ថ្ងៃ អង្គារ ទី 28 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានរដ្ឋឡាវ៖ ភ្នំពេញអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ មានអគារខ្ពស់ៗ ជីវភាពពលរដ្ឋរីកចម្រើន (Video Inside)
ប្រធានរដ្ឋឡាវ៖ ភ្នំពេញអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ មានអគារខ្ពស់ៗ ជីវភាពពលរដ្ឋរីកចម្រើន (Video Inside)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/22/2017 3:04:32 AM )

នៅពេលអញ្ជើញ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៊ុនញុំាង វ៉ូរ៉ាជិត អគ្គលេខាធិការ​បក្ស និងជា ប្រធានរដ្ឋនៃ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​​​ប្រជា​មានិត​ឡាវ បានចូលជួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយនៅក្នុងឱកាសនោះ ឯកឧត្តមបាន អបអរសាទរ ជាមួយសម្តេចប្រធានរដ្ឋសភា ពីការរីកចម្រើនគួរឲ្យកត់សម្គាល់របស់រាជធានីភ្នំពេញ ដែលជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមប្រធានរដ្ឋបានលើកឡើងថា ការអញ្ជើញមកដល់កម្ពុជានាឱកាសនេះ ឯកឧត្តមនិងគណៈប្រតិភូ មានក្តីរីករាយយ៉ាងខ្លំាង ដោយបានឃើញ ការរីកចម្រើនរបស់រាជធានីភ្នំពេញ។ ភ្នំពេញមានអគារខ្ពស់ៗព្រោងព្រាត ហើយបើពិនិត្យមើលប្រាក់ចំណូលរបស់ពលរដ្ឋ គឺមានការកើនឡើង ពិសេស កំណើនសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងរង្វង់៧%។

“ការរីកចម្រើនរបស់កម្ពុជា គឺជាសញ្ញាល្អណាស់ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសយើងទំាងពីរ ដែលជាបងប្អូន នឹងគ្នានោះ។ យើងខ្ញុំសប្បាយរីករាយ និងចូលរួមអបអរសាទរ ជាមួយប្រជាជនកម្ពុជា” ឯកឧត្តមប្រធានរដ្ឋ បានគូសបញ្ជាក់ ជាមួយក្តីរីករាយយ៉ាង ក្រៃលែង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានរដ្ឋ និងគណៈប្រតិភូនៅកម្ពុជា ក្នុងឱកាសនេះ។ សម្តេចបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាកិត្តិយស និងមាន​អត្ថន័យជាប្រវត្តិសាស្រ្ត សម្រាប់ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាជនកម្ពុជា ដែលបានឆ្លុះ​បញ្ចាំងយ៉ាងមុតមាំពីទំនាក់ទំនងចំណង​​មិត្តភាពជាប្រពៃណី និង​​កិច្ចសហ​ប្រតិបត្តិការស្អិតរមួតរវាងកម្ពុជា-ឡាវ ដែលមាន យូរលង់មកហើយឲ្យ​កាន់​តែរឹងមាំ ស្ថិតស្ថេរ​គង់វង្សយូរអង្វែង។

ក្នុងនាមប្រធានរដ្ឋសភា សម្តេចបាន សម្តែងក្តីសោមនស្សរីករាយ ដោយសង្កេតឃើញ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្លាស់ប្តូរទស្សនកិច្ចរវាងគ្នា យ៉ាងមមាញឹក ចាប់តាំងពីថ្នាក់​ដឹក​នាំ​កំពូល រហូតដល់ថ្នាក់មូលដ្ឋាន នៃប្រទេសទំាងពីរ។ សម្តេចគូសបញ្ជាក់ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញ ទៅមកទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនោះ បានបង្ហាញពី​ទំនាក់​ទំនងស្អិតរមួត មិត្តភាព សាមគ្គីភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ រវាងប្រទេសយើង​ទំាងពីរ កម្ពុជា​-​ឡាវ ជា​បងប្អូន ត្រូវបានពង្រឹងនិងពង្រីក។

សម្តេចចក្រីបានគូសបញ្ជាក់ថា “អ្វីដែលថ្នាក់ដឹកនាំជំនាន់យើងត្រូវខិតខំបន្ត គឺធ្វើយ៉ាងណាពិនិត្យរួមគ្នា ដើម្បីជម្រុញដោះស្រាយបញ្ចប់ ឲ្យបានឆាប់ នូវការបោះបង្គោលកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសយើងទំាងពីរ ប្រែក្លាយជាព្រំដែន មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សម្រាប់ជាមរតកដល់កូនចៅជំនាន់ក្រោយ”។

ឯកឧត្តម ប៊ុនញុំាង វ៉ូរ៉ាជិត បានគំាទ្រ ប្រសាសន៍លើកឡើង របស់សម្តេចប្រធានរដ្ឋសភា។ ជាមួយគ្នានេះ ឯកឧត្តមក៏បាន ជម្រាបសម្តេចចក្រី ពីស្ថានការណ៍នៅប្រទេស ពិសេសនៅក្នុងរយៈពេល១ឆ្នាំ បន្ទាប់ពីប្រទេសបានជ្រើសតាំងថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ខ្លួន ពោលឃើញថា ឡាវក៏ មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ដែរ ប៉ុន្តែកំណើនសេដ្ឋកិច្ច គឺនៅក្នុងរង្វង់៦,៩%។

ឯកឧត្តមប្រធានរដ្ឋបានគោរពអញ្ជើញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅ ប្រទេសឡាវ តាមពេលសមស្របណាមួយ។ សម្តេចបានទទួលយកសំណើគោរពអញ្ជើញនេះ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៊ុនញុំាង វ៉ូរ៉ាជិត ប្រធានរដ្ឋ នៃ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​​​ប្រជា​មានិត​ឡាវ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចំនួនពីរថ្ងៃ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh