ថ្ងៃ សុក្រ ទី 28 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាបានត្រៀមរួចរាល់ហើយសម្រាប់ការរៀបចំសិក្ខាសាលារួមគ្នាលើកទី៧ រវាងគណៈកម្មការសេដ្ឋកិច្ច និងថវិកា នៃសភាកម្ពុជា ឡាវ និងវៀតណាម
សភាកម្ពុជាបានត្រៀមរួចរាល់ហើយសម្រាប់ការរៀបចំសិក្ខាសាលារួមគ្នាលើកទី៧ រវាងគណៈកម្មការសេដ្ឋកិច្ច និងថវិកា នៃសភាកម្ពុជា ឡាវ និងវៀតណាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/10/2017 12:46:43 AM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ជាចុងក្រោយ សម្រាប់ការត្រៀមរៀបចំសិក្ខាសាលារួមគ្នាលើកទី៧ ស្តីពីបទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យថវិកាជាតិ និងគ្រប់គ្រងការវិនិយោគ សាធារណៈ ដែលមានការចូលរួមពីគណៈកម្មការសេដ្ឋកិច្ច និងថវិកា នៃសភាកម្ពុជា ឡាវ និងវៀតណាម នឹងត្រូវរៀបចំធ្វើនៅថ្ងៃទី១៣-១៤ ខែមីនា ខាងមុខ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

កិច្ចប្រជុំដែលបានរៀចំធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន លេខាធិការ និងសមាជិក សមាជិកាគណៈកម្មការ។ ជាមួយគ្នានោះ ក៏មានវត្តមានស្ថាប័នពាក់ព័ន្ធចូលរួមផងដែរ រួមមាន ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អ៊ុក សារាវុធ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ និងឯកឧត្តមអគ្គលេខាធិការរដ្ឋសភា ព្រមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍រាយការណ៍ជូនថា មកទល់ពេលនេះ អគ្គលេខាធិការរដ្ឋសភាបានទទួលបញ្ជី ឈ្មោះគណៈប្រតិភូសភា ប្រទេសវៀតណាម ប្រទេសឡាវ និង ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវមកចូលរួមក្នុងសិក្ខាសាលានេះរួចរាល់អស់ហើយ សរុប មានចំនួន៣០នាក់។ ក្នុងនោះសភាប្រទេសវៀតណាម ដឹកនាំដោយ ឯកឧត្តម Nguyen  Duc Hai ប្រធានគណៈកម្មការសេដ្ឋកិច្ច និងថវិកាជាតិ នៃសភាវៀតណាម មានសមាជិកសរុប១៣នាក់ ដោយមានតំណាងក្រសួងសេដ្ឋកិច្ច និងតំណាងអាជ្ញាធរសវនកម្មជាតិផង។ ប្រទេសឡាវដឹកនាំដោយ ឯកឧត្តម Vilayvong Bouddakham សមាជិកគណៈកម្មការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចផែនការ និងសវនកម្មនៃសភាឡាវ មាន សមាជិក​ចំនួន១៥រូប ក្នុងនោះមានតំណាងក្រសួងសេដ្ឋកិច្ចផែនការ និងអាជ្ញាធរសវនកម្មជាតិផងដែរ។

ដោយឡែក ប្រទេសមីយ៉ាន់ម៉ា មិនមានតំណាង ខាងសភាចូលរួមទេ គឺប្រតិភូដឹកនាំដោយ លោកជំទាវ Naing theoo អគ្គលេខាធិការអាជ្ញាធរ សវនកម្មជាតិ នៃប្រទេសមីយ៉ាន់ម៉ា និងមានសមាជិកចំនួន២រូបចូលរួម។

ឯកឧត្តមអគ្គលេខាធិការ បានមានប្រសាសន៍បន្តថា ជារួមអ្វីគ្រប់យ៉ាង សម្រាប់ដំណើរការសិក្ខាសាលារួមគ្នាលើកទី៧ រវាងគណៈកម្មការសេដ្ឋកិច្ច និង ថវិកា នៃសភាកម្ពុជា ឡាវ និងវៀតណាម នាពេលខាងមុខ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានត្រៀមរួចរាល់អស់ហើយ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ ថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម អគ្គលេខាធិការរដ្ឋសភា មន្ត្រីជំនាញទាំងអស់ ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការល្អ និងបានយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំ ដើម្បីឲ្យដំណើរការ សិក្ខាសាលា​រួមគ្នា លើកទី៧ រវាងគណៈកម្មការសេដ្ឋកិច្ច និងថវិកា នៃសភាកម្ពុជា ឡាវ និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខទទួលបានជោគជ័យ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh