវ សមាហរណកម្មអាស៊ាន ក្នុងវិស័យ​នយោ​បាយ សេដ្ឋកិច្ច និងវប្បធម៌នោះ៕

 អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh