ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ព្រះមហាក្សត្រកោតសរសើរ រដ្ឋសភា រាជរដ្ឋាភិបាល ដែលបានវិនិយោគច្រើន លើវិស័យសុខាភិបាល អប់រំ និងសង្គមកិច្ច ក្នុងឆ្នាំ២០១៧នេះ
ព្រះមហាក្សត្រកោតសរសើរ រដ្ឋសភា រាជរដ្ឋាភិបាល ដែលបានវិនិយោគច្រើន លើវិស័យសុខាភិបាល អប់រំ និងសង្គមកិច្ច ក្នុងឆ្នាំ២០១៧នេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/7/2017 12:33:27 AM )

ក្នុងឱកាសដែលរដ្ឋសភា បើកសម័យប្រជុំលើកទី៨ នីតិកាលទី៥ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០១៧នេះ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ ជូនរដ្ឋសភា ដោយនៅក្នុងព្រះរាជសារនោះ ព្រអង្គ បានសម្តែងក្តីសង្ឃឹមថា រដ្ឋសភាដ៏ឧត្តុង្គឧត្តម ជាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល នឹងបន្តខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមចំពោះមុខ បន្តទៀត ដើម្បីសម្រេចឲ្យបាននូវ ទិសដៅរួមជាជំហានៗ ធានាបាននូវសង្គមកម្ពុជាមួយ ប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា ជាមួយគ្នានេះ ការអភិវឌ្ឍប្រកបដោយចីរភាព និងសីលធម៌ គឺការធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន យូរអង្វែង។

ក្នុងព្រះរាជសារជូនរដ្ឋសភា ដែលអានដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ បាន មានព្រះរាជបន្ទូលបញ្ជាក់ថា “ខ្ញុំសង្កេតឃើញថា រយៈកាលកន្លងមកនេះ រដ្ឋសភា និងរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បន្ថែមទៀត លើវិស័យ សុខាភិបាល អប់រំ និងសង្គមកិច្ច ដោយបានបង្កើនថវិកាជាតិយ៉ាងច្រើននៅក្នុងឆ្នាំ២០១៧នេះ។ ការវិនិយោគជាមួយវិស័យសិក្សាធិការ និងសុខាភិបាល គឺជាការវិនិយោគដ៏ល្អមួយ ព្រោះការសិក្សា និងគ្រួសារជាមូលដ្ឋានគ្រឹះដ៏គង់វង្សរបស់ប្រទេសយើង”។

ជាមួយគ្នានេះ នៅក្នុងព្រះរាជសារនោះ ព្រះមហាក្សត្រ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលរក្សាបាននូវស្ថិរភាពនយោបាយ និងសង្គម សន្តិភាព និង សន្តិសុខផ្ទៃក្នុង និងការគ្រប់គ្រងសេដ្ឋកិច្ច បានធ្វើឲ្យកម្ពុជាសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រកម្រិតខ្ពស់ក្នុងប៉ុន្មានឆ្នាំ ចុងក្រោយនេះ។

ព្រះមហាក្សត្រ ព្រះអង្គបានកោតសរសើរចំពោះ សមាជិក សមាជិកា នៃរដ្ឋសភាទំាងអស់ ដែលបានបំពេញការងារអស់ពីកម្លំាងកាយចិត្ត ពុំគិតការ នឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងពេលវិស្សមកាលកន្លងមកនេះ។

សូមជម្រាបថា នៅក្នុងថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥នេះ រដ្ឋសភាបានអនុម័តរបៀបវារៈចំនួន៤ មកពិភាក្សានិងអនុម័តក្នុងនោះមាន របៀបវារៈទី១-ព្រះរាជសារព្រះ​ករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំ រដ្ឋសភាលើកទី៨ នីតិកាលទី៥។ ទី២-គឺរបាយការណ៍ ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និង​លើក​ទី៨ នីតិកាល​ទី៥។ ចំណែករបៀបវារៈទី៣-គឺការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី​លក្ខន្តិកៈមន្រ្តី​រាជការ​នៃក្រុមនីតិប្បញ្ញត្តិ និងរបៀបវារៈទី៤ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់​ព្រមលើពិធីសារទី៣ ធ្វើវិសោធន​កម្ម​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​ទំនិញ នៅក្រោម កិច្ចព្រម​ព្រៀង​ក្របខ័ណ្ឌ ​ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ទូលំទូលាយក្នុងចំណោមរដ្ឋាភិបាល នៃប្រទេស​សមា​ជិក​​សមា​គមប្រ​ជា​​ជាតិ​អាស៊ីអាគ្នេយ៍ និងសាធារ​ណរ​ដ្ឋ​កូរ៉េ។

នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាក៏បានប្រកាសទទួលស្គាល់ ឯកឧត្តម ជា វ៉ាន់ដេត ជា​តំណាង​រាស្រ្ត​ថ្មីនៃ​​មណ្ឌល​ខេត្ត​តាកែវ ជំនួស សម្តេចវិបុលបញ្ញា សុខ អាន ដែលបាន​ទទួលមរណភាពផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh