ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាទទួលលៀងសាយភោជន៍ ដល់គណៈប្រតិភូជាន់ខ្ពស់សភាប្រទេសចិន
រដ្ឋសភាទទួលលៀងសាយភោជន៍ ដល់គណៈប្រតិភូជាន់ខ្ពស់សភាប្រទេសចិន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/1/2017 7:11:09 AM )

ខណៈដែលគណៈប្រតិភូជាន់ខ្ពស់ សភាប្រជាជនទូទំាងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម ឆិន ឆាងជឺ (Chen Changzhi)  អនុប្រធានសភាប្រជាជនទូទាំងប្រទេសចិន បានមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្ត​ភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពី ថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧។ រដ្ឋសភាកម្ពុជា បាន​រៀបចំពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូ នារាត្រីថ្ងៃ៣១ ខែមីនា នៅសណ្ឋាគារ អំាងទែកុងទីណង់តាល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងចិន ដែលមានការរីកចម្រើន រឹងមាំជាលំដាប់។ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលជាមិត្តដ៏យូរអង្វែងរបស់កម្ពុជា និងដែលបានជួយ អភិវឌ្ឍន៍កម្ពុជាលើ គ្រប់វិស័យ គ្រប់កាលៈទេសៈ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានេះ ឯកឧត្តម ឆិន ឆាងជឺ និងគណៈប្រតិភូ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ របស់កម្ពុជាជាច្រើនរូប នៅថ្ងៃទី៣១ ខែមីនានេះ រួមមាន ជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង ឯកឧត្តម នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា

ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំសភាប្រទេសចិន មកកម្ពុជានៅពេលនេះ ត្រូវបានវាយតម្លៃថា មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងពង្រីក ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឲ្យរឹងមាំឡើងថែមទៀត។

ប្រទេសកម្ពុជានិងចិន ត្រូវបានគេមើលឃើញថា មានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក នៅក្នុងរយៈពេលចុងក្រោយនេះ។ និយាយពី ស្ថាប័នរដ្ឋសភា កាលពីឆ្នាំ២០១៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ច នៅប្រទេសចិន។ នៅពេលនេះ តាមរយៈ ឯកឧត្តម ឆិន ឆាងជឺ សម្តេចចក្រី បានគោរពអញ្ជើញ ឯកឧត្តមប្រធានសភាប្រជាជនចិន មកបំពេញ ទស្សនកិច្ចវិញម្តង។

ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិន បានឈានដល់ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រទេសចិនបាន ចាត់ទុកប្រទេសកម្ពុជាជាមិត្ត ពិតប្រាកដ និងជាបងប្អូនដ៏ល្អ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានទី២នៃរដ្ឋសភាកម្ពុជា នៅក្នុងពិធីលៀងសាយភោជន៍នៅរាត្រីនេះ បានសូមឲ្យ ចំណងមិត្តភាពរវាងរដ្ឋាភិបាលកម្ពុជា និងចិន ចំណងមិត្តភាពសភាប្រទេសទំាងពីរ មានការរីកចម្រើន ស្ថិតស្ថេរជានិច្ចនិរន្តតទៅ។

សូមជម្រាបថា នៅមុនបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូជាន់ខ្ពស់សភាប្រជាជនចិន នឹងអញ្ជើញទៅទស្សនាប្រាង្គប្រាសាទបុរាណកម្ពុជា នៅលើទឹកដីអង្គរ នាខេត្តសៀមរាប ផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh