ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភា៖ “ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានធ្វើឱ្យមតិជាតិ អន្តរជាតិសរសើររដ្ឋសភា”
សមាជិករដ្ឋសភា៖ “ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានធ្វើឱ្យមតិជាតិ អន្តរជាតិសរសើររដ្ឋសភា”
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/7/2017 12:34:03 AM )

ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មការជំនាញរបស់រដ្ឋសភា ថា្នក់ដឹកនាំអគ្គលេខា​ធិការ​ដ្ឋានរដ្ឋសភា បានអញ្ជើញជូនពរចំពោះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ សម្រាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ក្រៅពីសារជូនពរ និងកន្រ្តក់ផ្កាដ៏ស្រស់ស្អាត គេបានឮពីការលើកឡើង របស់សមាជិករដ្ឋសភា ពីការលះបង់កម្លំាងកាយ កម្លំាងប្រាជ្ញារបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក្នុងការចូលរួមចំណែក ដឹកនាំស្ថាប័នរដ្ឋសភានាពេលកន្លងមក ឲ្យមានការរីកចម្រើន ទទួលស្គាល់ពីមតិជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់។

តំណាងឲ្យសមាជិករដ្ឋសភា ក៏ដូចជាមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានអានលិខិតជូនពរដែលមាន ខ្លឹមសារថា “ក្នុងឱកាសដ៏មហានក្ខត្តឫក្សបវរថ្លៃថ្លា នៃឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធស័ករាជ២៥៦១ខាងមុខនេះ តាងនាមអោយគណៈកម្មការជំនាញនានានៃរដ្ឋសភា សូមគោរពជូនពរចំពោះ ឯកឧត្តមបណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមបានប្រកបនូវសព្វសាធុការពរ បវរមហាប្រសើរ វិបុលសុខគ្រប់ប្រការ និងមានថាមពលខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំមាតុភូមិកម្ពុជា ពិសេសរដ្ឋសភាប្រកប ដោយសុខសន្តិភាព វឌ្ឍនភាព និងជោគជ័យតទៅមុខកុំបីប្រែក្លាយជាប្រការដទៃឡើយ”។

សារលិខិតបានលើកឡើងបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប្រសិទ្ធភាពរបស់ឯកឧត្តមបណ្ឌិត នឹងធ្វើអោយស្ថាប័នរដ្ឋសភាកាន់តែ មានភាពជោគជ័យល្អប្រសើរជាលំដាប់ តាមរយៈការអនុញ្ញាតអោយមានការពិភាក្សាប្រកបដោយតម្លាភាព និងប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាកន្លងមក និងតទៅអនាគត។ ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា ជាពិសេសរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគាំទ្រពីមតិជាតិ និងអន្តរជាតិកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារការរួមចំណែកដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយបញ្ញាញាណរបស់ឯកឧត្តមបណ្ឌិត ដែល​ជាថ្នាក់ដឹកនាំរដ្ឋសភា។

សារលិខិតបានបញ្ចប់់ដោយឃ្លាថា “យើងខ្ញុំសូមគោរពជូនពរ ឯកឧត្តមបណ្ឌិត អនុប្រធានទី២នៃរដ្ឋសភា និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូម ឯកឧត្តមបណ្ឌិត មេត្តាទទួលការគោរពដ៏ស្មោះបំផុតពីយើងខ្ញុំទាំងអស់ គ្នា”៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh