ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាជម្រាបសហភាពអន្តរសភា (IPU) ពីការខិតខំរបស់កម្ពុជា ក្នុងការគោរពសិទ្ធិ និងសុខុមាលភាពប្រជាពលរដ្ឋ
គណៈប្រតិភូសភាកម្ពុជាជម្រាបសហភាពអន្តរសភា (IPU) ពីការខិតខំរបស់កម្ពុជា ក្នុងការគោរពសិទ្ធិ និងសុខុមាលភាពប្រជាពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/6/2017 12:43:34 AM )

គណៈប្រតិភូសភា​កម្ពុជា ដឹក​នាំ​ដោយ ឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃព្រឹទ្ធសភា បាន​អញ្ជើញចូលរួម ​មហាសន្និបាត​លើកទី១៣៦ ​នៃ​សហ​ភាពអន្តរសភា(IPU) ដែលរៀបចំ​ធ្វើនៅ ទីក្រុងដាកា​ប្រទេស បង់ក្លាដេស ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ។

នៅក្នុងមហាសន្និបាតនេះ ឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា បានឡើងថ្លែងសុន្ទរកថា ដោយបានផ្តោតទៅលើប្រធានបទ “ការដោះស្រាយ វិសមភាព៖ការផ្តល់សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពដល់មនុស្សគ្រប់រូប”។ នៅក្នុងសុន្ទរកថារបស់ ឯកឧត្តម យ៉ង់ សែម បានជំរុញឱ្យមានការគោរព សិទ្ធិមនុស្ស ព្រមទាំងបង្កើតយន្តការនានា ដែលមានប្រសិទ្ធភាព ដើម្បីការពារសិទ្ធិមនុស្ស ការដោះស្រាយវិសមភាព ជាពិសេសការប្តេជ្ញាចិត្តរបស់ កម្ពុជាក្នុងការផ្តល់សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពដល់ប្រជាជនកម្ពុជា។

ក្រៅពីនេះ ប្រធានគណៈប្រតិភូសភាកម្ពុជា ក៏បានលើកពីសមិទ្ធិផលនានា ដែលកម្ពុជា​បាននិងកំពុងធ្វើសំដៅដល់ការលើកកម្ពស់ និងការផ្តល់សេចក្តី ថ្លៃថ្នូរ ជាពិសេសសុខុមាលភាពដល់មនុស្សគ្រប់រូបតាមរយៈគោលនយោបាយអភិវឌ្ឍន៍ជាតិ។

សូមជម្រាបថា មហាសន្និ​បាតនេះមានសមាជិក​សភា​ចូលរួម​ចំនួន១៣៤៨​​រូប ក្នុងនោះមានសមាជិកសភាសរុប៦៥០រូប ក្នុងនោះសមាជិកសភាជាស្រ្តី មាន២៩០រូប រួមទាំងមានប្រធាន​សភា​​ និងអនុប្រធាន​សភាចូ​លរួមចំនួន៥៣រូប មកពី​១២០ប្រទេស។ មហាសន្និ​បា​ត​ បាន​ប្រកាស​បើក​ជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧​ ដោយ លោកជំទាវ Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស អមដោយ លោកជំទាវបណ្ឌិត Shirin Sharmin Chaudhury​ ប្រធានសភាបង់ក្លាដេស ឯកឧត្តម Saber CHOWDHURY ប្រធាន​សហ​ភាព​អន្តរសភា និង ឯកឧត្តម Martin Chungong អគ្គលេខាធិការ (IPU)។​

នៅក្នុងមហាសន្និបាតលើកទី១៣៦ នៃសហភាពអន្តរសភាបានអនុម័តលើសេចក្តីសម្រេច​ចំនួន៣ រួមមាន “តួនាទីរបស់សភាក្នុងការការពារមិនឱ្យមាន ការជ្រៀតជ្រែកពីប្រភពខាងក្រៅ ចូល​ទៅ​ក្នុង​កិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យភាពណាមួយ”។ “ការជម្រុ​ញការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសទៅលើហិរញ្ញវត្ថុ រាប់បញ្ចូលទាំងស្ត្រីជាអ្នកនាំមុខ​ការអភិវឌ្ឍ” និង”ការដាក់ចេញសកម្មភាព អន្តរជាតិជាបន្ទាន់ ដើម្បីជួយសង្គ្រោះប្រជាជនរាប់លាននាក់ពីគ្រោះទុរភិក្ស និងគ្រោះរាំងស្ងួតនៅភាគខ្លះនៃតំបន់​អា្រហ្វិក និងប្រទេសយីមែន” ។

ជាមួយគ្នានេះ ក្នុងនាមសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធានសភាតំបន់អាស៊ី ឯកឧត្តម ញ៉ែម ថ្ថាវី​ សមាជិករដ្ឋសភា បានរៀបចំ និងដឹកនាំ កិច្ចប្រជុំសម្របសម្រួលរបស់សភាតំបន់អាស៊ី(APA) ក្នុងឱកាសមហាសន្និបាតលើកទី១៣៦ នៃសហភាពអន្តរសភា(IPU) នេះផងដែរ។ កិច្ចប្រជុំនេះ មានគណៈប្រតិភូមកពី២៧ប្រទេសបានចូលរួម។ ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ញ៉ែម ថ្ថាវី បានថ្លែង អំណរគុណដល់គណៈប្រតិភូ ដែលបានចូលរួមមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ ដែលធ្វើនៅព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបជូន អង្គប្រជុំអំពីលទ្ធផលវិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលអេភីអេបានសម្រេច និងសកម្មភាពការងារខាងមុខ។

សមាសភាពគណៈប្រតិភូសភាកម្ពុជា ដែលបានចូលរួមមហាសន្និបាតនេះមាន ​ឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃព្រឹទ្ធសភា លោកជំទាវ ជូឡុង សូមួរ៉ា អនុប្រធានគណៈ​កម្មការកិច្ចការប​រទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក​ជំទាវ ពុំ ស៊ីចាន់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ឯកឧត្តម ញ៉ែម ថ្ថាវី ​សមាជិករដ្ឋសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធ​សភា និង ឯកឧត្តម ស្រ៊ុន តារា អគ្គលេខាធិការរងរដ្ឋសភា និងមន្ដ្រីជំនួយការ ព្រឹទ្ធសភា រដ្ឋសភា មួយចំនួនទៀត។

គណៈប្រតិភូសភាកម្ពុជា បានបែងចែកគ្នាចូលរួមកិច្ចប្រជុំជាច្រើន នៃមហាសន្និបាតនេះ ដែលមាន កិច្ចប្រជុំអាស៊ានបូកបី រៀបចំដឹកនាំកិច្ចប្រជុំ សម្របសម្រួលសភាតំបន់អាស៊ី(APA) កិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក មហាសន្និបាតលើកទី១៣៦របស់សហភាពអន្តរសភា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី២០០ និងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី១: សន្តិភាព និងសន្តិ​សុខ​អន្តរជាតិ ជាដើម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh