ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាស្ម័គ្របរិច្ចាគឈាម ក្រោមប្រធានបទ “សូមអរគុណចំពោះការជួយសង្គ្រោះជីវិតខ្ញុំ”
មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាស្ម័គ្របរិច្ចាគឈាម ក្រោមប្រធានបទ “សូមអរគុណចំពោះការជួយសង្គ្រោះជីវិតខ្ញុំ”
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/28/2017 12:14:13 AM )

មិនខុសពីឆ្នាំមុនៗ នៅឆ្នាំនេះអគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីផ្សព្វផ្សាយ និងការទទួល អំណោយឈាមដោយស្ម័គ្រចិត្ត ពីមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០១៧នេះ នៅវិមានរដ្ឋសភា​ ក្រោមប្រធានបទ “សូមអរគុណចំពោះការជួយសង្គ្រោះជីវិតខ្ញុំ”។

មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូប បានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ដោយរីករាយនាឱកាសនេះ ដោយសារពួកគេយល់ដឹងពីតម្លៃ និង សារៈសំខាន់នៃការផ្តល់ឈាម។ ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងអំណរគុណដល់មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ ដែលបាន ស្ម័គ្រចិត្តប្រកបដោយកាយវិការមនុស្សធម៌ ចូលរួមបរិច្ចាគឈាមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា ការផ្តល់ឈាមគឺជាគុណធម៌ដ៏មាន តម្លៃក្នុងការជួយសង្គ្រោះជីវិតមនុស្ស ហើយបើនិយាយតាមធម៌របស់ព្រះពុទ្ធវិញ ការបរិច្ចាគឈាម ជាសទ្ធាដ៏ថ្លៃថ្លាមួយ ដែលទទួលបានបុណ្យកុសល ច្រើនណាស់ ពីព្រោះជាអំពើល្អ អំពើកុសលដែលអាចជួយសង្គ្រោះជីវិតមនុស្ស។

ឯកឧត្តមអគ្គលេខាធិការ បានអំពាវនាវដល់មន្រ្តីរាជការ ពិសេសមន្រ្តីជាយុវជន បន្តសកម្មភាពមនុស្សធម៌នេះទៀត ដោយអាចចូលរួមជាក្លឹបអ្នកផ្តល់ ឈាម ដើម្បីផ្តល់ឈាមជាទៀងទាត់ ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអាចឲ្យមានឈាម សល់ទុកនៅក្នុងឃ្លាំង ដើម្បីប្រើប្រាស់ក្នុងការជួយ សង្គ្រោះជីវិតមនុស្សបានទាន់ពេលវេលា តាមតម្រូវការជាក់ស្តែង។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅ ដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែល តែងតែរៀបចំ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងការជួយសង្គ្រោះជីវិតមនុស្សនេះ។ លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ការផ្តល់ឈាម មិនប៉ះពាល់ដល់សុខភាពរបស់អ្នកបរិច្ចាគឡើយ។ នៅមុនធ្វើការបរិច្ចាគឈាម អ្នកស្ម័គ្រចិត្តគឺសុទ្ធតែ ទទួលបានការត្រួតពិនិត្យសុខភាពត្រឹមត្រូវ បើគ្រូពេទ្យពិនិត្យឃើញថាសុខភាពអ្នកស្ម័គ្រចិត្តមិនបរិបូរទេនោះ គ្រូពេទ្យមិនអនុញ្ញាតឲ្យធ្វើការបរិច្ចាគ​ឈាមនោះឡើយ។

លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ឈាម គឺជាឱសថ ដ៏ស័ក្តសិទ្ធបំផុត សម្រាប់ជួយសង្គ្រោះអាយុជីវិតរបស់អ្នកត្រូវការ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh