ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្នុងឱកាសទិវាអន្តរជាតិនារី លោកជំទាវ ឃួន សុដារី អំពាវនាវឲ្យស្រ្តី ចូលរួមថែរក្សាសុខសន្តិភាពនៅកម្ពុជា
ក្នុងឱកាសទិវាអន្តរជាតិនារី លោកជំទាវ ឃួន សុដារី អំពាវនាវឲ្យស្រ្តី ចូលរួមថែរក្សាសុខសន្តិភាពនៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/3/2017 7:31:37 AM )

នៅក្នុងឱកាស ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ខួបលើកទី១០៦ នៅឯស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ លោកជំទាវ ឃួន សុដារី ប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកន​យោបាយស្ត្រី និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានធ្វើការអំពាវនាវដល់ ស្រ្តីទំាងអស់ ចូលរួមថែរក្សា ការពារ​សុខសន្តិភាព ដែលកម្ពុជាទទួលបានយ៉ាងលំបាក ឲ្យនៅគង់វង្សរហូតទៅ ដើម្បីផ្តល់ឱកាសជូន រាជរដ្ឋាភិបាលធ្វើ ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់តម្លៃស្រ្តីបន្តទៀត។

ខួបលើកទី១០៦ទិវាអន្តរជាតិ៨មីនាឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» លោកជំទាវ​ ឃួន សុដារី បានមាន ប្រសាសន៍ថា ទិវាអន្តរជាតិនារី៨មីនា ប្រារព្ធធ្វើឡើងគឺ​ដើម្បីរម្លឹកឡើងវិញនូវការតស៊ូ ការលះបង់របស់នារី និងស្រ្តីនៅលើពិភពលោក ដែលបានធ្វើការ ទាមទារសិទ្ធិសេរីភាពរបស់ខ្លួន។ លោកជំទាវ បានគូសបញ្ជាក់ថា ប៉ុន្តែនៅកម្ពុជា ដោយមានក្រសួងកិច្ចការនារី ជាសេនាធិការរបស់រាជរដ្ឋាភិបាល​ តម្លៃស្រ្តី សិទ្ធិស្រ្តី ត្រូវបានលើកកម្ពស់ជាលំដាប់ នៅគ្រប់វិស័យមិនថាវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមនោះទេ​។

លោកជំទាវបានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានហែឆ្លងផុតពីភ្លើង សង្គា្រម ហើយក្លាយជាប្រទេសមួយ ដែលកំពុងទទួលបានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ កំណើនសេដ្ឋកិច្ចកម្ពុជា បានស្ថិតនៅក្នុងរង្វង់៧% ដែលធ្វើឲ្យជីវភាពពលរដ្ឋប្រសើរឡើងជាលំដាប់។

លោកជំទាវ ឃួន សុដារី បានអំពាវនាវឲ្យនារី ចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព សណា្តប់ធ្នាប់សង្គម ដើម្បីផ្តល់ឱកាស ជូនរដ្ឋាភិបាល
ធ្វើ ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការលើកកម្ពស់សិទ្ធិស្ត្រី និងកុមារបន្តទៀត​។ លោកជំទាវតំណាងរាស្រ្តបានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបាន តាំងចិត្តយ៉ាងមុតមាំក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសង្គម មិនឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមសារជាថ្មីទៀតនោះទេ។

លោកស្រី គួ ម៉ានី ប្រធានសមាគមនារីស្រុកលើកដែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ឃួន សុដារី ដែលតែងតែចំណាយ ពេលវេលាមានតម្លៃជារៀងរាល់ឆ្នាំ មកជួបសំណេះ​សំណាល ​​ជាមួយនារីនៅក្នុងស្រុកលើកដែកនេះ នៅក្នុងទិវាអន្តរជាតិនារី។ លោកស្រីបានគូស បញ្ជាក់ថា វត្តមានរបស់ លោកជំទាវ ឃួន សុដារី នៅក្នុងទិវានេះ គឺជាកម្លំាងចិត្តយ៉ាងសំខាន់ ក្នុងការជំរុញនិងលើកទឹកចិត្តស្រ្តី នៅក្នុងមូលដ្ឋាននេះ ចូលរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិរហូតទៅ។

ក្នុងពិធីដ៏សប្បាយរីករាយ និងស្និទ្ធស្នាលនេះ លោកជំទាវ ឃួន សុដារី បាននាំយកវត្ថុអនុស្សាវរីយ៍ចែកជូនដល់ស្រ្តី ដែលបានចូលរួមក្នុងកម្មវិធីនេះ ជាចំណងដៃផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh