ថ្ងៃ អង្គារ ទី 28 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៧ » សកម្មភាព » ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ កោតសរសើរការខិតខំអភិវឌ្ឍន៍ខេត្តប៉ៃលិនដែលធ្លាប់ខ្ទេចខ្ទាំដោយសង្គ្រាម ឲ្យប្រែក្លាយទៅជាខេត្តមានទេសភាពស្រស់បំព្រងគួរជាទីមោទនៈ
ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ កោតសរសើរការខិតខំអភិវឌ្ឍន៍ខេត្តប៉ៃលិនដែលធ្លាប់ខ្ទេចខ្ទាំដោយសង្គ្រាម ឲ្យប្រែក្លាយទៅជាខេត្តមានទេសភាពស្រស់បំព្រងគួរជាទីមោទនៈ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/23/2017 2:01:00 AM )

បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅខេត្តកំពង់ឆ្នាំង គណៈប្រតិភូគណៈកម្មការអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា​ ដឹកនាំដោយ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការ បានបន្តដំណើរទៅកាន់ខេត្តប៉ៃលិន នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ឯកឧត្តម អៀង វុធ អភិបាលស្ដីទីខេត្តប៉ៃលិន និងលោក លោកស្រី ជាប្រធានមន្ទីរជំនាញពាក់ព័ន្ធ បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាពីសកម្មភាព ការងារទូទៅនៅក្នុងខេត្ត និងការខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ ដោយខេត្តបានគោរពទៅតាមគោលនយោបាយ គោលការណ៍គ្រឹះទាំង១១ ចំណុច និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដើម្បីធានាអោយមានកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្តស្តីទី ក៏បានជម្រាបជូនពីលទ្ធផលការងារទាក់ទងនឹងវិស័យអប់រំ វិស័យធម្មការនិងសាសនា វិស័យវប្បធម៌ និងវិស័យទេសចរណ៍ ដែលជាវិស័យពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការនៅក្នុងខេត្តប៉ៃលិននេះ ថាកំពុងមានការវិវត្តន៍រីកចម្រើនជាលំដាប់។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងបានឃើញផ្ទាល់ភ្នែកពីហេដ្ឋារចនាសម្ព័ន្ធនានា ដែលកំពុងមានការរីកចម្រើននៅក្នុងខេត្ត ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈប្រតិភូ បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារអភិវឌ្ឍន៍មូលដ្ឋានខេត្តប៉ៃលិន ដែលពីមុនមកខេត្តនេះ ធ្លាប់បានឆ្លងកាត់សង្គ្រាមខ្ទេចខ្ទាំខូចខាតស្ទើរទាំងស្រុង អោយប្រែក្លាយទៅជាខេត្តមួយ មានទេសភាពស្រស់បំព្រងគួរជាទី មោទនៈ។

ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានថ្លែងគាំទ្រចំពោះ ឯកឧត្តមអភិបាលខេត្តស្តីទី ដែលបានលើកឡើង ពីទស្សនៈបង្រួបបង្រួម ផ្សះផ្សាជាតិ ការការពារ ទឹកដី ការពារវប្បធម៌ ប្រពៃណីជាតិ សម្រាប់កូនចៅជំនាន់ក្រោយ។ ដោយឡែកបញ្ហាប្រឈមដែលខេត្តបានលើកឡើង ឯកឧត្តមប្រធាន សន្យាថានឹង នាំយកទៅជម្រាបជូន សម្តេចប្រធានរដ្ឋសភាបានជ្រាប ក៏ដូចជាយកទៅពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរកមធ្យោបាយដោះស្រាយ។

បន្ទាប់ពីបាន បញ្ចប់កិច្ចពិភាក្សានៅសាលាខេត្ត គណៈប្រតិភូបាន អញ្ជើញទៅពិនិត្យនៅតាមមន្ទីរពាក់ព័ន្ធនីមួយៗ ដើម្បីធ្វើការសិក្សា ស្វែងយល់ ជាក់ស្ដែងនៅនឹងកន្លែង។ ដោយឡែកនៅរសៀលថ្ងៃដដែលនេះដែរ គណៈប្រតិភូក៏បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវប្បធម៌ ភ្នំយ៉ាត និងរមណីយដ្ឋានទឹកធ្លាក់ក្បាលអូរតាវ៉ៅផងដែរ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh