ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល លើកឡើងពីគុណតម្លៃយុទ្ធសាស្រ្តឈ្នះៗ របស់ សម្តេចតេជោ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍ
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល លើកឡើងពីគុណតម្លៃយុទ្ធសាស្រ្តឈ្នះៗ របស់ សម្តេចតេជោ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/26/2017 8:31:10 PM )

ឯកឧត្តមបណ្ឌិត​ ងួន ញ៉ិល ​អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញជាអធិបតី​​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានាក្នុងវត្តប្រា​​សា​ទ​​​ស្វាយព្រៃ ស្ថិតនៅឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ​២០១៧

នៅក្នុងពិធីនេះ ​ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍លើកឡើង ពីគុណតម្លៃនៃនយោបាយ​​ឈ្នះៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទំាងស្រុងពីកម្ពុជានៅឆ្នាំ១៩៩៨ ហើយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជូនពលរដ្ឋ មកដល់សព្វថ្ងៃ។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល បាននាំមកវិញនូវការរស់រាន មានជីវិត សិទ្ធិសេរីភាព គ្រប់បែបយ៉ាងជូនពលរដ្ឋ។ ហើយការអភិវឌ្ឍទំាងវិស័យពុទ្ធចក្រ និងអាណាចក្រ បានដើរទន្ទឹមគ្នា។

ឯកឧត្តមបណ្ឌិតអនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍បន្ថែមថា ជាក់ស្ដែងក្នុងពេលបច្ចុប្បន្ននេះនៅទូទាំងប្រទេស មានវត្តចំនួន៤៨៧២ និងមាន ព្រះសង្ឃជិត៧ម៉ឺនអង្គ ក្នុងនោះគណៈមហានិកាយមាន៤៦៥៦វត្ត មានព្រះសង្ឃប្រមាណ៦ម៉ឺនអង្គ និងគណៈធម្មយុត្តិកៈនិកាយមាន២១៦វត្ត ដែល មានព្រះសង្ឃ៤០០០អង្គ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអំពាវនាវដល់ប្រជាពលរដ្ឋទំាង​អស់ ចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដែលបានមកទំាងការលំបាកនេះ ដើម្បីទទួលយកនូវការអភិវឌ្ឍប្រទេសជាតិពីរាជរដ្ឋាភិបាលបន្ថែមទៅមុខទៀត​។​

ចំពោះវត្តប្រាសាទស្វាយព្រៃ ដែលបានកសាងសមិទ្ធិផលជាច្រើន និងបានដាក់សម្ពោធនាឱកាសនេះ ត្រូវបានកសាងឡើងវិញស្ទើរទាំងស្រុង នៅក្រោយរបបខ្មែរក្រហម ដូចជាព្រះវិហារជាដើមនោះ។ ព្រះវិហារវត្តប្រាសាទស្វាយព្រៃ បានចាប់ផ្តើម​​​​កសាងនៅឆ្នាំ២០០៩និងបានចំណាយ​ថវិកា​អស់ចំនួនប្រមាណជាង២០ម៉ឺនដុល្លារ ដោយក្នុងនោះថវិកាមួយផ្នែក ​បានពីការឧបត្ថម្ភរបស់ ឯក​ឧត្តមបណ្ឌិត​អនុប្រធានទី២រដ្ឋសភា។

លោក ​អ៊ុន បុត្រ អភិបាល​ស្រុកកំពង់ស្វាយ បានឲ្យដឹងថា វត្តប្រាសាទស្វាយព្រៃ ជាវត្តចំណាស់មានអាយុកាលរាប់រយឆ្នាំកន្លងមកហើយ គឺបាន កសាងឡើងតាំងពី ព.ស ២៣៩៤ គស១៨៥១ មកម្ល៉េះ។

បន្ទាប់ពីបាន ធ្វើការសំណេះសំណាលយ៉ាងស្និទ្ធស្នាលសប្បាយរីករាយ ជាមួយប្រជា​ពលរដ្ឋរួចមក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ចើញបំពាក់ មេដាយស្ថាបនាជាតិគ្រឿងឥស្សរិយយសប្រគេនព្រះសង្ឃជូនមន្ត្រីរាជការសប្បុរសជន ដែលបានចូលរួមចំណែក កសាងអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានប្រគេន និងចែកជូនថវិកាសម្ភារៈចំពោះព្រះសង្ឃ មន្ត្រីរាជការ និងប្រជាជនជាង២ពាន់នាក់ផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh