ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាវ័យក្មេងនៃសភានិយាយភាសាបារាំង សិក្សាស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងស្ថាប័នរដ្ឋនៅកម្ពុជា
គណៈប្រតិភូសភាវ័យក្មេងនៃសភានិយាយភាសាបារាំង សិក្សាស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងស្ថាប័នរដ្ឋនៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/23/2017 12:04:21 AM )

នៅក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូសភាវ័យក្មេង នៃសភា​និយាយភាសាបារាំង ដឹកនាំដោយ លោក Bruno Lefebvre សមាជិកសភាប៊ែលហ្សិក បានមានប្រសាសន៍ជម្រាបជូន ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ថា គណៈប្រតិភូសភាវ័យក្មេងនៃសភា​និយាយភាសាបារាំងមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងស្ថាប័នរដ្ឋនៅកម្ពុជា។ លោក Bruno Lefebvre ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ដែលបានអនុញ្ញាតឲ្យ គណៈប្រតិភូចូលជួបពិភាក្សាការងារ​​​ និងសិក្សា ស្វែងយល់ពីកម្ពុជា ក៏ដូចជាការលើកកម្ពស់ដល់ ការពង្រឹងពង្រីកមិត្តភាព និងស្មារតីនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃបណ្តាប្រទេសជាសមាជិក (APF) ។

ក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ​ខែមីនា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភានោះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា (APF) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសា្វគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ  សមាជិកសភាវ័យក្មេងនិយាយភាសាបារំាង ដែលបានអញ្ជើញមកទស្សនកិច្ច សិក្សាស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងស្ថាប័នរដ្ឋរបស់កម្ពុជា។ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍លើកឡើងនូវបទពិសោធន៍ជាច្រើន ដែលកម្ពុជាទទួលបាន ពិសេសពីដំណើរការលទ្ធិប្រជាធិបតេយ្យ និងការកសាងសុខសន្តិភាពនៅក្នុងកម្ពុជា ។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បន្ថែមថា កម្ពុជាជាព្រះរាជាណាចក្រដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។ ហើយប្រព័ន្ធ គ្រប់គ្រងស្ថាប័នរដ្ឋបែងចែកអំណាចបីដាច់ដោយឡែកពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ  អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ឯកឧត្តមបណ្ឌិតក៏បាន ជម្រាបជូនគណៈប្រតិភូអំពីតួនាទីនិងភារកិច្ចទាំងបីរបស់សភាកម្ពុជា គឺជាអ្នកតាក់តែងនិងឣនុម័តច្បាប់ តាមដានការឣនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងការចុះស្វែងយល់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។  ក្រៅពីតួនាទីខាងលើ រដ្ឋសភាក៏មានការងារជាច្រើន ដែលត្រូវបំពេញ ដូចជាធ្វើទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការក្នុងតំបន់ និង​អន្តរជាតិ ជាមួយសភានៃប្រទេសនានាលើសកលលោក។ ម្យ៉ាងទៀតនាពេលកន្លងមកក្នុងនាមជាសមាជិកសភា និយាយភាសា​​បារំាង ក្រុមសភាជាតិកម្ពុជា(APF) បានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាព និងវេទិកានានារបស់(APF) ដើម្បីឈានទៅទទួលបាន កំណើនសេដ្ឋកិច្ចប្រកប​ដោយ​និរន្ត​រភាព សម្រាប់​វិបុលភាពរបស់ប្រជាពលរដ្ឋ និងមានភាពសុខដុមរមនា ទាំង​ផ្នែក​នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គមនិងវប្បធម៌ផងដែរ។

សូមបញ្ជាក់ថា ក្រុមសភាវ័យក្មេងនៃសភាប្រទេស​និយាយភាសាបារាំង ដែលមានអាយុចន្លោះពី២០ឆ្នាំ ដល់៤០ឆ្នាំ មានចំនួន១០រូប បានចាប់ផ្តើម ទស្សនកិច្ចសិក្សាស្វែងយល់ នៅទ្វីបអាមេរិក និងប្រទេសកាណាដា កាលពីឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧ ការសិក្សាស្វែងយល់ត្រូវធ្វើនៅទ្វីបអាស៊ី ដែលពេលនេះប្រទេសកម្ពុជាបានរៀបចំទទួល ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh