ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន អំពាវនាវដល់ពលរដ្ឋចូលរួមថែរក្សាសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងវិស័យពុទ្ធសាសនា
ឯកឧត្តម ឈាង វុន អំពាវនាវដល់ពលរដ្ឋចូលរួមថែរក្សាសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងវិស័យពុទ្ធសាសនា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/11/2017 6:47:36 PM )

ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបុណ្យឆ្លងនិងសម្ពោ​ធ​សមិទ្ធិផលនានាក្នុងវត្តអម្ពវនារាម ស្ថិតក្នុងឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំ​ពង់​ចាម ឯកឧត្តម   ឈាង វុន បានអំពាវ​នាវ ដល់ប្រជាពលរដ្ឋទំាងអស់ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពសង្គម ដើម្បីទទួលបាន ការរីកចម្រើនវិស័យ ព្រះពុទ្ធសាសនា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម ជាមួយរាជរដ្ឋាភិបាលបន្តទៀត។

ឯកឧត្តម ឈាង វុន ប្រធានគណៈម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ​ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា អមដំណើរដោយ លោកជំទាវ កែវ ម៉ាលី សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យឆ្លង និងសម្ពោ​ធ​សមិទ្ធិផលនានា ក្នុងវត្តអម្ពវនារាម នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

វត្តអម្ពវនារាម ជាវត្តចំណាស់មួយ ដែលពីដើមមានឈ្មោះថាវត្តចាស់ បានសាងសង់លើផ្ទៃ​ដី៩ហិចតា។ មិនខុសពីវត្តអារាមនានានៅទូទំាងប្រទេសទេ វត្តនេះត្រូវបានបំផ្លាញស្ទើរគ្មានសល់ដោយរបបខ្មែរក្រហម។

លោក ហេង វណ្ណនី អភិបាលស្រុកស្រីសន្ធរ បានលើកឡើងថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ អាជ្ញាធរ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានរួមគ្នា កសាងហេដ្ឋា​រចនាសម្ព័ន្ធនានា នៅក្នុងវត្តជាបន្តបន្ទាប់ ដើម្បីបម្រើវិស័យព្រះពុទ្ធសាសនា។ មកដល់ពេលនេះ វត្តអម្ពវនារាម មានព្រះគ្រូចៅអធិការ ចំនួន៩អង្គហើយ។

លោកអភិបាលស្រុកបានឲ្យដឹងបន្តថា សមិទ្ធិផលក្នុងវត្តបានសាងសង់ជាបន្តបន្ទាប់ ហើយសមិទ្ធិផលដែលបានកសាងរួចរាល់ ក្រោមការដឹកនាំរបស់ ព្រះគ្រូចៅអធិ​ការ​បច្ចុប្បន្ន ព្រះនាម អ៊ឹម ប៊ុនធឿន ដាក់សម្ពោធនាពេលនេះ មានច្រើនដូចជា កុដិ សាលាឆាន់ និងរបង ជាដើម។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ឯកឧត្តម ឈាង វុន បានលើកឡើងថា វត្តអារាមមានតួនាទីមិនត្រឹមតែជាកន្លែង គោរពសក្ការបូជានោះទេ វត្តអារាមគឺជាកន្លែងអប់រំផ្លូវកាយ ផ្លូវចិត្ត ប្រជាពលរដ្ឋ ឲ្យមានការរួមរស់ជាមួយគ្នា ដោយសុខសាន្ត និងថែមទាំងបាន រួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវ​ឌ្ឍ​ប្រទេសជាតិ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។

ឯកឧត្តមប្រធានគណៈកម្មការបានគូសបញ្ជាក់ថា ព្រះពុទ្ធសាសានាជាសាសនារបស់រដ្ឋ ហើយកម្ពុជាបានបើកចំហដល់ការគោរពប្រណិប័តន៍សាសនា ដទៃដោយសេរីតាមជំនឿរបស់ពលរដ្ឋ។ ឯកឧត្តមបន្តថា វត្តអារាមដែលបម្រើ ដល់វិស័យព្រះពុទ្ធសាសនា បានជំរុញ និងលើកទឹកចិត្តដល់ ប្រជាពុទ្ធបរិស័ទ ចូលរួមចំណែកធ្វើបុណ្យកុសល ជាមួយរាជរដ្ឋាភិបាល ដូចជាការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា បម្រើដល់ការរស់នៅរបស់​ពលរដ្ឋឲ្យបានប្រសើរឡើង។

ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា រដ្ឋសភា និងរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុង​ការពង្រឹង អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា។ ជាមួយគ្នានេះ ឯកឧត្តមបាន ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទំាងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងទទួលបានការអភិវឌ្ឍហេដ្ឋារច​នា​សម្ព័ន្ធសង្គម ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី សាលារៀន មណ្ឌលសុខភាព បន្តទៀត។

នៅក្នុងឱកាសនោះ ឯកឧត្ដម ឈាង​ វុន ក៏បាននាំយកទេយ្យទាន និងបច្ច័យសរុប ចំនួន៣៤លានរៀល ប្រគេនដល់ព្រះសង្ឃ ដើម្បីចាត់ចែងនៅក្នុង កម្មវិធីបុណ្យសម្ពោធសមិទ្ធិផលនេះផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh