ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភា និងមន្រ្តីរាជការ ជូនពរ សម្តេចចក្រី ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
សមាជិករដ្ឋសភា និងមន្រ្តីរាជការ ជូនពរ សម្តេចចក្រី ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/11/2017 3:00:32 AM )

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា បានដឹកនាំសមាជិកសមាជិការដ្ឋសភា ចូលជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និងលោកជំទាវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅឯគេហដ្ឋានរបស់សម្តេច ក្នុងរាជធានីភ្នំពេញ។

តំណាងសមាជិករដ្ឋសភា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអានលិខិតជូនពរ ដែលលើកឡើងពីការលះបង់កម្លំាងកាយ បញ្ញា ស្មារតី របស់ សម្តេច ក្នុងការចូលរួមរំដោះប្រទេសជាតិ និងការកសាងអភិវឌ្ឍន៍ប្រទេសរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ឯកឧត្តមបណ្ឌិត បានលើកកន្រ្តក់ផ្កាជូន សម្តេចចក្រី ដោយការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ជាមួយការអានសារលិខិតជូនពរ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភាទាំងអស់ មានមោទនភាពយ៉ាងក្រៃលែង និងសូមគោរពកោតសរសើរដោយស្មោះ ចំពោះរាល់សកម្មភាពដ៏ប្រពៃ ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន សម្តេចបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ កម្លាំងចិត្ត និងស្មារតី ទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ និងការរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍប្រទេសជាតិ ចាប់តាំងពីគ្មានអ្វី រហូតដល់មានអ្វីៗទាំងអស់ នាពេលបច្ចុប្បន្ន ។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា “ជាពិសេសជាងនេះ សម្តេចបានដឹកនាំរដ្ឋសភា ក្នុងការកសាងច្បាប់ជាច្រើន ដែលជាតម្រូវការចាំបាច់បំផុត របស់ប្រជាជន និងប្រទេសជាតិ។ នេះជាវីរៈភាពដ៏ឧត្តុង្គឧត្តម និងជាមោទនភាពដ៏ខ្ពង់ខ្ពស់សម្រាប់យើងគ្រប់ៗរូបប្រតិបត្តិ និងយកគំរូតាម” ។

សារលិខិតបានបន្តថា “ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនៈត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធ ទាំងឡាយក្នុងលោក ឬទ្ធីតេជ្ជៈបារមី ព្រះឥន្ទ ព្រះព្រហ្ម ទេវតាឆ្នាំថ្មីព្រះនាមកិមិរាទេវី សូមថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសូមព្រះអង្គ តាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេច និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជន្មាយុ យឺនយូរ និងសុខភាពល្អបរិបូណ៏ ប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាព ក្នុងសន្តិភាព ​ស្ថិរភាពរឹងមាំតរៀងទៅ”។

តមកទៀត ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្រ្តីរាជការ ដែលដឹកនាំដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បាន ចូលជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ផងដែរ។ តំណាងមន្រ្តីរាជការទំាងអស់ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងការគោរព និងដឹងគុណជានិច្ច ចំពោះការលះបង់ របស់សម្តេចក្នុងការដឹកនាំ ធ្វើឲ្យស្ថាប័នរដ្ឋសភាមាន កិត្យានុភាពក្នុងក្របខណ្ឌជាតិ និងអន្តរ​ជាតិ។

នាព្រឹកដដែលនេះ នៅឯគេហដ្ឋានរបស់សម្តេច ក៏បានអនុញ្ញាតឲ្យក្រុមសិល្បៈរបាំត្រុដិ ចូលសម្តែងរបាំត្រុដិ ដើម្បីបណ្តេញនូវឧបទ្រពចង្រៃឆ្នាំចាស់ ចេញ និងនាំមកនូវសេរីសួស្តីក្នុងឆ្នាំថ្មី ដោយសប្បាយរីករាយផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh