ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រទេសវៀតណាមចាត់គណៈប្រតិភូមកជូនពរ សម្តេចប្រធានរដ្ឋសភា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ
ប្រទេសវៀតណាមចាត់គណៈប្រតិភូមកជូនពរ សម្តេចប្រធានរដ្ឋសភា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/28/2017 9:18:17 PM )

ប្រទេសវៀតណាមបានចាត់ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ មិញលឿង (Vo Minh Luong) មេបញ្ជាការយោធភូមិភាគទី៧ ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានចូលជួបជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។

ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ មិញលឿង បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសវៀតណាម តែងតែចាត់តំណាងមកជូនពរ ឥស្សរជន ថ្នាក់ដឹកនាំសំខាន់ៗប្រទេសកម្ពុជា ក្នុងនាមជាអ្នកភូមិផងដ៏ល្អ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាខែមេសាខាងមុននេះ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានជូនពរ សម្តេចចក្រី និងថ្នាក់ដឹកនាំរដ្ឋសភាទាំងអស់ ទទួលបានសុខភាពល្អ ទទួលបាននូវជ័យជំនៈគ្រប់ភារកិច្ច ក្នុងការបម្រើប្រទេសជាតិ ស្របតាមការចង់បានរបស់ពលរដ្ឋ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ មិញលឿង បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមីនា គណៈប្រតិភូក៏បានចូលជួបជូនពរដ៏បវរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ផងដែរ។ នៅក្នុងឱកាសនោះ គណៈប្រតិភូ មានការសប្បាយរីករាយយ៉ាងខ្លំាង នៅពេលសម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ ពីការរីកចម្រើនខាងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ដែលធ្វើឲ្យ ជីវភាពពលរដ្ឋ មន្រ្តីរាជការ ពិសេសកងកម្លំាងប្រដាប់អាវុធ មានលក្ខណៈល្អប្រសើរឡើង តាមរយៈការតំឡើងប្រាក់បៀវត្សរ៍ ជាបន្តបន្ទាប់របស់ រាជរដ្ឋាភិបាល​នោះ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះវត្តមានគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកសំខាន់មួយ ក្នុងការពង្រឹងពង្រីក ចំណងមិត្តភាព សាមគ្គីភាព នៃប្រទេសទំាងពីរ ដែលរឹងមាំស្រាប់ ឲ្យកាន់តែមានលក្ខណៈរឹងមាំ ថែមទៀត។ សម្តេចបានថ្លែងអំណរគុណ ចំពោះការជូនពររបស់ភាគីវៀតណាម ហើយសម្តេចក៏បានជូនពរដល់ គណៈប្រតិភូទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ក្នុងការមកបំពេញបេសកកម្មនៅកម្ពុជានាពេលនេះ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីប្រវត្តិសាស្រ្តនៃចំណងមិត្តភាពកម្ពុជា វៀតណាម ដែលតែងតែជួយគ្នាទៅវិញទៅមក និងគ្រប់កាលៈទេសៈ ហើយកម្ពុជាមិនភ្លេចនោះទេ នូវពលិកម្មរបស់យុទ្ធមិត្តវៀតណាម ដែលបានចូលរួមរំដោះកម្ពុជា ពីរបបប៉ុលពត ក្នុងឆ្នាំ១៩៧៩នោះ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh