ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៨ នីតិកាលទី៥ នៅថ្ងៃ៧មេសាខាងមុខនេះ
រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៨ នីតិកាលទី៥ នៅថ្ងៃ៧មេសាខាងមុខនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/2/2017 8:12:13 PM )

រដ្ឋសភាបានសម្រេច នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នេះថា នឹងបើកសម័យប្រ​ជុំរដ្ឋសភា​លើកទី​៨ នីតិកាលទី៥ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា​ឆ្នាំ២០១៧ខាងមុខនេះ បន្ទាប់ពីបាន វិស្សមកាលពីសម័យ​ប្រជុំ​ពេញ​អង្គ រយៈពេល៣ខែមកនោះ។ នេះបើតាមលទ្ធផល នៃកិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភានាព្រឹកនេះ ដែលដឹកនាំកិច្ចប្រជុំដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​​សភា

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកនេះ ក៏បានអនុម័តរបៀបវារៈសម្រាប់​ថ្ងៃបើកសម័យ​ប្រជុំរដ្ឋសភាលើកទី៨នោះដែរ ដែលមាន ទី១ គឺ ព្រះរាជសារព្រះ​ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥។ ទី២-របាយការណ៍ ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នី​តិ​​​កាល​ទី៥។ ទី៣-ការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី​លក្ខន្តិកៈមន្រ្តី​រាជការ​នៃក្រុមនីតិប្បញ្ញត្តិ និងទី៥- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់​ព្រមលើពិធីសារទី៣ ធ្វើវិសោធន​កម្ម​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​ទំនិញ នៅក្រោមកិច្ចព្រម​ព្រៀង​ក្របខ័ណ្ឌ ​ស្តីពីកិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ទូលំទូលាយក្នុងចំណោមរដ្ឋាភិបាលនៃប្រទេស​សមា​ជិក​​សមាគមប្រជា​ជាតិ​អាស៊ីអាគ្នេយ៍ និងសាធារ​ណរ​ដ្ឋ​កូរ៉េ។

ក្រៅពីនេះ កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តលើ​សំណើ​ សុំប្រកាស​ទទួល​ស្គាល់ ឯកឧត្តម ជា វ៉ាន់ដេត ជា​តំណាង​រាស្រ្ត​ថ្មីនៃ​​មណ្ឌលខេត្តតាកែវ ជំនួស សម្តេចវិបុលបញ្ញា សុខ អាន ដែលបាន​ទទួលមរណភាព។ ការ​ប្រកាសសុ​ពល​ភាព​នៃ​អាណត្តិរបស់ឯកឧត្តមជាសមាជិក រដ្ឋសភានី​តិកា​ល​​ទី៥​ នឹងធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភា នា​ពេល​ខាង​មុខ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានសម្រេចសមាសភាពលេខាធិការ៣រូប សម្រាប់សម័យប្រជុំរដ្ឋ​សភា​លើក​ទី៨ នីតិកាលទី៥ ដែលមាន ឯកឧត្តម កែប ជុតិមា លោកជំទាវ ត្រឹង ថាវី និង ឯកឧត្តម ហេង ដាណារ៉ូ

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh