ថ្ងៃ សុក្រ ទី 28 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទទួលបន្ទុកហិរញ្ញវត្ថុនៃសភា កម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាចុះហត្ថលេខា លើផែនការកិច្ចសហប្រតិបត្តិការនាពេលអនាគត
គណៈកម្មការទទួលបន្ទុកហិរញ្ញវត្ថុនៃសភា កម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាចុះហត្ថលេខា លើផែនការកិច្ចសហប្រតិបត្តិការនាពេលអនាគត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/14/2017 2:58:17 AM )

បន្ទាប់ពីបាន ដំណើរការប្រជុំ អស់រយៈពេល២ថ្ងៃ របស់គណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃសភា កម្ពុជា ឡាវ និង វៀតណាម ព្រមទាំងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ​សវនកម្មមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ សិក្ខាសាលារួមគ្នាលើកទី៧ បានបន្តចូលដល់ កិច្ចប្រជុំវគ្គទី៤ ដោយបាន លើកយកលទ្ធផល នៃសិក្ខាសាលារួមគ្នា លើកទី៦ នៅទីក្រុងដាណាង ប្រទេសវៀតណាម មកពិភាក្សាគ្នា និងផែនការ សកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

កិច្ចប្រជុំលើកទី៤ ដែលជាវគ្គបញ្ចប់នេះមាន ឯកឧត្ដម សុន ឆ័យ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាកម្ពុជា ជាប្រធានអង្គប្រជុំ

តំណាងប្រតិភូ ប្រទេសទាំងបួន (ឡាវ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា)  បានរាយការណ៍ ពីសកម្មភាពការងារ ដែលប្រទេសនីមួយៗ បានអនុវត្តក្នុង រយៈពេល២ឆ្នាំកន្លងមក ក្រោយពីសិក្ខាសាលារួមគ្នាលើកទី៦ នៅទីក្រុងដាណាង ប្រទេសវៀតណាម។ ជារួមយើងសង្កេតឃើញថា ទោះបីជាប្រទេស នីមួយៗ បានជួបប្រទះនូវការប្រឈមខ្លះៗក្ដី ប៉ុន្តែគេសង្កេតឃើញថាមានវឌ្ឍនភាពជាច្រើន ដែលប្រទេសទាំង៤សម្រេចបានផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនាឱកាសនេះ ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា កម្ពុជា ឯកឧត្ដម ង្វៀន ឌឹកហៃ ប្រធានគណៈកម្មការកិច្ចការហិរញ្ញវត្ថុ ថវិកានៃសភាវៀតណាម និងឯកឧត្ដម វីឡាវង្ស ប៊ូដាក់ខាំ ប្រធានគណៈកម្មការ ផែនការ ហិរញ្ញវត្ថុ និងសវនកម្ម នៃសភាឡាវ បានអញ្ជើញចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនេះមាន៥ចំណុចគឺ៖

១-បន្តឲ្យមានសិក្ខាសាលា រវាងគណៈកម្មការសភាប្រទេសទាំង៣ ទាក់ទងនឹងបញ្ហាថវិកា ហិរញ្ញវត្ថុ និងសវនកម្មជារៀងរាល់២ឆ្នាំម្ដង។ សិក្ខាសាលា រួមគ្នាលើកទី៨ នឹងប្រារព្ធធ្វើនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឆ្នាំ២០១៩ លើប្រធានបទដែលបានស្នើឡើង​ “ការពង្រឹងសមត្ថភាព សភាថ្នាក់ក្រោមជាតិ សភាខេត្ត លើការត្រួតពិនិត្យថវិកា និងសវនកម្ម”។

២-លើកទឹកចិត្តឲ្យគណៈកម្មាធិកា​រទទួលបន្ទុកហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃសភាជាតិសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលរួមក្នុងវេទិកាបែបនេះ នាពេលអនាគត។

៣-បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងចំណោមគណៈកម្មកា​រទទួលបន្ទុកហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដោយមានការអញ្ជើញអ្នកជំនាញការអន្តរជាតិចូលរួម។

៤-ពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ដោយភ្ជាប់នឹងស្ថាប័នបច្ចេកទេស ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្ម នៃប្រទេស ទាំង៤។

៥-បន្តស្វាគមន៍ និងលើកទឹកចិត្តដល់អង្គការអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប (EU) ធនាគារពិភពលោក (WB) មូលនិធិ រូបិយវត្ថុអន្តរជាតិ (IMF) កម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNDP) និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីបន្តគាំទ្រ ទាំងជំនួយផ្នែក ហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីបង្កើតជាព្រឹត្តិការណ៍ដូចនេះ ព្រមទាំងជំនួយ វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី និងដំណើរទស្សនកិច្ចសិក្សា (រួមគ្នា) ពីការងារត្រួតពិនិត្យថវិកានៅឯបរទេស ក៏ដូចជាភារកិច្ចសំខាន់ផ្សេងៗទៀតនៃសភាប្រទេសទាំង៤។

នៅក្នុងសុន្ទរកថាបិទសិក្ខាសាលារួមគ្នាលើកទី៧នេះ ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណចំពោះគណៈប្រតិភូប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញមកចូលរួម ក្នុងអង្គសិក្ខាសាលារួមគ្នារយៈពេល២ថ្ងៃកន្លងមកនេះ និងបានធ្វើឲ្យសិក្ខាសាលានេះប្រព្រឹត្តទៅបានប្រកបដោយជោគជ័យ។

ឯកឧត្ដមបណ្ឌិតរដ្ឋ មានប្រសាសន៍ទៀតថា នៅក្នុងអង្គសិក្ខាសាលា រយៈពេល២ថ្ងៃនេះដែរ អ្នកចូលរួមទាំងអស់ បានជជែកពិភាក្សា និងផ្លាស់ប្ដូរ បទពិសោធន៍គ្នាទៅវិញទៅមក ដែលធ្វើឲ្យយើងអាចបោះជំហានទៅមុខកាន់តែរឹងមាំ ប្រកបដោយភាពជឿជាក់ ក្នុងការពង្រឹងនូវ កិច្ចសហប្រតិបត្តិការ រវាងគណៈកម្មការទទួលបន្ទុកហិរញ្ញវត្ថុនៃប្រទេសទាំង៣ កម្ពុជា ឡាវ និងវៀតណាម ដើម្បីបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសរៀងៗ ខ្លួន។ ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប មានប្រសាសន៍បន្ថែមថា អ្វីដែលយើងត្រូវធ្វើបន្ត គឺយើងត្រូវជំរុញការអនុវត្តសកម្មភាពជាក់ស្ដែង ដើម្បីសម្រេច ឲ្យបាននូវលទ្ធផលជាផ្លែផ្កា បន្ទាប់ពីសិក្ខាសាលានេះបញ្ចប់ទៅ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh