ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចចក្រី ហេង សំរិន អំពាវនាវដល់ពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីទទួលការអភិវឌ្ឍបន្តទៀត
សម្តេចចក្រី ហេង សំរិន អំពាវនាវដល់ពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីទទួលការអភិវឌ្ឍបន្តទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/27/2017 12:48:01 AM )

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានា ក្នុងវត្តគីរីណារាមទួលកែវអំពុក ស្ថិតក្នុងភូមិ អំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន ធ្វើការអំនាវពាវ ដល់ប្រជាពលរដ្ឋកម្ពុជាទំាងអស់ ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ដែលកម្ពុជាកំពុងទទួលបាន ដើម្បីផ្តល់ឱកាសដល់ រាជរដ្ឋាភិបាលកម្ពុជា បន្ត​​​​ការអភិវឌ្ឍប្រទេសជាតិទៅមុខទៀត។

សម្តេចបានគូសបញ្ជាក់ថា ដើម្បីទទួលបាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី សាលា​រៀន​គ្រប់កម្រិត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មណ្ឌល សុខភាព វត្តអារាម ជាដើមនោះ គឺ​ត្រូវការមានសន្តិភាព ស្ថិរភាពជាមុនសិន បើគ្មានសន្តិភាពទេនោះ គឺ​គ្មាន​ឡើយ​ការអភិវឌ្ឍ។

នៅក្នុង​ឱកាសនោះសម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីការរីកចម្រើន​ខាង​វិស័យ​ព្រះពុទ្ធសា​ស​នានៅកម្ពុជាផងដែរ។ សម្តេចមានប្រសាសន៍ថា វត្តអារាមនិងព្រះពុទ្ធសាសនា មានតួ​នាទី​យ៉ាង​សំខាន់​​ណាស់​​​នៅ​ក្នុង​សង្គមខ្មែរ។ ទីវត្តអារាម មិនត្រឹមជាទីគោរពសក្ការៈ​តាមជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ ថែមទាំងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង បញ្ញាញាណ តម្លៃ​សីលធម៌ និងស្មារ​តីរួម​រស់​សាមគ្គីគ្នាតាមផ្លូវពុទ្ធចក្រ និងអាណាចក្រទៀតផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្ថែមថា ក្រៅពីបាន​ចូល​រួមចំ​ណែក​យ៉ាង​សំខាន់ ​ក្នុងការអប់រំ​កាយ និងចិត្តដល់ពលរដ្ឋហើយ ព្រះពុទ្ធសាសនាថែមទាំងបានរួមចំណែក​យ៉ាង​សំខាន់នៅ​ក្នុងការអភិវឌ្ឍ​ប្រទេសជាតិ និងការថែរក្សាការពារអត្តសញ្ញាណជាតិ​ទៀត​ផង​។

សូមជម្រាបថា វត្តគីរីណារាមទួលកែវអំពុកនេះ បានកសាងឡើងឆ្នាំ១៩៧០ ប៉ុន្តែ​បានទទួល​រងការ​បំផ្លិចបំផ្លាញទៅវិញដោយរបបប៉ុលពតនិងសង្គ្រាម។ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិ​បាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយថ្ងៃរំដោះ​៧មករា១៩៧៩ ប្រជាពុទ្ធបរិស័ទ​បាន​នាំ​គ្នា​រៀបចំ កសាងអភិវឌ្ឍន៍ វត្តគីរីណារាមទួលកែវអំពុក​នេះ ជាថ្មីឡើងវិញ។  ដោយមាន​ការ​យក​ចិត្តទុកដាក់ជាខ្លំាងពីសំណាក់ សម្តេចពញាចក្រី ហេង សំរិន និង​ក្រុម​ការងារ គណៈ​កម្មការ​គ្រប់គ្រងវត្ត​បាន​កសាងព្រះវិហារ រួមនឹង​សមិទ្ធិផល​នានា​​ជា​ច្រើន​នៅក្នុងវត្ត​​។

​ចំ​ពោះសមិទ្ធិផលដែល​បានសម្ពោធ​ដាក់ឲ្យប្រើប្រាស់​នាពេល​នេះ មានឧបដ្ឋានសាលា​មួយ​​​​​ខ្នង មានបណ្តោយ​​២៤ម៉ែត្រ ទទឹង១៩ម៉ែត្រ ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់ជាង១៥ម៉ឺន​ដុល្លារ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh