ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្ដេច ហេង សំរិន និងឧបនាយករដ្ឋមន្ត្រីវៀតណាម កត់សម្គាល់ថា ចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេល៥០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា វៀតណាម មានការរីកចម្រើនយ៉ាងខ្លាំង
សម្ដេច ហេង សំរិន និងឧបនាយករដ្ឋមន្ត្រីវៀតណាម កត់សម្គាល់ថា ចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេល៥០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា វៀតណាម មានការរីកចម្រើនយ៉ាងខ្លាំង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/15/2017 12:14:36 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ ឯកឧត្ដម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេសនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម និង​​គណៈប្រតិភូចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ខណៈដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្ដម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមាន ប្រសាសន៍សម្ដែងការអបអរសាទរចំពោះសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបាន ក្នុងការអភិវឌ្ឍប្រទេស។ ឯកឧត្ដមបានលើកឡើងថា ឆ្នាំនេះជាខួប លើកទី៥០ នៃទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងវៀតណាម។ ឯកឧត្ដមមានក្ដីរីករាយ ដោយសង្កេតឃើញថា ចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម មានវឌ្ឍនភាពគួរជាទីមោទនៈ។

ឯកឧត្ដមបានឲ្យដឹងថា ការមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់ឧត្ដមមន្ត្រី រវាងកម្ពុជា និងវៀតណាម លើកទី៩ ​និងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៥។ ក្នុងកិច្ចប្រជុំទាំងពីរនេះ ភាគីទាំងពីរនឹងពិនិត្យរួមគ្នា ដើម្បីធ្វើយ៉ាងណាជំរុញការអភិវឌ្ឍ លើគ្រប់វិស័យបន្ថែមទៀត។ ឯកឧត្ដមបានកត់សម្គាល់ថា ទំនាក់ទំនងនយោបាយរវាងប្រទេសកម្ពុជា វៀតណាម មានភាពល្អប្រសើរ ប៉ុន្តែទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចនៅមានកម្រិតដែលត្រូវតែជំរុញបន្ថែមទៀត ដើម្បីឲ្យស្របនឹងគោលដៅរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានប្ដេជ្ញាចិត្តក្នុងការជំរុញ ពាណិជ្ជកម្មឲ្យបានដល់ទំហំ៥ពាន់លានដុល្លារអាមេរិក។

ឯកឧត្ដម បានស្នើឲ្យកម្ពុជា ជួយបង្កលក្ខណៈងាយស្រួល ដល់បណ្ដាក្រុមហ៊ុនវៀតណាម ដែលមកបណ្ដាក់​ទុននៅកម្ពុជាផង ពិសេសលើបញ្ហាផ្នែក ច្បាប់។

ឯកឧត្ដម ផាម ប៊ិញមិញ ក៏បានមានប្រសាសន៍ ជូនពរចំពោះកម្ពុជាសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតសកល ឆ្នាំ២០១៨ នាពេលខាងមុខ សូមឲ្យមានដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ ស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ផាម ប៊ិញមិញ និងគណៈប្រតិភូនា​ពេលនេះ​ ដោយសម្ដេចចាត់ទុកថា នេះជាការរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា សំដៅ​លើក​​កម្ពស់ទំនាក់ទំនង មិត្តភាព ​សាមគ្គីភាព ​ជា​ប្រពៃ​ណី និង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង​ប្រទេស​ទំាងពីរ កម្ពុជា-វៀតណាម ​ដែលមានជាយូរ​លង់​មក​ហើយ ​ឲ្យកាន់តែរឹងមាំ ខ្លាំងក្លា ទ្វេដងឡើង​ថែម​ទៀត​។

សម្តេចចក្រី ក៏បានសម្ដែងក្តីរីករាយដោយឃើញវឌ្ឍនភាព នៃចំណងសាមគ្គីភាព និងកិច្ចសហ​ប្រតិបត្តិការក្នុងរយៈពេល៥០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា វៀតណាម មានការរីកចម្រើនយ៉ាងខ្លាំង។ សម្ដេចមានប្រសាសន៍បន្ថែមថា បើទោះបីមានការវិវឌ្ឍន៍ប្រែប្រួល នៃភូមិ​សាស្រ្តនយោបាយ ទំាងក្នុង តំបន់ និងសកលលោកយ៉ាងណា ក៏ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជា​ប្រពៃ​ណី ក្នុងភាពជាអ្នកភូមិផងល្អ និងកិច្ចសហ​ប្រតិបត្តិការស្អិតរមួតរវាង ប្រទេសយើងទំាងពីរ កម្ពុជា-វៀតណាម កាន់​តែ​រឹង​មាំទ្វេដង។

តាមរយៈ ឯកឧត្ដម ផាម ប៊ិញមិញ សម្ដេចប្រធានរដ្ឋសភា ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ជូនចំពោះ ឯកឧត្តម ង្វៀន ភូជុង អគ្គលេខា​ធិការ​បក្ស ឯកឧត្តម ត្រាន់ ដៃគួង ប្រធានរដ្ឋ លោកជំទាវ ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភា ឯកឧត្តម ង្វៀន សួនហ្វុក នាយក​រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំផ្សេងទៀត នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាមផងដែរ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh