ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុប្រធានសភាប្រជាជនចិនអះអាងថាចិនមានឆន្ទៈក្នុងការជួយអភិវឌ្ឍន៍ ប្រទេសកម្ពុជាបន្តទៀត
អនុប្រធានសភាប្រជាជនចិនអះអាងថាចិនមានឆន្ទៈក្នុងការជួយអភិវឌ្ឍន៍ ប្រទេសកម្ពុជាបន្តទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/30/2017 9:06:20 PM )

ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព មកកាន់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៧នេះ អនុប្រធានសភាប្រជាជនទូទាំង ប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឆិន ឆាងជឺ (Chen Changzhi)  និងគណៈប្រតិភូ បានចូលជួប ពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង​ សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។ ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានសភាប្រជាជនចិន បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសកម្ពុជា និងចិន ទំាងនៅខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ឯកឧត្តមបានលើកឡើងពី ដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសចិន កាលពីឆ្នាំ២០១៦ កន្លងមកនេះ បានចូលរួមចំណែកយ៉ាងខ្លំាង ក្នុងការ លើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរឲ្យរឹងមាំបន្ថែមទៀត។

គណៈប្រតិភូជាន់ខ្ពស់ សភាប្រជាជនទូទំាងប្រទេសចិន បានចូលរួមអបអរសាទរ ជាមួយប្រទេសកម្ពុជា ដែលមានកំណើនសេដ្ឋកិច្ចល្អ និងមាន ការអភិវឌ្ឍគ្រប់វិស័យជាលំដាប់ ។ ក្នុងនាមជាមិត្ត ភាគីចិនបានរីករាយ ដែលឃើញកម្ពុជាមានការរីកចម្រើន។ ឯកឧត្តម ឆិន ឆាងជឺ បានអះអាងថា ភាគីចិន នៅតែមានឆន្ទៈ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសកម្ពុជាតទៅទៀតតាមលទ្ធភាព ហើយភាគីចិន នឹងខិតខំជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែល្អបន្ថែមទៀត ក្នុងការបម្រើផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងពីរ។

សម្តេចចក្រីប្រធានរដ្ឋសភា បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ​។ សម្តេចបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឆិន ឆាងជឺ និងគណៈប្រតិភូនៅពេលនេះ បានឆ្លុះបញ្ចាំងពីការអនុវត្ត​​លទ្ធផលនៃស្មារតីរួម រវាង សម្តេច និង ឯកឧត្តម ចាង តេជាង​ ប្រធាន សភាតំណាងប្រជាជនចិន នៅក្នុងកំឡុងពេលទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចចក្រី  នៅប្រទេសចិនកាលពី ឆ្នាំ២០១៦កន្លងមក ដែលបានឯកភាពបង្កើន នូវកិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​នីតិប្បញ្ញតិ្តប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ច នៅគ្រប់កម្រិត និងចែក​រំលែកបទពិសោធន៍ទៅវិញទៅមក។

សម្តេចចក្រី បានគូសបញ្ជាក់បន្ថែមថា “ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះប្រសាសន៍របស់ ឯកឧត្តម ប្រធានប្រតិភូ អំពីវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសយើងទាំងពីរ ដែលមានតាំងពីអតីតកាល ហើយបន្តចាក់​គ្រឹះយ៉ាងរឹងមាំរហូតដល់សព្វថ្ងៃ ហើយទំនាក់ទំនងនេះ បាន​ប្រែក្លាយជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។

ឯកឧត្តម ឆិន ឆាងជឺ បានឯកភាពការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា និងបានស្នើសម្តេចជួយជំរុញ ទំនាក់ទំនងសភាប្រទេសទំាងពីរ ឲ្យមាន ភាពរឹងមាំថែមទៀត តាមរយៈការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចគ្នានៅគ្រប់កម្រិត ដូចជាកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព សមាជិក សភាវ័យក្មេង ជាពិសេសលើការងារនីតិកម្ម និងអធិការកិច្ច។ នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានសភាប្រជាជនចិន ក៏បានប្រកាសផ្តល់ជំនួយ បណ្តុះបណ្តាលដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភានៅប្រទេសចិន ក្នុងរង្វង់ខែសីហា និងកញ្ញាខាងមុខនេះ។ ដោយនៅក្នុងនោះ ភាគីចិនបានត្រៀម ជាស្រេចក្នុងការឆ្លើយតបសំណូមពរផ្សេងៗទៀតរបស់រដ្ឋសភាកម្ពុជា។

សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណផងដែរ ដល់ប្រទេសចិនដែលបានគោរពស្រឡាញ់ និងយកចិត្តទុកដាក់ថែទំា ព្រះរាជសុខភាពថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ភាគីចិនមកកម្ពុជានាពេលកន្លងមក និងទៅថ្ងៃអនាគត។ សម្តេច បានគូសបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមិនអាចកាត់ផ្តាច់បានពីជំនួយជាសម្ភារៈ និងបច្ចេកទេសរបស់មិត្តចិននោះ ឡើយ។ បន្ថែមពីនេះ សម្តេចបានសំណូមពរដល់ ឯកឧត្តម ឆិន ឆាងជឺ និងគណៈប្រតិភូ ជួយជំរុញ កៀងគរប្រជាជនចិន មកទស្សនា និងវិនិយោគនៅ កម្ពុជា បន្ថែមទៀត។

សូមជម្រាបថា ឯកឧត្តម ឆិន ឆាងជឺ ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ដោយក្នុងនោះគណៈប្រតិភូនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ របស់កម្ពុជារួមមាន ជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង ឯកឧត្តម នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា ជាដើម។ នៅក្នុងនោះ គណៈប្រតិភូនឹងអញ្ជើញ ទស្សនាប្រាង្គប្រាសាទបុរាណ ខ្មែរនៅលើទឹកដីអង្គរ នាខេត្តសៀមរាបផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh