ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទទួលបន្ទុកហិរញ្ញវត្ថុនៃសភា កម្ពុជា ឡាវ និងវៀតណាមព្រមទាំងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរសវនកម្មមីយ៉ាន់ម៉ា បានបន្តប្រជុំចែករំលែកបទពិសោធន៍អំពីតួនាទីរបស់អាជ្ញាធរសវនកម្មជាតិ
គណៈកម្មការទទួលបន្ទុកហិរញ្ញវត្ថុនៃសភា កម្ពុជា ឡាវ និងវៀតណាមព្រមទាំងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរសវនកម្មមីយ៉ាន់ម៉ា បានបន្តប្រជុំចែករំលែកបទពិសោធន៍អំពីតួនាទីរបស់អាជ្ញាធរសវនកម្មជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/13/2017 8:59:09 PM )

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ សិក្ខាសាលារួមគ្នាលើកទី៧ របស់គណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃសភា កម្ពុជា ឡាវ និងវៀតណាម ព្រមទាំងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ​សវនកម្មមីយ៉ាន់ម៉ា បានបន្តកិច្ចប្រជុំវគ្គទី៣ ដោយបានលើកយកបញ្ហា “អភិបាលកិច្ច ល្អ និងការគ្រប់គ្រងថវិកាជាតិ” យកមកពិភាក្សាគ្នា ពិសេសគឺការចែករំលែកបទពិសោធន៍ និងមេរៀនអំពីតួនាទីរបស់អាជ្ញាធរសវនកម្មជាតិ។

កិច្ចប្រជុំលើកទី៣ ដែលបន្តរៀបចំធ្វើនៅសណ្ឋាគារសុខារាជធានីភ្នំពេញនេះ ដឹកនាំដោយ ឯកឧត្ដម សុន ឆ័យ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាកម្ពុជា ជាប្រធានអង្គប្រជុំ

តំណាងអាជ្ញាធរសវនកម្មនៃប្រទេសទាំងបួន (វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា) បានធ្វើបទបង្ហាញ ពីសកម្មភាពការងារ សវនកម្មរបស់ប្រទេស រៀងៗខ្លួន។ ក្នុងបទអន្តរាគមន៍ទាំងអស់ សុទ្ធតែបានបង្ហាញពីគោលបំណង និងមូលហេតុនៃការធ្វើសវនកម្ម ដើម្បីកសាងជំនឿចិត្តដល់សាធារណជន អំពីសុច្ចរិតភាព តម្លាភាព និងការទទួលខុសត្រូវរបស់ស្ថាប័ន ដែលប្រើប្រាស់ថវិការបស់រដ្ឋ។ ម៉្យាងទៀត ការធ្វើសវនកម្ម ក៏មានគោលដៅជំរុញឲ្យមាន អភិបាលកិច្ចល្អ ប្រឆាំងនឹងអំពើពុករលួយ និងធ្វើឲ្យមាន ការផ្លាស់ប្ដូរឥរិយាបថ របស់មន្ត្រីបំពេញការងារ ដែលត្រូវតែប្រកាន់យក នូវការអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់។

ដោយឡែក ក្នុងបទបង្ហាញរបស់ ឯកឧត្ដមបណ្ឌិត អ៊ុក សារ៉ាវុធ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មកម្ពុជា បានបញ្ជាក់បន្ថែមថា នៅកម្ពុជាមានការ យកចិត្តទុកដាក់លើការងារអភិបាលកិច្ចនេះជាទីបំផុត ដោយនៅកម្ពុជាមាន ការធ្វើសវនកម្មទាំងផ្ទៃក្នុង(សាមីស្ថាប័ន) និងសវនកម្មផ្ទៃក្រៅ គឺធ្វើដោយ អាជ្ញាធរសវនកម្មជាតិ (ដែលជាស្ថាប័នឯករាជ្យ)។

ឯកឧត្ដម សុន ឆ័យ បានមានប្រសាសន៍ថា នៅក្នុងការអនុវត្តការងារ របស់អាជ្ញាធរសវនកម្ម នៃប្រទេសទាំង៤ ដែលបានលើកឡើង នៅមានចំណុច ដែលជាការលំបាកមួយចំនួន ដែលចេញពីលទ្ធផលនៃកិច្ចប្រជុំនេះ យើងត្រូវតែមានគម្រោងណាមួយ ដើម្បីជំរុញសមត្ថភាពការងារ របស់អាជ្ញាធរ សវនកម្មឲ្យមានកម្រិតស្ដង់ដារកាន់តែប្រសើរឡើង ក៏ដូចជាការធ្វើទំនើបកម្មការងារសវនកម្មនេះផង។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh