ថ្ងៃ ព្រហស្បត្តិ៏ ទី 30 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិក្ខាសាលារួមគ្នាលើកទី៧ ស្ដីពី “បទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងការវិនិយោគសាធារណៈ” បានចាប់ផ្ដើមបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ
សិក្ខាសាលារួមគ្នាលើកទី៧ ស្ដីពី “បទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងការវិនិយោគសាធារណៈ” បានចាប់ផ្ដើមបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/13/2017 12:17:28 AM )

សិក្ខាសាលារួមគ្នាលើកទី៧ រវាងគណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្ម នៃរដ្ឋសភា កម្ពុជា ឡាវ និងវៀតណាម និងមាន ការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្មនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានចាប់ផ្ដើមបើក ជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

នៅក្នុងសុន្ទរកថាស្វាគមន៍ ចំពោះវត្តមានគណៈអធិបតី ក៏ដូចជាគណៈប្រតិភូ ភ្ញៀវជាតិ អន្តរជាតិ ដែលបានអញ្ជើញចូលរួម ក្នុងអង្គសិក្ខាសាលា ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានមានប្រសាសន៍ថា សិក្ខាសាលារួមគ្នា លើកទី៧ ស្ដីពី“បទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងការវិនិយោគសាធារណៈ” គឺជាប្រធានបទមួយដ៏មានសារៈសំខាន់ ស្របទៅ នឹងបរិបទតំបន់ និងសកលលោក ជាពិសេសសម្រាប់ប្រទេសទាំង៤ ដែលមានស្ថានភាពសេដ្ឋកិច្ច លក្ខណៈភូមិសាស្ត្រ នយោបាយនិងការអភិវឌ្ឍ ប្រហាក់ប្រហែលគ្នា។

នៅក្នុងសុន្ទរកថាគន្លឹះរបស់ លោកស្រី អ៊ីនហ្គោណា ដូប្រាចា ( Ms Inguna Dobraja) អ្នកគ្រប់គ្រងប្រចាំប្រទេស នៃធនាគារពិភពលោក បានមាន ប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ និងភាពចាំបាច់នូវតួនាទីសភាក្នុងការតាក់តែងច្បាប់ និងត្រួតពិនិត្យមើលកិច្ចការងាររបស់រដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រាកដថា ការប្រើថវិកាជាតិ និងការគ្រប់គ្រងការវិនិយោគសាធារណៈទទួលបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដែលមិនត្រឹមតែជួយ គាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងទទួលបានការអភិវឌ្ឍប្រកបដោយបរិយោប័ន្ន និងចីរភាព។

ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបើក អង្គសិក្ខាសាលា លើកទី៧នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កោតសរសើរចំពោះគណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា កម្ពុជា ឡាវ និងវៀតណាម ដែលបានផ្ដួចផ្ដើមគំនិតរៀបចំវេទិកានេះ២ឆ្នាំម្ដង ដើម្បីពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសការងារ គ្រប់គ្រងតាមដានត្រួតពិនិត្យ ហិរញ្ញវត្ថុ និងថវិកាជាតិ សំដៅរិះរកយុទ្ធសាស្ត្រ និងយន្តការគន្លឹះដើម្បីធានាបាននូវការប្រើប្រាស់ថវិកាជាតិ និងវិនិយោគ សាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព តាមរយៈការលើកកម្ពស់តួនាទី តាមដានត្រួតពិនិត្យរបស់សភា អាជ្ញាធរសវនកម្ម និងការចូលរួមពីប្រជាពលរដ្ឋ។

សម្ដេចមានប្រសាសន៍បន្តថា សិក្ខាសាលានេះ ក៏ផ្ដល់កាលានុវត្តភាពមួយដ៏សំខាន់ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង៤ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម សំដៅធានាថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព និងស្ថិរភាព ទាំងក្នុងកម្រិតជាតិ តំបន់ និងពិភពលោក។

ដោយបានមានប្រសាសន៍ រម្លឹកពីប្រទេសទាំងបួន ដែលសុទ្ធតែធ្លាប់បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ អស់​រយៈពេលជាច្រើនទសវត្សរ៍ ដែលធ្វើឲ្យការអភិវឌ្ឍ មានភាពយឺតយ៉ាវ និងមានការប្រឈមជាមួយបញ្ហាជាច្រើនផងនោះ សម្ដេច ហេង សំរិន ក៏បានឆ្លៀតថ្លែងអំណរគុណ ចំពោះធនាគារពិភពលោក ភ្នាក់ងារអូស្ត្រាលី និងប្រទេសជាដៃគូអភិវឌ្ឍន៍ជប៉ុន សហគមន៍អឺរ៉ុប ប្រទេសស៊ុយអែត ដែលជានិច្ចកាល តែងតែបានជួយគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរួមចំណែក អភិវឌ្ឍន៍ប្រទេសទាំងបួន ជាពិសេសគឺបានជួយ ឧបត្ថម្ភ គាំទ្រ ដល់ការរៀបចំសិក្ខាសាលារួមគ្នាបែបនេះ តាំងពីដើម រៀងមក។

សម្ដេចប្រធានរដ្ឋសភាក៏បានបង្ហាញនូវក្ដីរំពឹងថា សិក្ខាសាលាស្ដីពី“បទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងការវិនិយោគសាធារណៈ” ពិតជានឹងផ្ដល់ជាអនុសាសន៍ និងគំនិតល្អៗ សម្រាប់ចូលរួមចំណែក ដល់កិច្ចប្រឹងប្រែង ពន្លឿនកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេសទាំងបួន ប្រកបដោយចីរភាព។

សូមបញ្ជាក់ថា សភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលារួមគ្នាលើកទី៧ រវាង​​គណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្ម នៃរដ្ឋសភា កម្ពុជា ឡាវ និងវៀតណាម បានរៀបចំធ្វើក្រោមប្រធានបទ “បទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងការវិនិយោគសាធារណៈ” ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានី ភ្នំពេញ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh