ថ្ងៃ អង្គារ ទី 28 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិក្ខាសាលារួមគ្នាលើកទី៧ រវាងគណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងខែមីនាខាងមុខ នៅកម្ពុជា ក្រុមការងារបានត្រៀមរួចរាល់ស្ទើរតែទាំងស្រុង
សិក្ខាសាលារួមគ្នាលើកទី៧ រវាងគណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងខែមីនាខាងមុខ នៅកម្ពុជា ក្រុមការងារបានត្រៀមរួចរាល់ស្ទើរតែទាំងស្រុង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/27/2017 2:17:21 AM )

នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ឯកឧត្តម សុន ឆ័យ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំត្រៀម សម្រាប់​ការរៀបចំ សិក្ខាសាលារួមគ្នាលើកទី៧ រវាងគណៈកម្មការ សេដ្ឋកិច្ចនៃរដ្ឋសភា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ស្តីពី“បទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងការវិនិយោគសាធារណៈ” ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃ ទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ខាងមុខ  នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា​គណៈកម្ម​ការទី២ និងមន្ត្រីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មួយចំនួនទៀត។

ឯកឧត្តម សុន ឆ័យ បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យបញ្ចប់នូវ​ការងារសំខាន់ៗចំនួន៦ រួមមាន៖

១-ការងាររៀបចំឯកសារសម្រាប់សិក្ខាសាលា

២-ការធ្វើទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្មជាតិ អំពីការ​រៀបចំសុន្ទរកថា ឬក៏ចំណាប់អារម្មណ៍របស់ស្ថាប័នទាំងពីរ នេះ សម្រាប់ថ្លែងក្នុងសិក្ខាសាលា

៣-ការងាររៀបចំឯកសារចុះអនុសារណៈ(MOU)

៤-ការរៀបចំកម្មវិធីប្រជុំបានកែសម្រួលចប់រួចរាល់ហើយឬនៅ

៥-អំពីការរៀចំកន្លែងអង្គុយសម្រាប់គណៈប្រតិភូចូលរួមទាំងអស់

៦-អំពីការចាត់តាំងមន្ត្រីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាអ្នកទទួលខុសត្រូវរួមសម្រាប់ដំណើការនៃអង្គសិក្ខាសាលា។

ឯកឧត្ដម ប៉ែន ប្រាកដ អគ្គនាយរងនីតិកម្មនិងស្រាវជ្រាវ បានមានប្រសាសន៍រាយការណ៍ថា ជារួមការងារទាំងអស់ គឺបានត្រៀមរួចរាល់ស្ទើរតែ ទាំងស្រុង នៅសល់តែឯកសារសុន្ទរកថាមួយចំនួនតូចប៉ុណ្ណោះ ដែលនឹងរៀបចំឲ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃពុធសប្តាហ៍នេះ។

ឯកឧត្តម សុន ឆ័យ បានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីឲ្យដំណើរការសិក្ខាសាលានាពេលនោះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ ឯកឧត្ដមបាន ស្នើឲ្យគ្រប់ផ្នែកទាំងអស់ ត្រូវតែត្រៀមខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។ ម្យ៉ាងទៀត ក្រុមការងារទាំងអស់ ត្រូវចូលរួមប្រជុំនៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដើម្បីត្រួតពិនិត្យការរៀបចំការងារជាលើកចុងក្រោយម្ដងទៀត។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh