ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តរបៀបវារៈចំនួនបី ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា នេះ (Video Inside)
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តរបៀបវារៈចំនួនបី ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា នេះ (Video Inside)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/20/2017 9:14:59 PM )

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ​២​០១​៧ បានដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួន។

បន្ទាប់ពីបាន ប្រជុំពិភាក្សា តាមនីតិវិធីអង្គប្រជុំ បានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទី៣ ធ្វើ​វិ​សោ​ធនកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាលនៃប្រទេស សមាជិកសមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​សា​​ធារណរដ្ឋកូរ៉េ ជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ពិនិត្យ សិក្សា ដោយ​សហ​ការ​ជា​​មួយ ​គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ​ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ​ហើយ​ធ្វើ​របាយការណ៍ជូនគណៈកម្មាធិការ​អចិន្ត្រៃយ៍​​រដ្ឋ​សភាវិញ។

ជាមួយគ្នានេះ អង្គប្រជុំអនុម័ត បញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ នូវសេចក្តី​ស្នើ​ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី លក្ខន្តិកៈមន្រ្តីរាជការ នៃក្រុមនីតិប្បញ្ញត្តិ។

ចំណែករបៀបវារៈមួយទៀត គឺអង្គប្រជុំអនុម័ត យល់ព្រមលើរបាយការណ៍ ស្តីពីសកម្ម​ភាពរបស់រដ្ឋសភា​ ចន្លោះសម័យប្រជុំ រដ្ឋ​សភាលើកទី៧ និងលើកទី៨ នីតិកាលទី៥ ដោយប្រគល់ភារកិច្ចជូន អគ្គលេខាធិការដ្ឋានរដ្ឋសភា ពិនិត្យ​បញ្ចូលបន្ថែមទៀត នូវសកម្ម​ភាព​របស់រដ្ឋសភា រហូតដល់ថ្ងៃ បើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាល​ទី៥ នាពេល​ខាងមុខ។​

សូមជម្រាបថា ក្នុងចំណោមសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាចំនួន១២រូប ចូលរួមប្រជុំនាព្រឹកមិញនេះ មាន២រូបមកពីគណបក្សសំឡេង ភាគតិចក្នុងរដ្ឋសភាផងដែរ​៕ 

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh